ប្រយ័ត្នទាំងអស់គ្នា! មានពលករបរទេសនៅកូរ៉េខាងត្បូង​ រកឃើញមានគេលួចតម្លើងកាំមេរ៉ាវីដេអូបង្កប់ ក្នុងបង្គន់ និងបន្ទប់ទឹក នៅកន្លែងស្នាក់នៅក្នុងកសិដ្ឋាន

កូរ៉េខាងត្បូង៖ កាំមេរ៉ាបង្កប់ថតវីដេអូ ត្រូវបានគេរកឃើញជាបន្តបន្ទាប់នៅក្នុងបន្ទប់ទឺក បង្គន់ និងទូរដាក់ខោអាវ នៅក្នុងកន្លែងដែលពលករបរទេសស្នាក់នៅមួយកន្លែង នេះបើតាមការចុះផ្សាយដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងសារព័ត៌មាន MBC នៅព្រឹកថ្ងៃពុធនេះ។

បើតាមការរាយការណ៍ក្នុងសារព័ត៌មាននេះ កាំមេរ៉ាបង្កប់លួចថតនេះត្រូវបានលួចដាក់ដោយអ្នកគ្រប់គ្រងកសិដ្ឋាន ដែលមានពលករបរទេសធ្វើការ និងស្នាក់នៅជាមួយនោះ។ តាមការស៊ើបអង្កេត គេរកឃើញមានករណីសង្ស័យអំពីការបំពានផ្លូវភេទ បន្ថែមពីលើការលួចថតវីដេអូដោយកាំមេរ៉ាបង្កប់នេះទៀតផង។

ករណីនេះកើតឡើងនៅក្នុងកសិដ្ឋានមួយកន្លែងនៅតំបន់ឈុងប៊ុក។ តាមបទរាយការណ៍នោះ ករណីលួចបង្កប់វីដេអូកាំមេរ៉ានេះត្រូវបានរកឃើញដោយពលករជនជាតិម៉ាឡេស៊ី ដែលបានធ្វើការនៅក្នុងកសិដ្ឋានកើតហេតុនោះអស់ជាងមួយឆ្នាំមកហើយ។ ពលករជាតិម៉ាឡេស៊ីនេះ បានរកឃើញកាំមេរ៉ាបង្កប់ចំនួន៣កន្លែងមាននៅក្នុងបន្ទប់ទឹក បង្គន់ និងនៅក្នុងបន្ទប់ប្តូរខោអាវ។ បុរសរូបនោះ បានដកយកមេម៉ូរីកាតពីកាំមេរ៉ា ហើយយកទៅពិនិត្យមើល និងរកឃើញវីដេអូខ្លួនកំពុងងូតទឹក និងវីដេអូរបស់មិត្តស្រីខ្លួនទៀត។

ក្រោយមកទើបគេដឹងថា អ្នកដែលបានតម្លើងវីដេអូកាំមេរ៉ាគឺអ្នកគ្រប់គ្រងកសិដ្ឋាន ដែលធ្វើការនៅនឹងកសិដ្ឋានខាងលើនេះដែរ ឈ្មោះថាមូន ដោយសារជាការចៃដន្យក្រោយពីរកឃើញកាំមេរ៉ាបង្កប់នោះមក គេបានរកឃើញកាំមេរ៉ា កំពុងសាកថ្មនៅក្នុងឡានរបស់លោកមូននោះ។ ក្រោយពីបានពិនិត្យកាំមេរ៉ាកំពុងសាកថ្មនោះ គេឃើញវីដេអូដែលជាប់លោក មូន កំពុងធ្វើការតម្លើងកាំមេរ៉ាបង្កប់ទាំងនោះ។

ក្នុងនោះដែរ ក្រៅពីការបង្កប់កាំមេរ៉ានេះ ពលករជាជនរងគ្រោះបានលើកឡើងថា លោក មូន ដែលជាជនសង្ស័យបង្កប់កាំមេរ៉ានេះ ក៏ធ្លាប់បានប្រព្រឹត្តិសកម្មភាពបំពានផ្លូវភេទលើមិត្តស្រីខ្លួនផងដែរ តាំងពីដើមឆ្នាំមុនមកម្លេះ ដូចជាការអោបចង្កេះ និងថើបមិត្តស្រីជនរងគ្រោះទៀតផង។ បើទោះបីជាកន្លងមក ជនរងគ្រោះជាពលករនេះបានលើកករណីបំពាននេះប្រាប់ទៅម្ចាស់កសិដ្ឋាន ក៏ម្ចាស់កសិដ្ឋានមិនបានចាត់វិធានការអ្វីជាដុំកំភួនចំពោះអ្នកគ្រប់គ្រងចម្ការ ជាជនសង្ស័យនេះឡើយ។

តែក្រោយមក ក្រោយពីជនរងគ្រោះចាប់បានករណីបង្កប់កាំមេរ៉ាថតវីដេអូនេះ ហើយបានរាយការណ៍ទៅប៉ូលីស ម្ចាស់កសិដ្ឋានក៏បានបណ្តេញជនសង្ស័យខាងលើ។ ក្រោយមកទៀត ដោយមានការស៊ើបអង្កេតពីសំណាក់សមត្ថកិច្ចជាបន្តបន្ទាប់ ជនរងគ្រោះជាមួយនឹងមិត្តស្រីរបស់ខ្លួន ក៏ត្រូវបានម្ចាស់កសិដ្ឋាននោះប្រាប់ឱ្យឈប់នៅទីនោះទៀតផងដែរ។

ដោយឃើញករណីបែបនេះបានកើតឡើងចំពោះពលករបរទេស ធ្វើការនៅក្នុងប្រទេសកូរ៉េ សូមបងប្អូនពលករខ្មែរយើងទាំងអស់ ប្រុងប្រយ័ត្ន និងមានភាពវ័យឆ្លាត ស្វែងរកជំនួយ និងការជួយស្របច្បាប់តាមគ្រប់រូបភាព ប្រសិនបើមានការរំលោភបំពានបែបនេះកើតឡើង។

 

Leave a Reply

Your email address will not be published. Required fields are marked *