ព្យុះធូលីថ្មីទៀតមកពីវាលខ្សាច់នៃប្រទេសចិន និងម៉ុងហ្គោលី នឹងបក់មកដល់កូរ៉េខាងត្បូង នៅល្ងាចថ្ងៃសុក្រនេះហើយ និងបន្តរហូតដល់ប៉ុន្មានថ្ងៃទៀត

កូរ៉េខាងត្បូង៖ កម្រិតដង់ស៊ីតេនៃធូលី បណ្តាលមកពីព្យុះខ្សាច់នឹងកើនឡើងជាថ្មី​ដល់កម្រិត “អាក្រក់ខ្លាំង” នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ផ្សេងទៀតទូទាំងប្រទេសកូរ៉េខាងត្បូងជាថ្មី ចាប់ផ្តើមពីល្ងាចថ្ងៃសុក្រនេះហើយ  នេះបើតាមការប្រកាសរបស់ស្ថាប័នឧតុនិយមកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមរយៈការប្រកាសរបស់មជ្ឈមណ្ឌលព្យាករណ៍គុណភាពខ្យល់ នៃវិទ្យាស្ថានជាតិស្រាវជ្រាវអំពីបរិស្ថានកូរ៉េ បានឱ្យដឹងថា កម្រិត ដង់ស៊ីតេនៃធូលីដែលមានអង្កត់ផ្ចិតតូចជាង ១០មីក្រូម៉ែត្រ ដែលគេហៅថាសារធាតុ PM10 នឹងកើនដល់កម្រិត “អាក្រក់ខ្លាំង” នៅតំបន់សេអ៊ូល បណ្តាខេត្តភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសកូរ៉េ រួមទាំងខេត្តហ្គាងវ៉ុន និងខេត្តឈុងឈុង ចាប់ផ្តើមពីល្ងាចថ្ងៃសុក្រនេះទៅ។

ហើយចាប់ពីថ្ងៃសៅរ៍ស្អែកទៅ ទូទាំងប្រទេសកូរ៉េខាងត្បូងទាំងមូលនឹងត្រូវគ្របដណ្តប់ដោយព្យុះធូលីនេះ ដោយកម្រិត PM10 នឹងស្ថិតនៅកម្រិត “អាក្រក់ខ្លាំង” ដដែល។ តាមកម្រិតនៃដង់ស៊ីតេធូលីនៃសារធាតុ PM10 នេះ។  ត្រឹមកម្រិតពី ០ ដល់ ៣០មីក្រូក្រាម ជាកម្រិត “ល្អ” ហើយកម្រិតពី ៣១ ដល់ ៨០មីក្រូក្រាម ជាកម្រិត “ធម្មតា” ហើយកម្រិតពី ៨១ ដល់ ១៥០មីក្រូក្រាម ជាកម្រិត “អាក្រក់” រីឯកម្រិតពី ១៥០ឡើងទៅទៀត ជាកម្រិត “អាក្រក់ខ្លាំង”។

គិតត្រឹមម៉ោង១រសៀល (ម៉ោងនៅកូរ៉េ) កម្រិត PM10 ស្ថិតនៅកម្រិតជាមធ្យម ៤៤ មីក្រូក្រាមក្នុងមួយម៉ែតគូប នៅក្បែរទីក្រុងដេហ្គូ, ហើយ ៤០មីក្រូក្រាម ក្នុងខេត្តឃ្យ៉ុងគី និង​ ៣៩មីក្រូក្រាមនៅសេជុង និង ៣១មីក្រូក្រាមនៅតំបន់សេអ៊ូល។

អជ្ញាធរជំនាញបានបញ្ជាក់ទៀតថា កម្រិតសារធាតុ PM10 នេះ នឹងបន្តនៅក្នុងកម្រិត “អាក្រក់” ជាបន្តទៀតសឹងទូទាំងប្រទេសរហូតដល់ថ្ងៃពុធឯណោះ ដែលជាឥទ្ធិពលផ្ទាល់ពីព្យុះធូលីខ្សាច់ចេញពីវាលខ្សាច់នៅតំបន់ភាគខាងជើងប្រទេសចិន និងម៉ុងហ្គោលី។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងទើបនឹងរងនូវឥទ្ធិពលនៃព្យុះធូលីលឿងនេះកាលពីពីរសប្តាហ៍មុនផងដែរ បណ្តាលមកពីព្យុះធូលីខ្សាច់ចេញពីវាលខ្សាច់នៅតំបន់ភាគខាងជើងប្រទេសចិន និងម៉ុងហ្គោលីដូចគ្នា។

Leave a Reply

Your email address will not be published. Required fields are marked *