ចែករំលែក! ច្បាប់ថ្មីកូរ៉េ នឹងផ្តល់ទិដ្ឋាការស្របច្បាប់បណ្តោះអាសន្ន ដល់កុមារដែលបានកើត និងរស់នៅខុសច្បាប់ក្នុងប្រទេសកូរ៉េយ៉ាងហោច ១៥ឆ្នាំ

កូរ៉េខាងត្បូង៖ កុមារខុសច្បាប់ដែលបានកើត និងបានរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេលជាង ១៥ ឆ្នាំ នឹងត្រូវបានផ្តល់ការអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលស្គាល់សិទ្ធិជាមូលដ្ឋាន និងស្មើភាពគ្នា និងសេចក្តីថ្លៃថ្នូររបស់ពួកគេ នេះបើតាមប្រកាសរបស់ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Korea Times និងការចែករំលែកក្នុងទំព័រហ្វេសប៊ុក Meng Costa page បំណងល្អពីខ្ញុំ។

គោលនយោបាយនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទនេះទៅ ដែលនឹងមានសុពលភាពលើកុមារដែលរស់នៅខុសច្បាប់ និងដែលបានបញ្ចប់ការសិក្សានៅបឋមសិក្សាមុនថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២១ ហើយបានរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានយ៉ាងហោចណាស់ ១៥ឆ្នាំ។ សម្រាប់កុមារថ្នាក់អនុវិទ្យាល័យ ឬវិទ្យាល័យ នឹងត្រូវបានផ្តល់ទិដ្ឋាការប្រភេទ D-4 ដើម្បីអាចរស់នៅក្នុងប្រទេសកូរ៉េដល់បញ្ចប់ការសិក្សា ហើយអ្នកដែលបានបញ្ចប់ការសិក្សានៅកម្រិតវិទ្យាល័យនឹងទទួលបាន ទិដ្ឋាការ G-1 ១ឆ្នាំម្តង ដើម្បីអាចត្រៀមខ្លួនសម្រាប់ការប្រឡងចូលថ្នាក់សាកលវិទ្យាល័យ​ និងការដាក់ពាក្យធ្វើការងារ។

ចំពោះឳពុកម្តាយរបស់កុមារដែលខុសច្បាប់ទាំងនេះ អាចបន្តស្នាក់នៅជាមួយកូនរបស់ខ្លួនរហូតដល់ពួកគេពេញវ័យ ហើយនៅពេលដែលកុមារទាំងអស់ពេញវ័យហើយ ទាំងឳពុកម្តាយ និងកុមារគួរស្ម័គ្រចិត្តចាកចេញពីកូរ៉េខាតត្បូង។ គោលនយោបាយនេះនឹងត្រូវអនុវត្តបណ្តោះអាសន្នរហូតត្រឹមដល់ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ ២០២៥ ដែលការកម្រិតត្រឹមឆ្នាំ២០២៥នេះ គឺដាក់ចេញក្នុងគោលបំណងបង្ការមិនឱ្យគេអាចយកច្បាប់នេះដើម្បីជាកេងចំណេញសម្រាប់ការលួចស្នាក់នៅខុសច្បាប់ក្នុងប្រទេសកូរ៉េ។

អ្នកដែលទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះគួរតែចូលរៀន​ ហើយគោរពតាមច្បាប់ក្នុងតំបន់​ ហេីយការអនុញ្ញាតអាចត្រូវបានដកហូតដោយក្រសួងប្រសិនល្មេីស​។ បើតាមក្រសួងយុត្តិធម៌កូរ៉េខាងត្បូង គេរំពឹងថានឹងមានកុមារពី ១០០ ទៅ ៥០០នាក់ ដែលនឹងត្រូវទទួលបានអត្ថប្រយោជន៍តាមការកំណត់ក្នុងគោលនយោបាយនេះ។

Leave a Reply

Your email address will not be published. Required fields are marked *