រដ្ឋាភិបាលកូរ៉េខាងត្បូង បន្តតវ៉ាលើសេចក្តីសម្រេចជប៉ុន បង្ហូរទឹកបំពុលវិទ្យុសកម្មចូលក្នុងសមុទ្រ ខណៈសហគមន៍អន្តរជាតិហាក់បង្ហាញការគាំទ្រដល់ជប៉ុន

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូលបានចេញសារនយោបាយតវ៉ា និងកំពុងពិនិត្យមើលការដាក់ពាក្យបណ្តឹងទៅកាន់តុលាការអន្តរជាតិ ពាក់ព័ន្ធករណីប្រទេសជប៉ុនគ្រោងនឹងបើកបង្ហូរទឹកបំពុលដោយសារធាតុវិទ្យុសកម្មរាប់លានតោនចូលទៅក្នុងទឹកស​មុទ្រ ដែលនៅក្បែរនឹងប្រទេសកូរ៉េខាងត្បូងដែរ បើតាមការចុះផ្សាយក្នុងសារព័ត៌មានកូរ៉េ Yonhap News និង Korea Times កាលពីថ្ងៃពុធម្សិលមិញនេះ។

ករណីប្រទេសកូរ៉េខាងត្បូងតាមឃ្លាំមើល និងបញ្ចេញសកម្មភាពភ្លាមៗឆ្លើយតបទៅនឹងប្រទេសជប៉ុននេះ គឺកើតឡើងក្រោយពីកាលពីថ្ងៃអង្គារនេះ ប្រទេសជប៉ុនបានប្រកាសនឹងបង្ហូរទឹកបំពុលដោយសារធាតុវិទ្យុសកម្មជាង ១.២៣លានតោន ចេញពីធុងទឹកធំៗនៃទីតាំងស្ថានីយ៍ផលិតថាមពលដោយសារធាតុនុយក្លេអ៊ែរ នៅឆ្នាំ២០២៣ខាងមុខ។ ទឹកបំពុលនេះ កន្លងមកត្រូវបានគេរក្សាទុកក្នុងធុងទឹកធំៗនៅនឹងស្ថានីយ៍ផលិតថាមពលនុយក្លេអ៊ែរ ដែលបានរងការខូចខាតពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅតំបន់ហ្វូគូស៊ីម៉ា (Fukushima) កាលពីឆ្នាំ២០១១កន្លងទៅ ដើម្បីបញ្ចុះកម្តៅនៃប្រតិបត្តិការរបស់ស្ថានីយ៍ដែលរងការខូចខាតដោយការរញ្ជួយដីនេះ ដែលគិតមកដល់ពេលនេះ គឺពេញចំណុះទាំងស្រុង និងមិនអាចបន្តរក្សាស្តុកទុកក្នុងធុងទឹកទាំងនោះបានឡើយ។

ទិដ្ឋភាពធុងស្តុកទឹកបំពុលដោយវិទ្យុសកម្មធំៗនៅក្នុង ស្ថានីយ៍ថាមពលនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ា ជប៉ុន

ពាក់ព័ន្ធនឹងករណីនេះ បានក្លាយជាបញ្ហាក្តៅក្នុងប្រព័ន្ធនយោបាយក្នុងស្រុកកូរ៉េ ចាប់តាំងពីប្រទេសជប៉ុនបានប្រកាសនូវផែនការបង្ហូរទឹកចេញនេះតាំងពីឆ្នាំ២០១៨មក។ ក្រោយពីបានចេញសេចក្តីសម្រេចនៅថ្ងៃអង្គារនេះ លោកប្រធានាធិបតី មូន ជេអ៊ីន បានកោះហៅឯកអគ្គរាជទូតថ្មីរបស់ជប៉ុន នៅក្រុងសេអ៊ូល ដើម្បីមកបង្ហាញលិខិតសារតាំងភ្លាមៗ ហើយព្រមទាំងបានបង្ហាញពីក្តីបារម្ភរបស់កូរ៉េខាងត្បូងលើការបង្ហូរទឹកបំពុលចូលក្នុងទឹកសមុទ្រនេះ ដែលអាចនឹងនាំឱ្យមានការប៉ះពាល់ដល់ដែនសមុទ្រកូរ៉េខាងត្បូង ដោយសារប្រទេសទាំងពីរស្ថិតនៅភូមិសាស្រ្តក្បែរគ្នា។ លោកប្រធានាធិបតី បានឱ្យឯកអគ្គរាជទូតជប៉ុន បញ្ជូនបន្តក្តីបារម្ភ និងសារនយោបាយនេះទៅរដ្ឋាភិបាលក្រុងតូក្យ៉ូជាបន្ទាន់ ដើម្បីមានវិធានការសមស្របទៅនឹងសេចក្តីសម្រេចនេះ។

ឯកអគ្គរាជទូតជប៉ុន ចូលថ្វាយសារតាំងភ្លាមៗនៅថ្ងៃទី១៤ មេសា ២០២១ និងទទួលបានសារនយោបាយរិះគន់ពីសំណាក់ប្រធានាធិបតីកូរ៉េ ពាក់ព័ន្ធនឹងករណីបង្ហូរទឹកបំពុលវិទ្យុសកម្មចូលសមុទ្រនេះ

ក្នុងនោះដែរ ប្រទេសកូរ៉េក៏កំពុងពិនិត្យលើលទ្ធភាពបញ្ជូនករណីនេះទៅកាន់តុលាការអន្តរជាតិស្តីពីច្បាប់សមុទ្រ (International Tribunal for the Law of the Sea) ផងដែរ។ យ៉ាងណាមិញ តាមរយៈការអង្កេតរបស់អ្នកជំនាញបានឱ្យឃើញថា តាំងពីផែនការរបស់ជប៉ុន នៃការបង្ហូរទឹកបំពុលវិទ្យុសកម្មចូលក្នុងសមុទ្រនេះត្រូវបានបង្ហើបតាំងពីឆ្នាំ២០១៨មក កូរ៉េខាងត្បូងបានបង្កើតនូវក្រុមការងាររដ្ឋាភិបាលជាបន្តបន្ទាប់ដើម្បីពិនិត្យស្ថានការណ៍ និងឆ្លើយតបសកម្មភាពតាមការទូត និងតាមក្រុមចរចារជំនាញជាមួយភាគីជប៉ុនផង និងភាគីអង្គការអន្តរជាតិពាក់ព័ន្ធផងដែរ តែហាក់ដូចជាបានបរាជ័យ និងគ្មានប្រសិទ្ធភាព ដោយសារសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាម៉េរិក និងស្ថាប័នថាមពលអាតូមិកអន្តរជាតិ (IAEA) សុទ្ធតែបានបង្ហាញជំហរគាំទ្រលើវិធានការដាក់ចេញដោយភាគីជប៉ុននេះ។

សម្រាប់ភាគីកូរ៉េខាងត្បូងវិញ ថ្វីត្បិតនេះក្លាយជាបញ្ហាក្តៅនៃនយោបាយក្នុងស្រុករបស់កូរ៉េខាងត្បូង តែអ្នកជំនាញកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនហាក់មិនទាន់មានវិធានការណាសមស្របដើម្បីដាក់បន្ទុកឱ្យជប៉ុនបញ្ឈប់សកម្មភាព និងផែនការនេះនោះទេ ដោយសារតែការបង្ហូរនេះធ្វើឡើងក្នុងដែនសមុទ្រផ្ទៃក្នុងរបស់ជប៉ុន ដែលជាដែនអធិបតេយ្យរបស់ជប៉ុនផ្ទាល់ មិនមែនបង្ហូរចូលផ្ទាល់ទៅក្នុងដែនសមុទ្រអន្តរជាតិនោះទេ។

ប្រជាជនកូរ៉េខាងត្បូងតវ៉ាជាបន្តបន្ទាប់លើការបញ្ចេញទឹកបំពុលវិទ្យុសកម្មនេះរបស់ជប៉ុន

ឆ្លើយតបទៅនឹងការរិះគន់ និងជំទាស់ដាច់អហង្ការពីសំណាក់ប្រមុខរដ្ឋាភិបាល និងអ្នកការទូតកូរ៉េខាងត្បូងលើករណីនេះ ស្ថានទូតជប៉ុនប្រ​ចាំប្រទេសកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ថាសេចក្តីប្រកាសដាក់ចេញដោយរដ្ឋាភិបាលជប៉ុនគឺអនុលោមទៅតាមស្មារតីនៃកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាច្រើនប្រទេស រួមមានទាំងកូរ៉េខាងត្បូងផងដែរ ហើយរដ្ឋាភិបាលក្រុងតូក្យូ៉បានធ្វើការជូនដំណឹងដល់បណ្តាអង្គទូតបរទេសនៅតូក្យូ៉ រួមមានទាំងអង្គទូតកូរ៉េខាងត្បូងផង មិនតិចជាង១០០ដងនោះទេពាក់ព័ន្ធនឹងបញ្ហានេះកន្លងមក។

គេសង្កេតឃើញថា វិធានការបែបនេះរបស់ជប៉ុនហាក់ដូចជាបានបង្ហាញនូវបរាជ័យថ្មីមួយទៀតនៃនយោបាយការទូតរបស់កូរ៉េខាងត្បូង ខណៈដែលសម្ព័ន្ធមិត្តអាម៉េរិក និងអង្គការអន្តរជាតិក៏ហាក់បានបង្ហាញជំហរគាំទ្រដល់ភាគីជប៉ុនលើបញ្ហានេះផងដែរ។ បើទោះបីជាការតវ៉ាហាក់មិនសូវមានឥទ្ធិពល ដែលអាចនឹងផ្លាស់ប្តូរស្ថានការណ៍បាន កូរ៉េខាងត្បូងក៏មានជម្រើសដាក់ចេញវិធានការធ្វើតេស្តកម្រិតវិទ្យុសកម្ម ឬរឹតត្បិតការនាំចូលផលិតផលគ្រឿងសមុទ្រពីប្រទេសជប៉ុន នាពេលខាងមុខផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *