កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងបើកអនុញ្ញាតឱ្យព្រលានយន្តហោះធំៗក្នុងស្រុក ៣ ថែមទៀត អាចប្រតិបត្តិការជើងហោះហើរ “គ្មានទិសដៅ” ដើម្បីជាវិធានការថ្មីផ្តល់នូវឱកាសឱ្យអ្នកធ្វើដំណើរអាចទទួលយកបទពិសោធន៍ហោះហើរបាន និងជួយដល់សេដ្ឋកិច្ចនៃបណ្តាក្រុមហ៊ុនអាកាសចរ ក្នុងអំឡុងពេលនៃវិបត្តិកូវីដនេះ បើតាមការបញ្ជាក់របស់ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា ជើងហោះហើរ “គ្មានទិសដៅ” សំដៅដល់ការចេញហោះហើរសម្រាប់ភ្ញៀវដែលចង់ទទួលបានបទពិសោធន៍ហោះហើរ ដោយមិនមានការចុះចតនៅគោលដៅទីតាំងណាមួយផ្សេងនោះទេ គឺគ្រាន់តែហោះហើរលើអាកាសមួយជុំ ហើយត្រឡប់មកព្រលានយន្តហោះដើមវិញ ដែលមាន័យថាអតិថិជនអាចហោះហើរបានក្នុងលក្ខណៈកំសាន្ត និងទទួលបានបទពិសោធន៍ហោះហើរ ដោយមិនចាំបាច់ប្រឈមនឹងជំងឺកូវីដ-១៩។
ក្នុងជើងហោះហើរនេះ ក្រុមហ៊ុនអាកាសចរក៏មាននូវការលក់ឥវ៉ាន់ផ្សេងៗ ដែលរួចពន្ធដូចទៅនឹងជើងហោះហើរធម្មតាដែរ ដែលនេះជាផ្នែកមួយជួយទ្រទ្រង់ដល់ចំណូលរបស់ក្រុមហ៊ុនអាកាសចរ ខណៈដែលជើងហោះហើរពិតប្រាកដនៅតែមានការរឹតត្បិតច្រើននៅឡើយនោះ។
តាមការប្រកាសនេះ ចាប់ពីខែឧសភាខាងមុខនេះទៅ ព្រលានយន្តហោះក្នុងស្រុក៣ទៀតនឹងអាចហោះហើរដូចនេះបានដែរ មានដូចជាព្រលានយន្តហោះគីមផូ នៅភាគខាងត្បូងទីក្រុងសេអ៊ូល ព្រលានយន្តហោះដេហ្គូ និងព្រលានយន្តហោះគីមហេ ខណៈដែលបច្ចុប្បន្ននេះមានតែព្រលានយន្តហោះអន្តរជាតិអ៊ីនឆន់មួយប៉ុណ្ណោះ ដែលមាននូវសេវាកម្មជើងហោះហើរ “គ្មានទិសដៅ” បែបនេះ។
ជើងហោះហើរ “គ្មានទិសដៅ” ជាគំនិតផ្តួចផ្តើមថ្មីអនុវត្តមុនគេដោយក្រុមហ៊ុនអាកាសចរ Asiana Airlines Inc កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ខណៈដែលរលកនៃជំងឺកូវីដកំពុងតែវាយលុកខ្លាំង។ ចាប់តាំងពីពេលនោះមក ឥឡូវនេះមានក្រុមហ៊ុនអាកាសចរចំនួន ៧ ហើយ ដែលបានប្រតិបត្តិជើងហោះហើរបែបនេះ ចំនួន ៧៥ ជើងហោះហើរ និងមានភ្ញៀវអតិថិជនជិះចំនួនជាង ៨ពាន់នាក់ផងដែរ បើតាមការបញ្ជាក់របស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង។