ក្នុងឆ្នាំ២០២០ នៅកូរ៉េខាងត្បូងមាន ៨៨២ នាក់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ការងារ ភាគច្រើនអាយុលើសពី៦០ឆ្នាំឡើងទៅ ហើយ ៩៤នាក់ ជាពលករបរទេស

កូរ៉េខាងត្បូង៖ ទិន្នន័យបង្ហាញថាយ៉ាងហោចណាស់មនុស្ស ៤នាក់ ក្នុងចំណោម១០នាក់ ដែលបានបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ការងារឧស្សាហកម្មកាលពីឆ្នាំកន្លងទៅ មានអាយុ៦០ឆ្នាំឡើង នេះបើតាមការលើកឡើងរបស់ក្រសួងការងារកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមទិន្នន័យដែលចេញផ្សាយដោយក្រសួងការងារ និងពលករកូរ៉េនៅថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា កាលពីឆ្នាំ២០២០មានមនុស្ស៨៨២នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ការងារឧស្សាហកម្ម ដែលកើនឡើងចំនួន ២៧ករណី ប្រមាណ៣.២% ធៀបទៅនឹងឆ្នាំ២០១៩។ ក្នុងនោះ មានមនុស្សចាស់អាយុលើស ៦០ឆ្នាំ ចំនួន ៣៤៧ករណី (ប្រមាណ ៣៩.៣%) និងអ្នកអាយុ៥០ឆ្នាំ ចំនួន ២៩២ករណី អ្នកអាយុ៤០ឆ្នាំ ចំនួន ១៣៧ករណី អ្នកអាយុ ៣០ឆ្នាំ ចំនួន ៦៤ករណី និងអ្នកដែលមានអាយុចន្លោះពី១៨ ដល់២៩ឆ្នាំ ចំនួន ៤២ករណី។

ភាគច្រើនករណីបាត់បង់ជីវិតដោយគ្រោះថ្នាក់ការងារ ច្រើនកើតមានឡើងនៅតាមទីតាំងការដ្ឋាន ហើយដោយសារតែអាយុមធ្យមនៃអ្នកធ្វើការក្នុងវិស័យសំណង់កើនឡើង ដែលនាំឱ្យតួលេខនៃអ្នកដែលមានវ័យចំណាស់រងគ្រោះដោយសារតែគ្រោះថ្នាក់ការងារកើនឡើងច្រើនជាងគេ ធៀបទៅក្រុមអាយុក្មេងៗ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងជំនាញម្នាក់។

បើពិនិត្យទៅតាមប្រភេទឧស្សាហកម្មវិញ អ្នកគ្រោះថ្នាក់ការងារក្នុងវិស័យសំណង់មាន ៤៥៨ ករណីកាលពីឆ្នាំមុន ប្រមាណជាង ៥១.៩% នៃចំនួនករណីបាត់បង់ជីវិតសរុប ខណៈដែលឧស្សាហកម្មផលិតកម្មមានអ្នកបាត់បង់ជីវិត ២០១នាក់។ ហេតុផលនៃការបាត់បង់ជីវិតច្រើនជាងគេ គឺបណ្តាលមកពីការធ្លាក់ ចំនួន ៣២៨ករណី ការជាប់ក្នុងម៉ាស៊ីន ចំនួន ៩៨ករណី និងការប៉ះពាល់ទៅគ្រឿងផ្សេងៗ ចំនួន ៧២ករណី និងត្រូវបានបុកដោយគ្រឿងម៉ាស៊ីនផ្សេងៗ ចំនួន ៧១ករណី និងករណីដទៃទៀតៗ។

ក្នុងនោះដែរ គេសង្កេតឃើញថាមានដល់ទៅ ៨១% នៃករណីបាត់បង់ជីវិតកើតចេញពីប្រភេទឧស្សាហកម្មខ្នាតតូច ដែលមានអ្នកធ្វើការតិចជាង ៥០នាក់ ដែលក្នុង៨១% នៃករណីបាត់បង់ជីវិតនោះ មាន៤០២ករណី កើតឡើងក្នុងប្រភេទអាជីវកម្មខ្នាតមធ្យមមានអ្នកធ្វើការពី ៥ ទៅ៤៩នាក់ និងចំនួន ៣១២ករណី កើតចេញពីប្រភេទអាជីវកម្មខ្នាតតូចដែលមានកម្មការ ១នាក់ ទៅ៥នាក់។

ក្នុងចំណោមករណីបាត់បង់ជីវិតនៃអ្នកធ្វើការក្នុងវិស័យឧស្សាហកម្មនេះ មាន ៩៤នាក់ ជាពលករជនជាតិបរទេស ប្រមាណជា១០.៧% នៃករណីសរុប។

សូមបញ្ជាក់ថា ច្បាប់នៃគ្រោះថ្នាក់ការងារថ្មី នឹងអាចដាក់ទោសម្ចាស់អាជីវកម្ម ឬឧស្សាហកម្មដែលបណ្តាលឱ្យមានករណីគ្រោះថ្នាក់ការងារបែបនេះកើតឡើង ដោយសារតែកង្វះខាតវិធានការសុវត្ថិភាព ជាកំហុសរបស់ម្ចាស់អាជីវកម្ម ឬឧស្សាហកម្ម។ ក្នុងករណីបែបនេះ ម្ចាស់អាជីវកម្ម ឬឧស្សាហកម្មនឹងប្រឈមជាប់គុកពី១ឆ្នាំយ៉ាងតិច និងរងការផាកពិន័យដល់ទៅ ១ប៊ីលានវ៉ុន (ប្រមាណ ៨៩ម៉ឹនដុល្លារ)។

ក្រសួងការងារកូរ៉េខាងត្បូងក៏បានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២១នេះ គ្រោងនឹងធ្វើការកាត់បន្ថយចំនួនករណីបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ការងារក្នុងវិស័យឧស្សាហកម្មនេះឱ្យចុះមកនៅត្រឹមតែក្រោម ៧០៥ករណីវិញ គឺកាត់បន្ថយឱ្យបានយ៉ាងហោចណាស់ ២០%។

Leave a Reply

Your email address will not be published. Required fields are marked *