កូរ៉េខាងត្បូង៖ ឆ្លៀតក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខនិងពិសាអាហារសាមគ្គីជាមួយបងប្អូនពលករដែលស្នាក់នៅមជ្ឈមណ្ឌលវប្បធម៌ខ្មែរអានសាន។
អមដំណើរដោយលោក ឡាំ ប្រុស អនុព័ន្ធពលករ និងលោក ខាត់ ចិន អនុព័ន្ធពាណិជ្ជកម្ម លោកឯកអគ្គរាជទូតបានចុះសួរសុខទុក្ខនេះតាមរយៈការអញ្ជើញ និងជួយសម្របសម្រួលដោយលោក Ju Seong Kim ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរអានសាន និងលោក Ho Chol Park អគ្គលេខាធិការមជ្ឈមណ្ឌលវប្បធម៌ខ្មែរអានសាន។ ក្នុងឱកាសនៃការជួបជុំគ្នាបែបលក្ខណៈគ្រួសារខ្មែរនៅក្នុងប្រទេសកូរ៉េ នាឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ មានការចូលរួមពីសំណាក់បងប្អូនពលករដែលស្នាក់នៅមជ្ឈមណ្ឌលវប្បធម៌ខ្មែរអានសាន និងស្ត្រីខ្មែររៀបការស្វាមីកូរ៉េសរុបចំនួន ១៦នាក់។
ក្នុងឱកាសនោះដែរ មានការហូបអាហារសាមគ្គី និងសំណេះសំណាលគ្នាដោយសប្បាយរីករាយ អមជាមួយនឹងចម្រៀងចូលឆ្នាំប្រពៃណីជាតិខ្មែរយើងអមកំដរបរិយាកាសផងដែរ។ ជាមួយគ្នានេះ លោកឯកអគ្គរាជទូតបានឧបត្ថម្ភថវិកាសម្រាប់ការធ្វើម្ហូបអាហារ និងបានចែកម៉ាស់ ទឹកលាងដៃ ភេសជ្ជៈបាកាស់ ដល់បងប្អូនពលករ និងស្ត្រីរៀបការស្វាមីកូរ៉េសម្រាប់ប្រើប្រាស់ផងដែរ។