ប្រធានាធិបតីកូរ៉េខាងត្បូង គ្រោងនឹងជួបប្រជុំផ្ទាល់ជាមួយប្រធានាធិបតី ចូ បៃឌិន នៅចុងខែឧសភាខាងមុខ ខណៈបញ្ហាកូរ៉េខាងជើង នឹងជាប្រធានបទសំខាន់

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីងតោននៅចុងខែឧសភាខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយនឹងប្រធានាធិបតីអាម៉េរិកទើបនឹងចូលកាន់តំណែងថ្មី លោក ចូ បៃឌិន ជាជំនួបផ្ទាល់មុខដំបូងរវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ឆ្លើយតបទៅនឹងសំណើរអញ្ជើញពីសំណាក់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន លោកប្រធានាធិបតី មូន ជេអ៊ីន នឹងអញ្ជើញធ្វើទស្សនកិច្ចទៅទីក្រុងវ៉ាស៊ីងតោន ដើម្បីជួបពិភាក្សាគ្នាលើប្រធានបទសំខាន់ៗនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង។

ក្នុងចំណោមប្រធានបទដែលថ្នាក់ដឹកនាំកំពូលទាំងពីរនឹងលើកយកមកពិភាក្សា បញ្ហាសន្តិសុខនៃឧបទ្វីបកូរ៉េ ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងអាចជាប្រធានបទសំខាន់ជាងគេបំផុតមួយ។ គេរំពឹងថារដ្ឋបាលថ្មីនៃលោក ចូ បៃឌិន និងបញ្ចប់នូវពង្រាងយុទ្ធសាស្រ្តរបស់ខ្លួនលើបញ្ហាកូរ៉េខាងជើង ឱ្យបានមុនពេលដែលកិច្ចប្រជុំកំពូលនេះចាប់ផ្តើម ដើម្បីអាចឱ្យប្រធានាធិបតីទាំងពីរលើកយកនូវយុទ្ធសាស្រ្តថ្មីដ៏សំខាន់របស់អាម៉េរិកលើបញ្ហាកូរ៉េខាងជើងនេះ ដើម្បីទទួលបានធាតុចូល និងភ្លើងខៀវគាំទ្រពីសំណាក់សម្ព័ន្ធមិត្តកូរ៉េខាងត្បូង។

គេរំពឹងថាយុទ្ធសាស្រ្តដែលរដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិកដាក់ចេញពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើង នឹងមានការផ្លាស់ប្តូរពីយុទ្ធសាស្រ្តរបស់រដ្ឋបាលចាស់ លោក ដូណាល់ ត្រាំ ដែលបើទោះបីជាមានការរៀបចំនូវជំនួបកំពូលរវាងថ្នាក់ដឹកនាំអាម៉េរិក និងកូរ៉េខាងជើងប៉ុន្មានដងកន្លងមក លទ្ធផលនៅតែមិនទាន់មានជាផ្លែផ្កា។ ក្នុងនោះដែរ ក្រសួងរួបរួមជាតិកូរ៉េខាងត្បូងបានបង្ហាញនូវក្តីសង្ឃឹមផងដែរថា ជំនួបរវាងថ្នាក់ដឹកនាំកំពូលអាម៉េរិក និងកូរ៉េខាងត្បូងនេះ នឹងជួយឱ្យសម្ព័ន្ធមិត្តទាំងពីរអាចរកចំណុចកណ្តាលដែលចង់បាន ពាក់ព័ន្ធនឹងបញ្ហាឧបទ្វីបកូរ៉េ ជាពិសេសលើការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនេះឯង។

ភាគីទាំងពីរសម្រាប់បច្ចុប្បន្នកំពុងតែស្វែងរកកាលបរិច្ឆេទសមស្រប សម្រាប់ការរៀបចំនូវទស្សនកិច្ច និងជំនួបដ៏សំខាន់នេះឡើង។ សូមបញ្ជាក់ថា រដ្ឋបាលលោកចូ បៃឌិន ក៏កំពុងរៀបចំទទួលជំនួបកំពូលរវាងប្រធានាធិបតីអាម៉េរិក និងនាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃសុក្រនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *