អត្តពលិកកូរ៉េខាងត្បូង ត្រូវបានព្យាករណ៍ថានឹងឈ្នះមេដាយមាស ៩គ្រឿង និងមេដាយសរុប ២៥គ្រឿង ក្នុងព្រឹតិ្តការណ៍អូឡាំពិករដូវក្តៅនៅតូក្យ៉ូ ២០២១នេះ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ ក្រុមអត្តពលិកកូរ៉េខាងត្បូងត្រូវបានព្យាករណ៍ថានឹងឈ្នះមេដាយមាសអូឡាំពិក ដល់ទៅ ៩មេដាយ និងអាចបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យ៉ូខាងមុខនេះ ដោយទទួលបានចំណាត់ថ្នាក់កំពូលទាំង១០ផងដែរ នេះបើតាមការព្យាករណ៍ដោយក្រុមហ៊ុនវិភាគកីឡាមួយរបស់សហរដ្ឋអាមេ៉រិក។

តាមរយៈការព្យាករណ៍តារាងមេដាយសម្រាប់កីឡាអូឡាំពិករដូវក្តៅទីក្រុងតូក្យ៉ូខាងមុខ ដោយក្រុមហ៊ុនវិភាគកីឡាអាម៉េរិក  Gracenote ក្រុមកីឡាករកូរ៉េខាងត្បូងរំពឹងនឹងឈ្នះបានមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ១០គ្រឿង និងមេដាយសំរឺទ្ធ ៦ គ្រឿងផងដែរ តែយ៉ាងណាក្រុមហ៊ុននេះមិនបានធ្វើការបញ្ជាក់អំពីប្រភេទកីឡានីមួយៗដែលក្រុមកីឡាករកូរ៉េខាងត្បូងរំពឹងនឹងឈ្នះនោះទេ។

សម្រាប់គណៈកម្មការកីឡា & កីឡាអូឡាំពិកកូរ៉េខាងត្បូងវិញ បានបញ្ជាក់ថាគោលដៅនៃក្រុមអត្តពលិកខ្លួន គឺត្រូវឈ្នះមេដាយមាសឱ្យបានយ៉ាងតិច ៧គ្រឿង ដែលអាចនឹងគ្រប់គ្រាន់សម្រាប់ឱ្យប្រទេសកូរ៉េខាងត្បូងទទួលបានចំណាត់ថ្នាក់កំពូលទាំង១០ ក្នុងចំណោមប្រទេសដែលចូលរួមក្នុងកីឡាអូឡាំពិកនេះ ដែលនឹងក្លាយជាជោគជ័យកំពូលទាំង១០ ប្រាំដងជាប់គ្នាក្នុងព្រឹត្តិការណ៍អូឡាំពិកពីមុនៗមក។

ក្នុងនោះ ក្រុមអត្តពលិកកូរ៉េខាងត្បូងរំពឹងមេដាយមាសសំខាន់ពីកីឡាពីរប្រភេទ ដែលខ្លួនមានប្រៀបគឺកីឡាតេក្វាន់ដូ និងកីឡាបាញ់ព្រួញ ហើយក៏មានក្តីសង្ឃឹមខ្ពស់សម្រាប់កីឡាវាយកូនហ្គោលនារី កីឡាចាក់ដាវ និងបាញ់កាំភ្លើងផងដែរ។

សូមបញ្ជាក់ថា តាមរយៈការព្យាករណ៍នេះ គឺបង្ហាញថាសហរដ្ឋអាម៉េរិកនឹងរំពឹងក្លាយជាប្រទេសដែលទទួលបានជ័យលាភីច្រើនជាងគេ គឺមេដាយមាស ៤៣គ្រឿង និងមេដាយសរុប ១១៤គ្រឿង ពីព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងតូក្យ៉ូនេះ។ ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងតូក្យ៉ូ នឹងចាប់ផ្តើមពីថ្ងៃទី ២៣ កក្កដា ២០២១ រហូតដល់ថ្ងៃទី ៨ សីហា ២០២១ខាងមុខ ដែលរំពឹងមានប្រទេសចូលរួមដល់ទៅ ២០៦ប្រទេស និងអត្តពលិកចូលរួមចំនួន ១១​,០៩១នាក់។ តែយ៉ាងណា បើតាមការគ្រោងទុក ដោយសារតែបញ្ហាកូវីដ ជប៉ុនអាចនឹងធ្វើការប្រកួតកីឡាអូឡាំពិកនេះ ដោយមិនស្វាគមន៍ឱ្យមានទស្សនិកជន អ្នកគាំទ្រអន្តជាតិចូលរួមនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *