កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសបន្តវិធានការណែនាំពិសេសលើបម្រាមធ្វើដំណើរទៅក្រៅប្រទេស សម្រាប់ពលរដ្ឋរបស់ខ្លួន រយៈពេល១ខែបន្ថែមទៀត ក្នុងកាលៈទេសៈដែលស្ថានការណ៍កូវីដនៅមិនទាន់ធូរស្រាលនៅឡើយ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ការណែនាំលើបម្រាមធ្វើដំណើរទៅក្រៅប្រទេសនេះដែលត្រូវប្រកាសពន្យារថ្មីនេះ មានខ្លឹមសារណែនាំឱ្យពលរដ្ឋជនជាតិកូរ៉េរបស់ខ្លួនគួរធ្វើការលុបចោល ឬពន្យារការធ្វើដំណើរទៅក្រៅប្រទេសជាបណ្តោះអាសន្នសិន ដោយសារតែស្ថានការណ៍កូវីដ។ បម្រាមណែនាំនេះនឹងបន្តមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី ១៦ ឧសភា ២០២១ខាងមុខ ខណៈដែលបម្រាមណែនាំបច្ចុប្បន្ននេះ នឹងត្រូវផុតសុពលភាពនៅថ្ងៃសុក្រនេះឯង។
ការពន្យារនេះគឺនៅបន្តអាស្រ័យទៅតាមស្ថានភាពនៃការធ្វើដំណើរជាអន្តរជាតិ ដែលប្រទេសជាច្រើននៅបន្តរឹតត្បិត ខណៈដែលរលកនៃជំងឺកូវីដនៅតែបន្តកើនឡើង បើទោះបីជាដំណើរការចាក់វ៉ាក់សាំងបានចាប់ផ្តើមប៉ុន្មានខែមកហើយក៏ដោយ។ ក្នុងនោះដែរ សេចក្តីប្រកាសរបស់ក្រសួងការបរទេសនេះ ក៏បានណែនាំឱ្យប្រជាជនខ្លួនបន្តវិធានការអនាម័យ និងគម្លាតសង្គមផងដែរ។