កូរ៉េខាងត្បូង៖ ជាមួយនឹងករណីកើនឡើងគួរឱ្យបារម្ភនៃជំងឺកូវីដប្រចាំថ្ងៃក្នុងប្រទេសកូរ៉េ គេសង្កេតឃើញថ្មីៗនេះមានករណីឆ្លងបន្តគ្នាចេញពីក្នុងចំណោមសិស្សសាលានានា ជាបន្តបន្ទាប់ ដែលបង្កជាក្តីបារម្ភថ្មីទៀតលើហានិភ័យនៃជំងឺកូវីដ ខណៈដែលបវេសនកាលថ្មីបានចាប់ផ្តើមកាលពីខែមីនាកន្លងមកនោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។
ចាប់តាំងពីចូលបវេសនកាលថ្មីពីខែមីនាមក គេសង្កេតឃើញបណ្តាវិទ្យាល័យ និងអនុវិទ្យាល័យមានការរាយការណ៍ករណីកូវីដច្រើនជាងសាលាបឋមសិក្សា។ តាមប្រភពពីអជ្ញាធរនៃការិយាល័យអប់រំក្រុងសេអ៊ូល បានឱ្យដឹងថាកាលពីសប្តាហ៍មុនមានបុគ្គលិកសាលាម្នាក់នៅអនុវិទ្យាល័យត្រូវបានរកឃើញវិជ្ជមានកូវីដនៅតំបន់ដុងដេមូន សេអ៊ូល ហើយដែលក្រោយមកបានចម្លងបន្តទៅកាន់សិស្ស៤នាក់។ ករណីមួយផ្សេងទៀតមានគ្រូបង្រៀនម្នាក់ និងសិស្ស៣នាក់ផ្សេងទៀតនៅក្នុងវិទ្យាល័យ នៅចុងណូ ក៏ត្រូវបានរកឃើញវិជ្ជមាន ជាករណីឆ្លងបន្តគ្នាផងដែរ។ សាលារៀនទាំងពីរដែលបានរកឃើញវិជ្ជមានកូវីដក្នុងចំណោមគ្រូ និងសិស្សរបស់ខ្លួននេះបានផ្អាកការសិក្សាផ្ទាល់ ដោយប្តូរទៅជាការរៀនអនឡាញវិញផងដែរ។
ករណីមួយទៀតជាប់ពាក់ព័ន្ធចេញពីសាលាបង្រៀនគួរមួយកន្លែងនៅដេជុន (Daejon) ដែលគិតមកដល់ត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍នេះ មានករណីឆ្លងដល់ទៅ៩៥ករណី ដែលក្នុងនោះ គេរកឃើញថាមានអ្នកដែលបានឆ្លងជាសិស្សមានចំនួន ៦៨នាក់ មកពីវិទ្យាល័យ និងអនុវិទ្យាល័យដល់ទៅ១៦ទីតាំង។ បើតាមការស៊ើបអង្កេតរបស់មន្ត្រីជំនាញបានឱ្យដឹងថា ក្នុងករណីឆ្លងទាំងអស់នោះ មានសិស្សមួយចំនួនមកពីវិទ្យាល័យមួយកន្លែង មិនបានពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឬមិនពាក់តែម្តង ដែលអាចជាហេតុផលមួយនាំឱ្យមានការចម្លងបន្តគ្នានេះ។
មន្ត្រីជំនាញនៃក្រសួងបានឱ្យដឹងថា តាមតួលេខដែលគេមានក្នុងដៃគឺបានឱ្យដឹងថា អ្នកជំងឺកូវីដម្នាក់ បានចម្លងបន្តទៅកាន់មនុស្ស២.៤៩ នាក់ក្នុងអត្រាសិស្សសាលា និងគ្រូបង្រៀនសរុប ១០០,០០០ នាក់នៅតាមវិទ្យាល័យ និងអនុវិទ្យាល័យ ដែលខ្ពស់ជាងតួលេខចម្លងត្រឹមតែ ១.៤៨នាក់ប៉ុណ្ណោះ ក្នុងអត្រាចំណោម ១០០,០០០ នាក់ដូចគ្នាសម្រាប់កម្រិតបឋមសិក្សា។
គិតត្រឹមថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុននេះ ប្រហែលជាប៉ុន្មានសប្តាហ៍ក្រោយពីបវេសនកាលបានចាប់ផ្តើម មានអនុវិទ្យាល័យ និងវិទ្យាល័យចំនួន ៥២ កន្លែងហើយបានផ្លាស់ប្តូរទៅជាការបង្រៀនអនឡាញវិញ គឺ១.៦ ដងខ្ពស់ជាងចំនួនថ្នាក់បឋមសិក្សាដែលបានប្តូរទៅជាការបង្រៀនអនឡាញ។
ជាមួយនឹងតួលេខ និងការអង្កេតនេះ គេហាក់សន្និដ្ឋានបានថា កម្រិតហានិភ័យនៃការឆ្លងកូវីដក្នុងចំណោមថ្នាក់សិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យហាក់មានកម្រិតខ្ពស់ជាង កម្រិតបឋមសិក្សា ហើយក្រសួងក៏បានបញ្ជាក់ផងដែរ មានបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្តែងនូវវិធានការគម្លាតសង្គម និងពាក់ម៉ាស់ជាពិសេសចំពោះសិស្សធំៗ ដោយសារតែពួកគេមានសកម្មភាពជួបជុំគ្នានៅខាងក្រៅសាលារៀនច្រើនជាងសិស្សតូចៗ ហើយមិនសូវខ្វាយខ្វល់ពីការពាក់ម៉ាស់ និងគម្លាតសង្គមនោះទេ។
មន្ត្រីក្រសួងអប់រំក៏បានបញ្ជាក់ផងដែរ ក្រសួងកំពុងបន្តរិះរកវិធានការថ្មីៗបន្ថែមទៀតដើម្បីជួយទប់ស្កាត់ការចម្លងបន្តនៃមេរោគកូរ៉ូណា ដើម្បីអាចបង្កើនសុវត្ថិភាពក្នុងវិស័យអប់រំ ខណៈដែលការបង្រៀនតាមអនឡាញមិនអាចបន្តអនុវត្តជាអចិន្ត្រៃយ៍បានរហូតនោះឡើយ។