អង្គការ HRD Korea ស្នើពលករខ្មែរយើងត្រូវមកកូរ៉េខាងត្បូង ដែលតម្រូវឱ្យមានលិខិតចត្តាឡីស័កនោះ សូមពន្យារជើងហោះហើរសិន ក្នុងពេលបិទខ្ទប់ភ្នំពេញ

ភ្នំពេញ៖ តាមរយៈសេចក្តីជូនដំណឹងថ្មីពីអង្គការអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD Korea) ទីស្នាក់ការនៅភ្នំពេញ បានស្នើឱ្យបងប្អូនពលករខ្មែរ ដែលនឹងត្រូវធ្វើដំណើរទៅកូរ៉េខាងត្បូងនាពេលខាងមុខនេះ គួរពន្យារជើងហោះហើររបស់ខ្លួនមួយរយៈសិន។

ក្នុងសេចក្តីជូនដំណឹងនេះ អង្គការ HRD Korea បានជម្រាបជូនដល់បងប្អូនពលករ-ពលការិនីឱ្យបានជ្រាបថា ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ បុគ្គលិកមជ្ឈមណ្ឌលមិនអាចធ្វើដំណើរទៅកាន់ការិយាល័យធ្វើការរបស់ខ្លួនបាននោះទេ ជាហេតុដែលនាំឱ្យមានការមិនអាចចេញលិខិតបញ្ជាក់ចត្តាឡីស័កដល់បងប្អូនពលករ-ពលការិនីខ្មែរយើងដែលត្រូវទៅប្រទេសកូរ៉េខាងត្បូងបានទេ។

អាស្រ័យហេតុនេះ មជ្ឈមណ្ឌលបានស្នើឱ្យបងប្អូនពលករ-ពលការិនីពន្យារសំបុត្រយន្តហោះចូលទៅប្រទេសកូរ៉េមួយរយៈពេលសិន។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបិទខ្ទប់ភូមិសាស្រ្តទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីព្យាយាមកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ខណៈដែលករណីនៃចំនួនឆ្លងកូវីដថ្មីនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនគឺចេញពីទីក្រុងភ្នំពេញ មានការកើនឡើងខ្លាំងគួរឱ្យបារម្ភបំផុតនោះ។ ក្នុងនោះដែរ រដ្ឋាភិបាលបានតម្រូវឱ្យមានត្រឹមតែអ្នកមកបំពេញការងារបានត្រឹមតែ ២% ប៉ុណ្ណោះ តាមក្រសួងស្ថាប័នរដ្ឋ និងបណ្តាក្រុមហ៊ុន រោងចក្រដែល​ត្រូវបានអនុញ្ញាតតាមរយៈអនុក្រឹត្យណែនាំរបស់រដ្ឋាភិបាល។

Leave a Reply

Your email address will not be published. Required fields are marked *