កាក់សេន៖ “កូនឯងធ្វើការ រកស៊ីប៉ុន្មានឆ្នាំម៉ោនេះ សល់បានអីខ្លះហើយ?” អីយ៉ាស់! ម៉ាក់ទាមទារឱ្យប្រកាស ទ្រព្យសម្បតិ្តហើយតើនេះ! គិតចុះគិតឡើងទៅ ធ្វើមុខជូរ ឆ្លើយតបនឹងសំណួរម៉ាក់មិនរួច ព្រោះរកនឹក រាប់ម្រាមដៃចុះឡើងទៅដូចជាមានតែម៉ូតូមួយ (ជួនកាលលុយម៉ាក់ជាអ្នកទិញឱ្យទៀត) ទូរសព្ទមួយគ្រឿង ចិញ្ជៀនមួយវង់ និងខ្សែកមួយខ្សែ (ក៏បានពីម៉ាក់ឱ្យដែរ) លុយក្នុងកុងធនាគារ (៣ដុល្លារ ព្រោះ រាល់ចុងខែ ពេលដែលប្រាក់ខែវេរចូល មិនដែលទុកឱ្យផុតថ្ងៃទី១ ដែលលុយចូលនោះទេ)។ យើងអាចនឹងធុញទ្រាន់ដែលត្រូវស្ដាប់សំណួរ និងការណែនាំរបស់គាត់ម្ដងហើយ ម្ដងទៀត។ ប៉ុន្តែតាម ការពិត គាត់ធ្វើបែបនេះ គឺដោយសារគាត់ស្រឡាញ់ និងបារម្ភពីយើងប៉ុណ្ណោះ។ តោះ! ឥឡូវយើងសាកល្បងលើកយកយោបល់របស់គាត់មក សិក្សាសាកមើល៍ថា តើការមានគូស្រករពិតជាអាចជួយឱ្យយើង សល់លុយមែនទេ?
ខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួន ដែលការមានដៃគូជីវិត (ដែលយើងហៅថាគូស្រករនោះ) អាចជួយដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់យើង៖
១.អារម្មណ៍ទទួលខុសត្រូវ
ពេលយើងនៅម្នាក់ឯង (ចាស់ៗច្រើនប្រើពាក្យថា ខ្លួនមួយ) យើងអាចផ្ដោតតែទៅលើការទំនុកបម្រុង ការចាយវាយ ខ្លួនឯង ឬគ្នាយើងខ្លះ អាចត្រូវផ្គត់ផ្គង់គ្រួសារ និងប្អូនៗ។ ប៉ុន្តែយើងអាចមិនមានបន្ទុកត្រូវ ខ្វាយខ្វល់រឿងមួយចំនួនដូចជាត្រូវមានផ្ទះជារបស់ខ្លួនឯងមួយសម្រាប់គ្រួសាររបស់ខ្លួននាពេលអនាគត ឬ ខ្វាយខ្វល់រឿងបង់ថ្លៃសាលាកូនរៀន ឬដំណើរកម្សាន្តសម្រាប់ប្ដី/ប្រពន្ធ កូន នោះទេ (ព្រោះមិនទាន់ មាន)។ ការមានគូស្រករបង្កើតអារម្មណ៍ទទួលខុសត្រូវមួយ ថាយើងមានមនុស្សដែលត្រូវមើលថែ ដែលកិច្ចការទាំងនោះ ក៏មានតម្រូវការហិរញ្ញវត្ថុនៅក្នុងនោះដែរ។ អារម្មណ៍មួយនេះល្អត្រង់ណា? ល្អត្រង់វា ជួយឱ្យយើងមានមូលហេតុដែលត្រូវរៀនសន្សំលុយ (បើយើងនៅមិនទាន់ដឹងថាសន្សំលុយធ្វើអី) និង ជួយឱ្យយើងរៀនតាមដានការចាយវាយរបស់ខ្លួន ដោយផ្ដោតទៅលើការចំណាយចាំបាច់ (តម្រូវការ) ចៀសជាងចំណាយទៅលើចំណង់របស់យើង។
២.មានដៃគូជួយគិតគូរពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
បើយើងជួបគូស្រករដែលឱ្យតម្លៃចំណេះដឹង និងការគិតអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន សូមអបអរផង! គាត់នឹងក្លាយជាដៃគូដ៏ល្អរបស់យើង ក្នុងការរៀបចំផែនការ និងគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ។ មានដៃគូគំនិត ជួយ ឱ្យយើងមានកម្លាំង មានអ្នកជួយរៀបចំផែនការ ជួយគ្រប់គ្រងចំណូលចំណាយ ជួយរំឭកគ្នាទៅវិញទៅ មកពេលយើងចាយជ្រុលដៃម្ដងៗ ជួយពិចារណា និងសម្រេចចិត្ត (ឧ.ជួយបូកដកគុណចែកការប្រាក់ មុន សម្រេចចិត្តខ្ចីបុលធនាគារទិញផ្ទះ) និងជួយគិតដោះស្រាយពេលជួបបញ្ហាហិរញ្ញវត្ថុជាដើម។ ប៉ុន្តែនិយាយដល់ចំណុចនេះ មិនមែនមានន័យថា បើគាត់មិនទាន់គិតគូរដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួន មិនអាចយក គាត់ជាគូរនោះទេ។ ចំណេះដឹង និងការយកចិត្តទុកដាក់លើហិរញ្ញវត្ថុផ្ទាល់ខ្លួន អាចបណ្ដុះបណ្ដាលបាន ពេលដែលយើងចាប់ផ្ដើមយល់ពីភាពសំខាន់របស់វា។ ចំណុចទាំង២ខាងលើ ជាអត្ថប្រយោជន៍ផ្នែកចិត្តសាស្ត្រ។ ខាងក្រោមនេះ យើងនឹងបន្តសិក្សាពីអត្ថប្រយោជន៍នៃការមានគូស្រករដែលយើងអាចមើលឃើញជាក់ស្ដែងវិញម្ដង។
៣.បង្កើនឱកាសទទួលបានកម្ចីធនាគារ
ក្នុងករណីដែលទាំងស្វាមី និងភរិយា សុទ្ធតែមានប្រាក់ចំណូលនឹងនរ ប្រភពចំណូលទាំងពីរជួយបង្កើន ឱកាសដែលធនាគារព្រមផ្ដល់កម្ចីឱ្យអ្នក ជាពិសេសកម្ចីទំហំធំ ដែលជាធម្មតា ប្រាក់ចំណូលរបស់អ្នកតែ ម្ខាងពិបាកនឹងធ្វើឱ្យធនាគារជឿទុកចិត្តថាអ្នកអាចសងវិញបាន។ យ៉ាងណាមិញ យើងកុំភ្លេច ធនាគារក៏គិតដល់ពិន្ទុ credit score របស់អ្នកទាំងពីរផងដែរ (កាក់សេនធ្លាប់លើកចំណុចនេះមកសិក្សារួចហើយ អាចចូលមើលបាននៅទីនេះ https://www.facebook.com/kakcentkh/osts/258245572480441)។
អ្នកអាចមានចម្ងល់ថា ចុះក្រែងការរៀបការមានគូស្រករ មានកូន នឹងត្រូវមានចំណាយច្រើនមែនទេ? ត្រូវការមានផ្ទះ មានឡានជារបស់ខ្លួន ចំណាយលើអាហារ ខោអាវ ថ្លៃសាលាកូន ថ្លៃពេទ្យពេលកូនឈឺ ថ្លៃ ដើរលេងនោះអី? គ្រាន់តែឃើញច្រើនមុខយ៉ាងនេះ ចង់វិលមុខ។ នេះជាការពិត ការរៀបការមានគូស្រករមានតម្រូវការហិរញ្ញវត្ថុជាច្រើនជាប់មកជាមួយ ប៉ុន្តែបើយើងប្រៀបធៀបអត្ថប្រយោជន៍ និងចំណាយទាំងនេះ យើងនឹងឃើញថាការរៀបការមានគូស្រករ និងរក្សាចំណងអាពាហ៍ពិពាហ៍បានយូរ អង្វែងផ្ដល់ឱកាសឱ្យអ្នកឈានទៅរកសេរីភាពហិរញ្ញវត្ថុ នៅពេលដែលភាគីទាំងពីរសហការគ្នារៀបចំផែនការ និងគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារបានល្អ។ ចំពោះគោលការណ៍សំខាន់ៗនៃការគ្រប់គ្រង ហិរញ្ញវត្ថុជាលក្ខណៈគូស្រករ យើងអាចនឹងលើកមកសិក្សានៅក្នុងអត្ថបទក្រោយៗទៀត៕