កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ AstraZeneca ជូនដល់មន្ត្រីសុខាភិបាល និងអ្នកបម្រើការក្នុងវិស័យអាកាសចរ ចាប់ពីថ្ងៃចន្ទស្អែកនេះទៅ បើតាមការបញ្ជាក់របស់អជ្ញាធរ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃអាទិត្យនេះ។
មន្ត្រីសុខាភិបាលមើលថែទាំលើជនចាស់ជរា និងជនពិការ និងអ្នកធ្វើការក្នុងវិស័យអាកាសចរ នឹងត្រូវទទួលបានវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca ចាប់ពីថ្ងៃចន្ទទី២៦ មេសា ២០២១ស្អែកនេះទៅ ហើយក្នុងនោះទៅតាមវិធានការរបស់អជ្ញាធរសុខាភិបាលកូរ៉េ អ្នកដែលជាជនអាទិភាពថ្មីនេះ មានអាយុក្រោម៣០ឆ្នាំ នឹងមិនអាចទទួលវ៉ាក់សាំងកូវីដរបស់ AstraZeneca នេះទេ ដើម្បីបង្ការផលប៉ះពាល់សុខភាពនានា។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កូរ៉េខាងត្បូងបានកំពុងបន្តកម្មវិធីចាក់វ៉ាក់សាំងកូវីដ ដែលមានវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca និងរបស់ក្រុមហ៊ុន Pfizer ត្រូវបានផ្តល់ជូននៅទីតាំងចាក់វ៉ាក់សាំងចំនួន ១៧៥ ទីតាំងទូទាំងប្រទេស ដែលអាចមានសមត្ថភាពផ្តល់វ៉ាក់សាំងបានចំនួន ១០៥,០០០ ដូសក្នុងមួយថ្ងៃ។
គិតមកដល់ថ្ងៃអាទិត្យទី២៥ ខែមេសានេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួនដល់ចំនួន ១,៥១២,៥០៣នាក់ហើយ។