កូរ៉េខាងត្បូង៖ ការិយាល័យបម្រើសេវាកូនខ្មែរនៅកូរ៉េ បានជូនព័ត៌មានអំពីច្បាប់កូរ៉េដែលអនុញ្ញាតបន្ត១ឆ្នាំថែមទៀត សម្រាប់ពលករបរទេសដែលបានដាច់អាណត្តិការងារ៣ឆ្នាំ និង៤ឆ្នាំ១០ខែ នេះបើតាមខ្លឹមសារចុះផ្សាយព័ត៌មានក្នុងសារព័ត៌មាន Yonhap News ផងដែរ។
ការិយាល័យបម្រើសេវាកូនខ្មែរបានបញ្ជាក់ឱ្យដឹងថា ច្បាប់អនុញ្ញាតឱ្យបន្តរយៈពេល១ឆ្នាំ សម្រាប់អ្នកដាច់អាណត្តិ ៣ឆ្នាំ និង៤ឆ្នាំ ១០ខែ ត្រូវបានប្រកាសអោយអនុវត្តន៍ជាផ្លូវការហើយ។ តាមរយៈច្បាប់ថ្មីនេះ បងប្អូនពលករយើងដែលត្រូវបានដាច់អាណត្តិការងារក្នុងអំឡុងពេលនៃវិបត្តិកូវីដឥឡូវនេះ ចាប់ពីថ្ងៃទី១៣ ខែមេសា ២០២១នេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២១ គឺអាចប្តូរពីច្បាប់បន្ត៥០ថ្ងៃ ទៅជាការអនុញ្ញាតបន្តរយៈពេល១ឆ្នំាថែមវិញ ដោយនិយោជក (ថៅកែ) ឬនិយោជិត (ពលករ) មិនចាំបាច់ត្រូវដាក់ពាក្យស្នើសុំបន្តឡើយ។
ច្បាប់ថ្មីនេះ តាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នឹងត្រូវអនុញ្ញាតផ្តល់ជូនសម្រាប់ពលករបរទេសកាន់វីសារ E-9 និងវីសារ H-2 ដែលវិធានការថ្មីនេះគឺត្រូវបានដាក់ចេញឆ្លើយតបទៅនឹងស្ថានការណ៍លំបាកនៃការធ្វើដំណើរទៅមកពីប្រទេសមួយទៅប្រទេសមួយទៀត និងបញ្ហាកង្វះខាតកម្លាំងពលកម្មក្នុងប្រទេសកូរ៉េ ជាពិសេសដោយសារតែស្ថានការណ៍លំបាកនៃជំងឺកូវីដផងដែរ។ បើតាមតួលេខពីអជ្ញាធរជំនាញ យ៉ាងហោចណាស់នឹងមានពលករបរទេសដល់ទៅ ១១៥,០០០ នាក់ដែលនឹងត្រូវទទួលបានការអនុញ្ញាតក្រោមច្បាប់ថ្មីនេះ ឱ្យបន្តអាណត្តិការងារបាន១ឆ្នាំបន្ថែមទៀត ក្រោយពីដាច់អាណត្តិក្នុងអំឡុងពេលបរិច្ឆេទកំណត់នេះ។
ក្នុងនោះដែរ ចំណុចសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ននោះគឺកិច្ចសន្យាការងារ រវាងពលករ និងថៅកែត្រូវតែធ្វើ ហើយការដាក់ពាក្យស្នើសុំប្រព័ន្ធអនុញ្ញាតិការងារប្រើប្រាស់ពលករ ក៏ត្រូវតែធ្វើជាកាតព្វកិច្ចផងដែរ។ យ៉ាងណាមិញ ក៏មានចំណុចមួយចំនួនដែលបញ្ជាក់ពីការមិនអាចបន្តបានក្រោមការកំណត់នៃច្បាប់ថ្មីនេះគឺ សម្រាប់អ្នកដែលធ្លាប់ដាក់ពាក្យស្នើរសុំពន្យាពេលចាកចេញពេលដាច់អាណត្តិពីមុនរួចមកហើយនោះមិនអាចអនុញ្ញាតបន្ត១ឆ្នាំទៀតនេះបានឡើយ។
សូមបញ្ជាក់ថា តាមទិន្នន័យរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០២០កន្លងទៅ ពលករបរទេសកាន់វីសារ E-9 ដែលបានចូលមកដល់ក្នុងប្រទេសកូរ៉េខាងត្បូងមានត្រឹមតែ ៦,៦៨៨ នាក់ប៉ុណ្ណោះ ដោយបានធ្លាក់ចុះយ៉ាងគំហុកពីតួលេខមកដល់នៃពលករបរទេសកាន់វីសារ E-9 ដល់ទៅ ៥១,៣៦៥ នាក់កាលពីឆ្នាំ២០១៩។ ចំណែកពលករបរទេសកាន់វីសារ H-2 ក៏បានធ្លាក់ពី ៦៣,៣៣៩ នាក់ពីឆ្នាំ២០១៩ មកនៅត្រឹម ៦,០៤៤នាក់ ក្នុងឆ្នាំ២០២០កន្លងទៅ។
ផ្តល់ព័ត៌មាន នឹងបកប្រែជូនដោយការិយាល័យបម្រើសេវាកម្មកូនខ្មែរនៅកូរ៉េ
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុក ការិយាល័យបម្រើសេវាកម្មកូនខ្មែរនៅកូរ៉េ