ល្អណាស់! រោងម៉ាស៊ីនកិនស្រូវ ជា ហាប់ ប្រកាសលក់អង្ករ ៥០០ តោន តម្លៃក្រោមទីផ្សារ ចូលរួមនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទប់ការឡើងថ្លៃពីការបិទខ្ទប់ទីក្រុង ការពារកូវីដ

កម្ពុជា៖ កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក Galaxy Navatra Group បានប្រកាសស្វែងរករោងម៉ាស៊ីនកិនស្រូវណា ដែលមានបេះដូងជួយប្រជាជនក្នុងស្ថានភាពលំបាកនៃការបិទខ្ទប់ភូមិសាស្ត្រទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីធានាឱ្យផលិតផលអង្ករដែលជាទំនិញសំខាន់របស់ប្រជាជនកម្ពុជា មិនមានការតម្លើងថ្លៃដោយខូចខិលពីសំណាក់ជនខិលខូចក្នុងកាលៈទេសៈនេះ។

តាមរយៈគំនិតផ្តួចផ្តើមនេះ អ្នកឧកញ៉ាបានបញ្ជាក់ថានឹងទិញអង្ករចាប់ពី ១០០ តោន និងអាចដល់ ១០០០តោន ក្នុងតម្លៃពិសេសណាមួយ ទៅតាមតម្រូវការជាក់ស្ដែងរបស់ប្រជាជន មកលក់ជូនប្រជាជនវិញ ក្នុងតម្លៃដើម ដើម្បីទប់ទល់នឹងការឡើងថ្លៃខុសប្រក្រតី។

ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លានេះ មានបណ្តារោងម៉ាស៊ីនកិនស្រូវជាច្រើនបន្តបន្ទាប់បានឆ្លើយតបទៅនឹងសំណើរបស់អ្នកឧកញ៉ា ដែលក្នុងនោះរោងម៉ាស៊ីនកិនស្រូវ ជា ហាប់ (CHEA HAB RICE MILL) បានចូលរួមយ៉ាងសកម្មភ្លាមៗទៅនឹងសំណើផ្តួចផ្តើមរបស់អ្នកឧកញ៉ា ដោយបានប្រកាសថានឹងលក់អង្ករចំនួន ៥០០ តោន ជូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងតម្លៃសមរម្យក្រោមទីផ្សារ ដើម្បីអ្នកឧកញ៉ាបានយកចែក ឬលក់ជូនប្រជាជនក្នុងតម្លៃទាប ចែករំលែកការលំបាកប្រជាជន នាកាលៈទេសៈដ៏លំបាកកូវីដ-១៩ នេះ។ បើតាមការបញ្ជាក់បន្ថែម រោងម៉ាសុីនកិនស្រូវ ជា ហាប់ នឹងផ្គត់ផ្គង់អង្ករថែមចំនួន ៥០០តោន ប្រភេទអង្ករ 5451 អង្ករក្រអូប ដែលអ្នកលក់ទូទៅ តែងហៅថាផ្កាម្លិះលេខ២ ក្នុងតំលៃពិសេសដើម្បីសង្គមយើង។

ក្នុងករណីដែលមានរោងម៉ាស៊ីនកិនស្រូវណាផ្សេងស្ម័គ្រចិត្ត អាចធ្វើការទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុករបស់អ្នកឧកញ៉ាផ្ទាល់ Leng Navatra ឡេង ណាវ៉ាត្រា ដោយអាចបញ្ជាក់តម្លៃ និងលេខទូរសព្ទដើម្បីអាចឱ្យអ្នកឧកញ៉ា និងក្រុមការងារទាក់ទងទៅ

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃពុធនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការបិទខ្ទប់ (lockdown) ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេលពីរសប្តាហ៍ដោយចាប់ផ្តើមពីវេលាម៉ោង 00:00 ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីកាត់បន្ថយសកម្មភាពដើរហើរ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ នោះ។ ក្នុងនោះដែរ មុននឹងមានការប្រកាសជាផ្លូវការត្រូវបានផ្សព្វផ្សាយ សម្លេងថ្នាក់ដឹកនាំត្រូវបានចែកចាយបន្តដោយសារការបែកធ្លាយមុនប៉ុន្មានម៉ោង នាំឱ្យមានស្ថានការណ៍ជ្រួលច្របល់មួយចំនួន ដែលប្រជាជនជាច្រើនបាននាំគ្នាទៅផ្សារទិញទំនិញដោយភាពភ័យខ្លាច និងបានជំរុញឱ្យពួកឆ្លៀតឱកាសខិលខូចមួយចំនួន អាចធ្វើតំឡើងថ្លៃបានតាមចិត្តផងដែរ។ ហេតុនេះហើយ ទើបរដ្ឋាភិបាលបានបន្តអំពាវនាវ ដាក់ចេញវិធានការទប់ស្កាត់នូវការតម្លើងថ្លៃដោយខិលខូចនេះ។

Leave a Reply

Your email address will not be published. Required fields are marked *