សម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងអាម៉េរិក បន្តតាមដានលើសកម្មភាពវិវត្តថ្មីនៃយោធាកូរ៉េខាងជើង សង្ស័យជាការតម្លើងនាវាមុជទឹកបំពាក់កាំជ្រួចបាលីស្ទីកមីស៊ីល

កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូង ក្រោមការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិក កំពុងបន្តឃ្លាំមើលដោយយកចិត្តទុកដាក់ លើសកម្មភាពចល័តរបស់យោធាកូរ៉េខាងជើង ក្រោយគេសង្ស័យថាកូរ៉េខាងជើងអាចនឹងកំពុងរៀបចំតម្លើង ឬអភិវឌ្ឍនាវាមុជទឹកថ្មីរបស់ខ្លួនដែលអាចផ្ទុកកាំជ្រួចបាលីស្ទីកមីស៊ីលបាន នេះបើតាមការបញ្ជាក់របស់ក្រុមសេនាធិការរួមនៃយោធាកូរ៉េខាងត្បូង (JCS) នៅព្រឹកថ្ងៃចន្ទនេះ។

តាមរយៈការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាក្រុមជំនាញការកូរ៉េខាងត្បូងកំពុងបន្តតាមដានពិនិត្យទៅលើរូបភាពផ្កាយរណបមួយរបស់ 38 North ដែលបានបង្ហាញពីទីតាំងផែនាវាស៊ីនផូ (Sinpo) របស់ប្រទេសកូរ៉េខាងជើង ដែលហាក់ដូចជាមានសកម្មភាពនូវការរំកិលចេញក្បាលគ្រាប់មីស៊ីល ដែលគេសង្ស័យថាអាចជាជួសជុលក្បាលគ្រាប់មីស៊ីលនេះ ឬក៏អាចជាការដាក់ជំនួសវិញដោយក្បាលគ្រាប់មីស៊ីលថ្មីដែលមានទំហំធំ និងសមត្ថភាពខ្លាំងជាងមុខ ដែលអាចបំពាក់ក្បាលគ្រាប់កាំជ្រួចបាលីស្ទីកមីស៊ីលបាញ់ចេញពីនាវាមុជទឹក (SLBM) បានផងដែរ។

រូបភាពមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពិនិត្យការដ្ឋានសាងសង់នាវាមុជទឹកថ្មីមួយ កាលពីឆ្នាំ២០១៩

សម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកបានបន្តសហការគ្នាជិតស្និទ្ធក្នុងការតាមដាននូវសកម្មភាពសង្ស័យរបស់កូរ៉េខាងជើង តែយ៉ាងណាសម្រាប់បច្ចុប្បន្នគេមិនទាន់មានការសន្និដ្ឋានច្បាស់លាស់ណាមួយអំពីសកម្មភាពសង្ស័យដែលគេចាប់បានទាំងនោះទេ។

ក្នុងនោះដែរ កាលពីម្សិលមិញនេះ មានការសង្ស័យថាកូរ៉េខាងជើងហាក់កំពុងមានសកម្មភាពត្រៀមសម្ភោធនូវនាវាមុជទឹកថ្មីទំងន់ដល់ជាង ៣០០០តោន ដែលអាចនឹងមានការជាប់ពាក់ព័ន្ធនឹងសកម្មភាពសង្ស័យរកឃើញថ្មីនៅថ្ងៃនេះផងដែរ តែការសន្និដ្ឋាននៅមិនទាន់មានភាពប្រាកដប្រជានោះឡើយ។ យ៉ាងណាមិញ ប្រភពអ្នកវិភាគជំនាញបានផ្តល់ការវិភាគថា អាចជាលទ្ធភាពទៅរួចដែលកូរ៉េខាងជើងសព្វថ្ងៃបានសាងសង់រួចរាល់នូវនាវាមុជទឹកថ្មីរបស់ខ្លួន ដែលអាចមានសមត្ថភាពផ្ទុកក្បាលកាំជ្រួចបាលីស្ទីកបាញ់ចេញពីនាវាមុជទឹក (SLBM) បានដល់ទៅ៣គ្រាប់ឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *