៤ឆ្នាំចុងក្រោយនៅកូរ៉េខាងត្បូង ករណីបទល្មើសគ្រឿងញៀន ពាក់ព័ន្ធនឹងជនបរទេសកើនឡើងទ្វេដង ខណៈបទល្មើសឧក្រឹដ្ឋហឹង្សា មានការថយចុះវិញ

កូរ៉េខាងត្បូង៖ ចំនួននៃករណីបទល្មើសពាក់ព័ន្ធគ្រឿងញៀន ប្រព្រឹត្តិដោយជនបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងច្រើន លើសពីទ្វេដងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ខណៈដែលចំនួននៃករណីបទឧក្រឹដ្ឋហឹង្សានានា ប្រព្រឹត្តិដោយជនបរទេស មានការថយចុះវិញក្នុងរយៈពេលដូចគ្នានេះ បើតាមការលើកឡើងរបស់សមាជិកសភាកូរ៉េខាងត្បូងមួយរូប កាលពីថ្ងៃព្រហស្បត្តិ៍នេះ ចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

សមាជិកសភាពីគណបក្សអំណាចប្រជាជន ជាគណបក្សប្រឆាំងធំជាងគេនៅកូរ៉េ បានលើកយកទិន្នន័យដែលផ្តល់ដោយស្ថាប័នប៉ូលីសកូរ៉េមកបង្ហាញថា ចំនួនករណីបទឧក្រឹដ្ឋនានាដែលបានកើតឡើងពីសំណាក់ជនបរទេស រស់នៅក្នុងប្រទេសកូរ៉េក្នុងរយៈពេលបួនឆ្នាំចុងក្រោយពីឆ្នាំ ២០១៧ ដល់២០២០នេះ ដែលក្នុងឆ្នាំ២០១៧ មានករណីបទល្មើសចំនួន ៣៦,០៦៩ ករណី ឆ្នាំ២០១៨ មានករណីបទល្មើសចំនួន ៣៤,៨៣២ ករណី ឆ្នាំ២០១៩ មានករណីបទល្មើសចំនួន ៣៩,២៤៩ ករណី និងឆ្នាំ២០២០ មានករណីបទល្មើសចំនួន ៣៩,១៤០ ករណី។

ក្នុងនោះដែរ ករណីបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនដោយជនបរទេសបានកើតឡើងគុណនឹងពីរ ទ្វេដងក្នុងរយៈពេល៤ឆ្នាំចុងក្រោយ ពី ៦២០ ករណីក្នុងឆ្នាំ២០១៧ កើនដល់ ១,៤២៨ ករណីក្នុងឆ្នាំ២០២០។ ចំណែកឯករណីបទល្មើសពាក់ព័ន្ធការឆបោក និងបន្លំបានកើនជាង ៥៣% ដែរ ពីត្រឹម ៤,៥៧១ករណីឆ្នាំ២០១៧ ឡើងដល់ ៧,០០២ ករណីក្នុងឆ្នាំ២០២០។ រីឯករណីបទល្មើសឧក្រឹដ្ឋពាក់ព័ន្ធហឹង្សាវិញ បានថយចុះក្នុងរយៈពេល៤ឆ្នាំដូចគ្នានេះ ប្រៀបទៅនឹងបទល្មើសដទៃទៀត ដែលមានជនល្មើសជាជនបរទេសថយចុះពី ១០៦ នាក់ មកនៅត្រឹម ៨០នាក់ ប៉ុណ្ណោះក្នុងឆ្នាំ២០២០។

ចំពោះករណីនៃបទល្មើសនេះដែរ ចំនួននៃជនបរទេសដែលមានពាក់ព័ន្ធនឹងបទល្មើស ដែលបានកើនឡើងច្រើនជាងគេគឺជនជាតិវៀតណាម ដែលមានជនល្មើសកើនឡើងដល់ទៅ ៦៥% ពី ១,៨៧៧នាក់ក្នុងឆ្នាំ២០១៧ ឡើងដល់ ៣,‌១០២នាក់ក្នុងឆ្នាំ២០២០ ខណៈដែលជនល្មើសជាជនជាតិប៉ាគីស្ថានក៏មានការកើនឡើងខ្លាំងដែរ រហូតដល់ ៦២% ពី២៧៤​នាក់ ក្នុងឆ្នាំ២០១៧ កើនដល់ ៤៤៤នាក់ក្នុងឆ្នាំ២០២០។

Leave a Reply

Your email address will not be published. Required fields are marked *