កូរ៉េខាងត្បូង៖ ក្រសួងដែនសមុទ្រកូរ៉េខាងត្បូង គ្រោងនឹងរៀបចំប្រតិបត្តិការរួមគ្នាជាមួយអជ្ញាធរភាគីចិនដើម្បីទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ក្នុងដែនសមុទ្រលឿង ដែលជាដែនសមុទ្ររួមគ្នារវាងកូរ៉េខាងត្បូង និងចិន នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times នៅថ្ងៃអង្គារទី២០ មេសានេះ។
អជ្ញាធរគ្រប់គ្រងលើការនេសាទនៃប្រទេសទាំងពីរ នឹងធ្វើប្រតិបត្តិការចុះពិនិត្យរួមគ្នាលើដែនសមុទ្រលឿង ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យសប្តាហ៍នេះ នេះបើតាមការលើកឡើងរបស់ក្រសួងដែនសមុទ្រ និងនេសាទកូរ៉េខាងត្បូង។ ក្រោមផែនការនៃការធ្វើប្រតិបត្តិការរួមគ្នានេះ កូរ៉េខាងត្បូងនឹងបញ្ជូននាវាល្បាតរបស់ខ្លួនធំ១គ្រឿង ខណៈដែលសមភាគីចិនក៏នឹងបញ្ជូននាវាល្បាតធុនធំរបស់ខ្លួន១គ្រឿងផងដែរ ដើម្បីធ្វើការពិនិត្យលើប្រតិបត្តិការនេសាទក្នុងដែនសមុទ្រនេះ។
សកម្មភាពនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងអជ្ញាធរទាំងពីរ ដែលក្នុងនោះរួមមានទាំងការដាក់ចេញនូវសកម្មភាពតាមការទូតនានាផងដែរ ដើម្បីទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ពីសំណាក់ទូកនេសាទរបស់ចិន ដើម្បីជាវិធានការការពារដល់ធនធានដែនសមុទ្ររបស់ប្រទេសទាំងពីរ។
ប្រតិបត្តិការរួមគ្នាក្នុងការទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់នេះ ត្រូវបានភាគីទាំងពីរអនុវត្តតាំងពីឆ្នាំ២០១៤មកម្លេះ ហើយគិតមកដល់បច្ចុប្បន្ននេះមានទូកនេសាទខុសច្បាប់របស់អ្នកនេសាទចិនដល់ទៅ ៣១គ្រឿងហើយ ត្រូវបានចាប់បានក្នុងប្រតិបត្តិការនេះ។