បុរសម្នាក់ ត្រូវកាត់ទោសឱ្យជាប់ឃុំឃាំង ៨ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បើកបរក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យនិស្សិតស្រីតៃវ៉ាន់ម្នាក់ស្លាប់

កូរ៉េខាងត្បូង៖ បុរសម្នាក់ត្រូវតុលាការកូរ៉េខាងត្បូងកាលពីថ្ងៃពុធម្សិលមិញ កាត់ក្តីឱ្យជាប់ទោសឃុំឃាំង ៨ឆ្នាំ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បើកបរក្រោមស្ថានភាពស្រវឹង ដែលបានធ្វើឱ្យជនរងគ្រោះជានិស្សិតជនជាតិតៃវ៉ាន់ម្នាក់បាត់បង់ជីវិតកាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បុរសជាប់ទោសនេះ មានឈ្មោះថាគីម អាយុ៥២ឆ្នាំ ត្រូវបានតុលាការកាត់ក្តីឱ្យជាប់ទោសរយៈពេល៨ឆ្នាំ ដោយបានល្មើសទៅនឹងច្បាប់ចរាចរណ៍ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានបុកជនរងគ្រោះជានិស្សិតស្រ្តីជាតិតៃវ៉ាន់ ឈ្មោះ
Tseng Yi-lin អាយុ២៨ឆ្នាំ ជានិស្សិតពេទ្យនៃសាកលវិទ្យាល័យសេអ៊ូល រហូតដល់បាត់បង់ជីវិត។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅពេលដែលជនរងគ្រោះកំពុងដើរឆ្លងថ្នល់ នៅសង្កាត់ហ្គាងណាម (Gangnam) កាលពីថ្ងៃទី៦ វិច្ឆិកា ២០២០កន្លងទៅ ដោយជនល្មើសបានបើកបរក្នុងស្ថានភាពស្រវឹង និងល្មើសភ្លើងសញ្ញាចរាចរណ៍ និងល្បឿនកំណត់ផងដែរ។

សាធារណជនកូរ៉េ តវ៉ានាពេលកន្លងមក ទាមទារឱ្យរកយុត្តិធម៌ជូនជនរងគ្រោះ

ករណីគ្រោះថ្នាក់ចរាចរណ៍​នេះបានបង្កជាកំហឹងឆាបឆេះក្នុងចំណោមសាធារណជននៅកូរ៉េ ជាពិសេសក្រោយពីគ្រួសាររបស់ជនរងគ្រោះបានចេញនូវញ្ញាត្តិសាធារណៈមួយស្នើឱ្យមានការកម្រិតដាក់ទោសឱ្យបានធ្ងន់ធ្ងរ នៅក្នុងគេហទំព័រនៃវិមានប្រធានាធិបតីកូរ៉េ។

ក្នុងសវនាការ ជនល្មើសបានទទួលស្គាល់កំហុស តែបានស្នើសុំបន្ថយទោសដោយសារតែស្ថានភាពផ្ទាល់ខ្លួននៃការពាក់ឡែនការពារភ្នែក ក្នុងពេលបើកបរនោះ ដែលនាំឱ្យគាត់មានភាពពិបាកក្នុងការមើលផ្លូវ ខណៈដែលភ្នែកខាងស្តាំរបស់គាត់មានការលំបាកមើលដូចគ្នាដោយសារទើបនឹងបានធ្វើការវះកាត់ភ្នែក។ តែយ៉ាងណា តុលាការបានបដិសេធការស្នើសុំលើកលែងទោសនេះ ហើយបញ្ជាក់ថាការបើកបរក្នុងស្ថានភាពស្រវឹងមិនអាចលើកលែងបាននោះឡើយ ហើយកន្លងមក ជនល្មើសនេះក៏ធ្លាប់មានប្រវត្តិល្មើសច្បាប់ចរាចរណ៍នេះផងដែរ។

ករណីនេះជាករណីមួយប្លែកដែរ ដែលតុលាការសម្រេចកាត់ក្តីជនល្មើសឱ្យជាប់ទោស រយៈពេលយូរជាងការស្នើសុំរបស់ព្រះរាជអជ្ញា ដែលបានស្នើឱ្យតុលាការដាក់ទោសជនល្មើសត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ។ ក្រោមច្បាប់ចរាចរណ៍កែសម្រួលថ្មី អ្នកដែលល្មើសនឹងច្បាប់ចរាចរណ៍ ដែលបណ្តាលឱ្យមានករណីបាត់បង់ជីវិត អាចនឹងប្រឈមទោសដល់មួយជីវិតផងដែរ។

រូបភាពជនរងគ្រោះ កាលនៅមានជីវិត

 

Leave a Reply

Your email address will not be published. Required fields are marked *