តើអ្វីទៅជាភាពជោគជ័យ? ពិតណាស់ គ្មានអ្នកណាអាចកំណត់នូវនិយមន័យឱ្យបានប្រាកដថាតើភាពជោគជ័យជាអ្វីបាននោះទេ។ សម្រាប់អ្នកខ្លះ ភាពជោគជ័យគឺសំដៅដល់ទ្រព្យសម្បត្តិ លុយកាក់ អំណាច បុណ្យសក្តិ អ្នកខ្លះទៀត ភាពជោគជ័យសំដៅដល់ការធ្វើអ្វីមួយទាំងអាជីពការងារ និងរបររកសុីដែលខ្លួនប្រាថ្នាចង់បាន រីឯអ្នកខ្លះវិញ ភាពជោគជ័យគឺត្រឹមជាការរស់នៅក្នុងភាពសុខដុមរមនាជាមួយគ្រួសារប្រកបដោយសុភមង្គលប៉ុណ្ណោះ។
ប៉ុន្តែទោះជានិយមន័យនៃភាពជោគជ័យមានភាពខុសៗគ្នាក៏ដោយ ពិតណាស់នៅលើវិថីឆ្ពោះទៅរកជោគជ័យ អ្នកនឹងជួបប្រទះនឹងឧបសគ្គជាច្រើន ហើយប្រសិនបើអ្នកមិនបានស្គាល់ និងត្រៀមខ្លួនទេនោះ អ្នកអាចនឹងពិបាកទទួលបានភាពជោគជ័យនេះណាស់ បញ្ហាទាំងនោះរួមមាន៖
១. មិនខ្វល់ខ្វាយពីសុខភាព
អ្វីគ្រប់យ៉ាងក្នុងជីវិតយើង នឹងត្រូវបរាជ័យប្រសិនបើសុខភាពអ្នកមានបញ្ហា។ ដូចនេះ វាត្រូវដល់ពេលហើយដែលអ្នកចាប់ផ្តើមបោះបង់ចោលនូវទម្លាប់មិនល្អក្នុងការរស់នៅ ដែលនាំឲ្យមានបញ្ហាសុខភាព ដូចជារបបអាហារមិនមានប្រយោជន៏ ការមិនដែលធ្វើលំហាត់ប្រាណជាដើម។ កុំចាំដល់ពេលដេកនៅលើគ្រែមួយកន្លែងហើយ ទើបអ្នកស្តាយក្រោយមិនបានខិតខំថែរក្សាសុខភាពនោះ។
២. តែងតែយល់ព្រម
អ្នកត្រូវបង្រៀនខ្លួនឯង ឲ្យចេះនិយាយបដិសេធតាមត្រង់ថា “ទេ” បើទោះជាវាអាចធ្វើឲ្យអ្នកដទៃមួយចំនួនប៉ះពាល់ ឬ ឈឺចាប់ក៏ដោយ ប្រសិនបើអ្នកចង់មានភាពជោគជ័យសម្រាប់ខ្លួនឯង។ ឈប់យល់ព្រមចំពោះអ្វីដែលអាចប៉ះពាល់ដល់ការងារ ឬគោលបំណងរបស់អ្នក។ អ្នកត្រូវយល់ឱ្យច្បាស់ពីខ្លួនយើងផ្ទាល់ ពីអ្វីដែលយើងចង់បានជាមុនសិន មុននឹងគិតព្យាយាមឆ្លើយយល់ព្រម ដើម្បីតែផ្គាប់ចិត្ត ឬមិនចង់ឱ្យអ្នកដទៃខឹងយើងនោះ។
៣. គំនិតច្រំដែល
ប្រសិនបើអ្នកដឹងថា ខ្លួនឯងមានគំនិតច្រំដែល អ្នកត្រូវតែផ្លាស់ប្តូរវាចេញ។ អ្នកត្រូវតែចាប់ផ្តើមរៀនសូត្រ ពីអ្វីដែលថ្មី អ្វីដែលមានប្រយោជន៏ អ្វីដែលអាចជួយអ្នកអភិវឌ្ឍខ្លួនឯងបានក្នុងពេលអនាគត។ ទាល់តែអ្នកចាប់ផ្តើមបើកចិត្ត បើកគំនិតការគិតឲ្យទូលំទូលាយ ទើបអ្នកអាចក្លាយជាអ្នកជោគជ័យក្នុងពេលអនាគតបាន។
៤. ធ្វើការងារសព្វបែបសព្វយ៉ាង
ពាក្យចាស់ពោលថា «ចេះដប់ មិនស្មើប្រសព្វមួយ»។ កុំព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ហើយគិតថាអ្នកនឹងអាចសម្រេចបានទាំងអស់ដោយជោគជ័យ។ ផ្ទុយទៅវិញ ត្រូវចេះផ្តោតការយកចិត្តទុកដាក់លើការងារជាក់ស្តែងណាមួយ បើចង់ក្លាយជាអ្នកជោគជ័យ។
៥. រកលេសដោះសារ
ការរកលេស គ្រាន់តែជារបាំងមួយដែលអ្នកយកបាំងខ្លួន ឬមកលួងខ្លួនឯងក្នុងពេលបរាជ័យប៉ុណ្ណោះ។ គ្មានអ្វីដែលមិនអាចសម្រេចបាននោះទេ ប្រសិនបើអ្នកខំប្រឹង ដូចនេះការរកលេសមកបាំងមុខ គ្រាន់ជាទង្វើដែលនឹងរាំងស្ទះការអភិវឌ្ឍរបស់ខ្លួនឯងប៉ុណ្ណោះ។ ជាជាងឱ្យការរកលេសដោះសារ អ្នកគួរស្វែងយល់ពីបញ្ហា ចំណុចខ្សោយដែលត្រូវកែលម្អ ហើយធ្វើឱ្យបានប្រសើរនៅពេលក្រោយៗវិញ។
៦. គ្មាននរណាល្អគ្រប់ដប់ឡើយ
បរាជ័យ ជាជំហានមួយទៅកាន់ភាពជោគជ័យ។ ប្រសិនបើអ្នកខ្លាចបរាជ័យ ហើយមិនហ៊ានប្រឈមមុខនឹងបរាជ័យ នោះអ្នកនឹងគ្មានឳកាសទទួលបានភាពជោគជ័យនោះឡើយ។ ទោះជាបរាជ័យក្តី ក៏ត្រូវយកឱកាសនោះដើម្បីមករៀនសូត្រជាមេរៀនជីវិតផងដែរ។ ត្រូវចាំថា រាល់បុគ្គលដែលជោគជ័យ សុទ្ធតែធ្លាប់មានបទពិសោធន៍ឆ្លងកាត់បរាជ័យទាំងអស់។
៧. ក្រអឺតក្រទម
ភាពក្រអឺតក្រទម នឹងមិននាំអ្នកទៅកាន់ផ្លូវខាងមុខវែងឆ្ងាយបានទេ។ ពេលខ្លះ យើងត្រូវលះបង់ភាពក្រអឺតក្រទមក្នុងខ្លួន ហើយព្យាយាមស្តាប់គំនិត ទស្សនៈអ្នកដទៃ រៀនសូត្រពីគេ ដើម្បីអភិវឌ្ឍខ្លួនបន្ថែម។
៨. តំរូវចិត្តមនុស្សគ្រប់គ្នា
ទោះជាអ្នកធ្វើអ្វីក៏ដោយ ក៏មិនអាចតម្រូវចិត្តមនុស្ស១លាននាក់បានឡើយ។ ដូចនេះ កុំព្យាយាមធ្វើអ្វីឲ្យត្រូវចិត្តអ្នកគ្រប់គ្នា ប៉ុន្តែទទួលយកនូវការមិនពេញចិត្តនោះមកធ្វើការរៀនសូត្រពីវាបន្ថែម។ នៅថ្ងៃណាមួយ អ្នកដែលមិនពេញចិត្ត នឹងអាចផ្លាស់ប្តូរគំនិតអវិជ្ជមានរបស់គេចំពោះអ្នក។
៩. មិនមានការស្រម៉ៃ
បើយើងធ្វើការស្រម៉ៃកាន់តែធំកាលណា នោះការខិតខំប្រឹងប្រែងរបស់យើងកាន់តែខ្លាំងតាមនោះ។ ដូចនេះ បើចង់ក្លាយជាអ្នកជោគជ័យ ចាប់ផ្តើមបង្កើតនូវក្តីស្រម៉ៃរបស់អ្នកឥឡូវនេះ៕