កូរ៉េខាងត្បូង៖ វ៉ាក់សាំងកូវីដរបស់ AstraZeneca ៧លានដូស សម្រាប់មនុស្ស ៣.៥លាននាក់ទៀត នឹងត្រូវដឹកមកដល់កូរ៉េខាងត្បូងក្នុងចន្លោះខែឧសភា និងមិថុនាខាងមុខនេះ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅល្ងាចថ្ងៃចន្ទនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
វ៉ាក់សាំងកូវីដរបស់ AstraZeneca នេះចំនួន២លានដូស សម្រាប់មនុស្ស១លាននាក់នឹងត្រូវដឹកមកដល់នៅក្នុងខែឧសភា ខណៈវ៉ាក់សាំងចំនួន៥លានដូស សម្រាប់មនុស្ស២.៥លាននាក់ទៀតនឹងត្រូវដឹកមកដល់កូរ៉េខាងត្បូងក្នុងអំឡុងខែមិថុនាខាងមុខនេះ។ វ៉ាក់សាំងដឹកមកដល់ជើងនេះ គឺជាជើងដំបូងនៃវ៉ាក់សាំង AstraZeneca ដែលកូរ៉េខាងត្បូងបានបញ្ជាទិញពីក្រុមហ៊ុនផ្ទាល់ដែលមានដល់ចំនួន ២០លានដូស សម្រាប់មនុស្ស១០លាននាក់។
វ៉ាក់សាំងដែលនឹងដឹកមកដល់នេះ នឹងត្រូវរៀបចំចាក់ជូនប្រជាជនកូរ៉េខាងត្បូងទៅតាមការចាត់ចែងរបស់អជ្ញាធរសុខាភិបាលឱ្យបានលឿន ដើម្បីអាចសម្រេចបានទៅតាមផែនការមេ ដែលគ្រោងនឹងចាក់វ៉ាក់សាំងកូវីដជូនប្រជាជនឱ្យបានដល់ ១២លាននាក់ ត្រឹមចុងខែមិថុនាខាងមុខនេះ។
យ៉ាងណាដែរ ថ្មីៗនេះអជ្ញាធរកូរ៉េខាងត្បូងបានបង្ហាញក្តីបារម្ភចំពោះភាពយឺតយ៉ាវនៃការផ្គត់ផ្គង់វ៉ាក់សាំងកូវីដទៅតាមផែនការកំណត់នៃការបញ្ជាទិញ និងការផ្តល់ឱ្យពីសំណាក់មូលនិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ក៏ដោយសារតែតម្រូវការនៃវ៉ាក់សាំងទូទាំងពិភពលោកមានការកើនឡើងខ្លាំង ហើយក្រុមហ៊ុនផលិតមានបញ្ហាលើការផលិតផង និងផ្គត់ផ្គង់ផងដែលនាំឱ្យមានការយឺតយ៉ាវបន្តៗគ្នា។ ក្នុងនោះដែរ វ៉ាក់សាំងកូវីដមួយចំនួនដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson’s Janssen និងរបស់ក្រុមហ៊ុន AstraZeneca នេះផង សុទ្ធតែមានបញ្ហាត្រូវដោះស្រាយទាក់ទងទៅនឹងក្តីបារម្ភពីសុវត្ថិភាពនៃផលិតផលវ៉ាក់សាំងរបស់ខ្លួន ដែលកន្លងមកបាននាំឱ្យមានកើតករណីកកដុំឈាមផងដែរ។
សូមបញ្ជាក់ថា ថ្មីៗនេះអជ្ញាធរកូរ៉េខាងត្បូងបានកំណត់បន្តចាក់វ៉ាក់សាំងកូវីដ AstraZeneca ជូនប្រជាជនខ្លួនវិញ ពីអាយុ៣០ឆ្នាំឡើងទៅ ដោយបារម្ភលើផលប៉ះពាល់នៃវ៉ាក់សាំងចំពោះអ្នកដែលមានអាយុក្រោម ៣០ឆ្នាំ។
សម្រាប់វ៉ាក់សាំង Johnson & Johnson’s Janssen កូរ៉េខាងត្បូងគ្រោងនឹងទទួលការផ្គត់ផ្គង់៦លានដូស ក្នុងត្រីមាសទី៣ខាងមុខផងដែរ តែសម្រាប់បច្ចុប្បន្នក្រុមហ៊ុននេះមានបញ្ហាលើការផ្គត់ផ្គង់ដោយសារតែអជ្ញាធរសុខាភិបាលអាម៉េរិកបានប្រកាសផ្អាកចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះជាបណ្តោះអាសន្នផងដែរ។ ការវិវត្តថ្មីនេះ ក៏អាចនឹងជះឥទ្ធិពលទៅលើការផ្គត់ផ្គង់ដល់កូរ៉េខាងត្បូងនាពេលខាងមុខផងដែរ។
គិតមកដល់ថ្ងៃនេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនបានដល់ ១,៥១៧,៣៩០ននាក់ ដែលក្នុងនោះ ១,០០០,២៥៨ នាក់បានទទួលវ៉ាក់សាំងកូវីដ AstraZeneca និងមនុស្ស ៥១៧,១៣២នាក់បានទទួលវ៉ាក់សាំងកូវីដរបស់ Pfizer ហើយមនុស្សចំនួន ៦០,៥៨៥នាក់ បានទទួលវ៉ាក់សាំងកូវីដចំនួនពីរដូសតាមការកំណត់។