កូរ៉េខាងត្បូង៖ ចរាចរណ៍គ្រឿងញៀនខុសច្បាប់តាមរយៈការផ្ញើឥវ៉ាន់ពីក្រៅប្រទេស ចូលមកក្នុងប្រទេសកូរ៉េខាងត្បូង មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ក្រោយពីនិន្នាការនៃការធ្វើដំណើរទៅមកឆ្លងប្រទេស ត្រូវបានរឹតត្បិតដោយសារតែបញ្ហានៃជំងឺកូវីដ នេះបើតាមការបញ្ជាក់របស់មន្ត្រីអជ្ញាធរគយកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ ក្នុងសារព័ត៌មាន Yonhap News។
គិតត្រឹមដើមត្រីមាសទី១នៃឆ្នាំ២០២១ អជ្ញាធរគយនៅព្រលានអ៊ីនឆន់កូរ៉េខាងត្បូង ចាប់បានករណីលួចនាំចូលគ្រឿងញៀនខុសច្បាប់ចំនួន ១៨៩ ករណីហើយ ដែលក្នុងនោះមានជនសង្ស័យ ១៦ នាក់ត្រូវបាននាំខ្លួនបញ្ជូនទៅកាន់តុលាការ។ ក្នុងចំណោមករណីដល់ទៅ ១៨៩នេះ មាន១៨២ករណីហើយ ដែលជាករណីនាំចូលគ្រឿងញៀនតាមរយៈបញ្ញើទំនិញមកពីស្រុកក្រៅ។ តួលេខនេះមានការកើនឡើងខ្ពស់ បើធៀបទៅនឹងឆ្នាំ២០២០កន្លងទៅ ដែលក្នុងរយៈពេលដូចគ្នា អជ្ញាធរចាប់បានករណីផ្ញើគ្រឿងញៀនតាមបញ្ញើទំនិញចូលមកក្នុងប្រទេសកូរ៉េនេះ ត្រឹម ១១៨ករណីប៉ុណ្ណោះ។

អជ្ញាធរបញ្ជាក់ថាគ្រឿងញៀនដែលនាំចូលមកតាមបញ្ញើទំនិញនេះមានទំងន់សរុបដល់ទៅ ៩៦គីឡូក្រាម កើនឡើងប្រមាណជាង ៦៨% ពីទំងន់សរុបត្រឹម៥៧ គីឡូក្រាមប៉ុណ្ណោះ កាលពីឆ្នាំ២០២០កន្លងទៅ។ ក្នុងនោះ មានថ្នាំញៀនមេតំហ្វេតាមីនដល់ទៅ ៥៨គីឡូក្រាមឯណោះ ក្នុងចំណោមថ្នាំញៀនខុសច្បាប់ដទៃទៀត។
គេសង្កេតឃើញថាវិធីសាស្រ្តនៃការលួចនាំចូលគ្រឿងញៀន កាន់តែមានភាពប្លែកៗដើម្បីអាចគេចឱ្យផុតពីភ្នែកអជ្ញាធរមានសមត្ថកិច្ចដែលចាំឆែកឆេរ។ អជ្ញាធរបញ្ជាកថា អ្នកជួញដូរថ្នាំញៀនភាគច្រើនទិញថ្នាំទាំងនេះពីសេវាកម្មសម្ងាត់ ឬតាមប្រព័ន្ធអ៊ីនធើណែត ដែលគេស្គាល់ថាជា Dark Web ជាបណ្តុំប្រព័ន្ធអ៊ីនធើណែតដ៏ធំមួយ ដែលគេអាចចូលទៅធ្វើការបញ្ជាទិញថ្នាំញៀន និងមានបណ្តុំសកម្មភាពខុសច្បាប់ជាច្រើនប្រភេទទៀត។ ក្រោយមកទៀត អ្នកជួញដូរទាំងនោះ ធ្វើការបន្លំថ្នាំញៀនដាក់តាមបញ្ញើទំនិញចូលមកក្នុងប្រទេសកូរ៉េ អាចបង្កប់ក្នុងលិខិត ឬបង្កប់ក្នុងកញ្ចប់ប្រអប់ឥវ៉ាន់ជាដើម។
