ព្រឹកព្រលឹមនេះ កូរ៉េខាងត្បូង ចុះត្រជាក់ខ្លាំងប្លែក ជាអាកាសធាតុត្រជាក់ខុសរដូវ ហើយអជ្ញាធរបញ្ជាក់ថា នឹងបន្តដល់ព្រលឹមថ្ងៃព្រហស្បត្តិ៍ស្អែកមួយថ្ងៃទៀត

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃពុធនេះ រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានប្រកាសពីបម្លាស់ប្តូរអាកាសធាតុដោយចុះត្រជាក់ខ្លាំងដល់ជាង ១០ អង្សាសេ ទាបជាងអាកាសធាតុពីថ្ងៃអង្គារម្សិលមិញ អាចជាខ្យល់ត្រជាក់ខុសរដូវដែលកំពុងគ្របដណ្តប់លើផ្ទៃប្រទេសកូរ៉េខាងត្បូង បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap New។

នៅផ្នែកមួយចំនួននៃប្រទេស គួរឱ្យភ្ញាក់ផ្អើលដែលអាកាសធាតុហាក់ធ្លាក់ចុះខ្លាំង ដោយតំបន់ខ្លះធ្លាក់ដល់ក្រោមសូន្យអង្សារសេក៏មាន។ តំបន់ភ្នំ Seorak នៃខេត្តហ្គាងវ៉ុន អាកាសធាតុចុះត្រជាក់ដល់ -៧.៨អង្សារសេក្រោមសូន្យឯណោះ ខណៈតំបន់ឆឺវ៉ុន (Cheorwon) មានអាកាសធាតុចុះត្រជាក់ដល់ -៤.៩អង្សារសេក្រោមសូន្យ តំបន់ភាគខាងជើងខេត្តឃ្យ៉ុងគី ចុះត្រជាក់ដល់ -១.៨អង្សារសេក្រោមសូន្យ នៅតំបន់ប៉ាជូ ចុះត្រជាក់ដល់ -២.៣អង្សារសេក្រោមសូន្យ តំបន់ភាគខាងលិចក្រុងដេជុន អាកាសធាតុចុះដល់ -១.៨អង្សារសេក្រោមសូន្យ ឯតំបន់ភាគខាងជើងខេត្តឃ្យ៉ុងសាង ចុះត្រជាក់ដល់ទៅ -១.៤ អង្សារសេក្រោមសូន្យដែរ។

គេសង្កេតឃើញមានការកកជាដុំទឹកកកតូចៗតាមកន្លែង ដែលមានអាកាសធាតុចុះទាបជាង២អង្សារសេ ខណៈមានដុំទឹកកកធំៗត្រូវបានឃើញចាប់ផ្តើមមាននៅតំបន់ដែលចុះត្រជាក់ដល់ក្រោមសូន្យអង្សារសេ។

រដ្ឋបាលឧតុនិយមកូរ៉េបានចេញការជូនដំណឹងអំពីការចុះត្រជាក់នេះនៅផ្នែកភាគកណ្តាល និងភាគខាងត្បូងប្រទេស ក្នុងនោះរួមមានទាំងភាគខាងជើងនៃខេត្តឃ្យ៉ុងគីផងដែរ តំបន់ខេត្តឃ្យ៉ុងសាងខាងជើង និងខេត្តចូឡាខាងជើង និងខាងកើតផងដែរ។ នៅព្រឹកនេះដែរ គេសង្កេតឃើញប្រជាជនកូរ៉េពាក់អាវរងារក្រាស់ៗចេញទៅធ្វើការ ដើម្បីទប់នឹងអាកាសធាតុចុះត្រជាក់ភ្លាមៗនេះ ហើយគេឃើញនៅតាមបណ្តាការដ្ឋាន និងតាមផ្សារលក់បែបបុរាណ តាមស្រុកមួយចំនួន មានការដុតភ្លើងគប់ដើម្បីអាំងភ្លើងទប់នឹងអាកាសធាតុត្រជាក់នេះផងដែរ ខណៈដែលអ្នកធ្វើកសិកម្មវិញ កំពុងបន្តតាមដានស្ថានការណ៍អាកាសធាតុ ដើម្បីត្រៀមខ្លួនទប់ផលប៉ះពាល់លើផលដំណាំរបស់ខ្លួនផងដែរ។

បើតាមអជ្ញាធរជំនាញនៃរដ្ឋបាលឧតុនិយម អាកាសធាតុត្រជាក់នេះបណ្តាលមកពីខ្យល់ត្រជាក់បក់មកពីតំបន់ភាគខាងជើងឈៀងខាងលិច តែអាកាសធាតុនៅថ្ងៃបន្តិចនឹងកើនឡើងវិញហើយ ដល់ទៅប្រហែល ១៥អង្សារសេវិញ។ ហើយអជ្ញាធរបានបញ្ជាក់ថានៅព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍ស្អែក អាកាសធាតុអាចនឹងចុះត្រជាក់ដូចគ្នានេះដែរ ដោយនឹងកើនឡើងវិញនៅពេលថ្ងៃបន្តិចដូចថ្ងៃនេះដែរ។

បើតាមការព្យាករណ៍ អាកាសធាតុត្រជាក់ខុសរដូវនេះ នឹងមកសភាពប្រក្រតីធម្មតាវិញចាប់ពីថ្ងៃសុក្រទៅ។

Leave a Reply

Your email address will not be published. Required fields are marked *