កូរ៉េខាងត្បូង៖ បញ្ហាការសង្ស័យថ្មីទៅលើសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាម៉េរិក Johnson & Johnson ត្រូវបានក្លាយជាបញ្ហាក្តៅថ្មី ក្រោយគេរកឃើញមានករណីកកដុំឈាមដ៏កម្រគួរឱ្យសង្ស័យចំនួន៦ករណី ពីអ្នកដែលបានទទួលវ៉ាក់សាំងនេះរួចមកនៅសហរដ្ឋអាម៉េរិក ដែលអាចនឹងប៉ះពាល់បន្ថែមទៀតទៅលើផែនការមេចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap News។
កាលពីពេលថ្មីៗនេះ អាជ្ញាធរអាមេរិក បានចេញការស្នើឲ្យផ្អាកការចាក់វ៉ាក់សាំង Johnson & Johnson នេះ នៅក្នុងប្រទេសខ្លួនជាបណ្តោះអាសន្ន ដោយបារម្ភពីបញ្ហាកំណកឈាម ក្រោយពីអជ្ញាធរអាម៉េរិកបានរកឃើញថាមានអ្នកចាក់វ៉ាក់សាំងនេះចំនួន៦នាក់ ជាស្រ្តី ដែលមានអាយុ១៨ ដល់៤៨ឆ្នាំ ហើយរោគសញ្ញាបានលេចចេញក្នុងរយៈពេលពី៦ ដល់ ១៣ថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំងរួចហើយ ដែលក្នុងនោះមាន១ នាក់បានបាត់បង់ជីវិត និង១នាក់បានកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អជ្ញាធរអាម៉េរិកកំពុងបើកការស៊ើបអង្កេតថ្មីលើសុវត្ថិភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson នេះ ក្រោយពីបានប្រកាសផ្អាកបណ្តោះអាសន្នការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះ។
ការប្រកាសបែបនេះ បានប៉ះពាល់ដល់ការចែកចាយនៃវ៉ាក់សាំង ដោយក្រុមហ៊ុន Johnson & Johnson ផ្ទាល់បានប្រកាសផ្អាកការចែកចាយបណ្តោះអាសន្នផងដែរដល់ទ្វីបអឺរ៉ុប។
សម្រាប់ប្រទេសកូរ៉េខាងត្បូង ក៏បានបញ្ជាទិញវ៉ាក់សាំងកូវីដពីក្រុមហ៊ុន Johnson & Johnson នេះផងដែរ ដែលមានចំនួន ៦លានដូស សម្រាប់មនុស្ស៦លាននាក់ ដែលគ្រោងនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson នេះនៅក្នុងត្រីមាសទី៣ អំឡុងពីខែកញ្ញាទៅ នៃឆ្នាំ២០២១នេះ។
មន្ត្រីជំនាញសុខាភិបាលកូរ៉េខាងត្បូងម្នាក់ នៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង បាននិយាយថាប្រទេសកូរ៉េខាងត្បូងនឹងត្រូវពិភាក្សាជាថ្មីជាមួយអ្នកជំនាញជុំវិញបញ្ហានេះ ហើយនឹងបន្តពិនិត្យលើស្ថានការណ៍នៃប្រទេសផ្សេងៗដែលដាក់វិធានការឆ្លើយតបទៅនឹងការទទួលយកវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុននេះផងដែរ។
កន្លងមក កូរ៉េខាងត្បូងបានដាក់ចេញផែនការមេវ៉ាក់សាំងរបស់ខ្លួនដោយសម្រេចចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនឱ្យបានដល់១២លាននាក់ ត្រឹមចុងខែមិថុនានេះ ប៉ុន្តែថ្មីៗនេះ បញ្ហាកង្វល់ជុំវិញសុវត្ថិភាពនៃវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនអង់គ្លេស និងស៊ុយអែត AstraZeneca បាននាំឱ្យប៉ះពាល់ដល់ផែនការមេនេះម្តងទៅហើយ ដោយសារតែការស្ទាក់ស្ទើរក្នុងការបន្តចាក់វ៉ាក់សាំងជូនប្រជាជន ឬត្រូវផ្អាកជាបណ្តោះអាសន្ន។ ឥឡូវនេះ បញ្ហាថ្មីទៀតចោទទៅលើសុវត្ថិភាពរបស់វ៉ាក់សាំងកូវីដក្រុមហ៊ុន Johnson & Johnson នេះអាចនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ និងការអនុវត្តផែនការចាក់វ៉ាក់សាំងកូរ៉េខាងត្បូងនេះបន្ថែមទៀត។
គិតត្រឹមថ្ងៃពុធនេះ ប្រទេសកូរ៉េខាងត្បូងមានអ្នកបានទទួលវ៉ាក់សាំងកូវីដបានដល់ ១,២៣៩,០៦៥នាក់ទៅហើយ ប្រមាណ២.៤% នៃប្រជាជនសរុប ដែលបច្ចុប្បន្នមានតែវ៉ាក់សាំងពីរសិនប៉ុណ្ណោះ គឺវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Pfizer។
ក្នុងនោះដែរ ជុំវិញបញ្ហាចោទលើសុវត្ថិភាពនៃវ៉ាក់សាំង AstraZeneca អជ្ញាធរសុខាភិបាលកូរ៉េបានចេញសេចក្តីណែនាំថ្មីចុងក្រោយឱ្យបន្តការចាក់វ៉ាក់សាំងកូវីដ AstraZeneca នេះ តែហាមឃាត់ចាក់ឱ្យអ្នកអាយុក្រោម៣០ឆ្នាំចុះក្រោមវិញ។