ក្រោយការពិនិត្យឡើងវិញ កូរ៉េខាងត្បូងសម្រេចជាថ្មី បន្តកម្មវិធីចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca តែហាមឃាត់ មិនផ្តល់ឱ្យអ្នកក្រោមអាយុ ៣០ឆ្នាំ

 កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង សម្រេចចិត្តបើកភ្លើងខៀវអនុញ្ញាតឱ្យបន្តកម្មវិធីចាក់វ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុន AstraZeneca វិញហើយ ក្រោយពីបានផ្អាកកាលពីពាក់កណ្តាលសប្តាហ៍កន្លងមកនោះបារម្ភទៅលើបញ្ហាសុវត្ថិភាពនៃវ៉ាក់សាំង នេះបើតាមការប្រកាសធ្វើឡើងនៅថ្ងៃអាទិត្យនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមរយៈការប្រកាសថ្មីនេះ កម្មវិធីចាក់វា៉ក់សាំងរបស់ AstraZeneca នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមវិញចាប់ពីថ្ងៃចន្ទស្អែកទៅ តែត្រូវលើកលែងសម្រាប់អ្នកដែលមានអាយុក្រោម៣០ឆ្នាំ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។ ប្រធាននៃមជ្ឈមណ្ឌល KDCA ដែលជាអ្នកទទួលបន្ទុកលើកិច្ចការចាក់វ៉ាក់សាំងក្នុងប្រទេសកូរ៉េខាងត្បូងទាំងមូល បានប​ញ្ជាក់ថា បើទោះបីជាបច្ចុប្បន្នយើងរកឃើញករណីកកដុំឈាមដល់ទៅ ៣ ករណីរួចទៅហើយក៏ដោយ តែក្រោយពីបានធ្វើការពិនិត្យ (តាមបែបវិទ្យាសាស្រ្ត)  យើងអាចធ្វើការសន្និដ្ឋានថាករណីទាំងនោះមិនមែនជាផលប៉ះពាល់នៃការទទួលវ៉ាក់សាំងនោះទេ។

ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ ធ្វើបទបង្ហាញពីផលប៉ះពាល់ និងផលប្រយោជន៍នៃវ៉ាក់សាំង AstraZeneca នៅថ្ងៃទី ១១ មេសា ២០២១នេះ

ដោយផ្អែកទៅលើការប្រកាសថ្មីនេះ មានន័យថាអ្នកដែលបានទទួលវ៉ាក់សាំងកូវីដរបស់ AstraZeneca ដូសទី១កន្លងមកនោះ នឹងអាចបន្តទទួលវ៉ាក់សាំងដូសទី២របស់ AstraZeneca នេះទៅតាមកាលកំណត់ តែយ៉ាងណាមិញ អ្នកដែលមានអាយុក្រោម ៣០ឆ្នាំ ត្រូវបានដកចេញពីអ្នកដែលនឹងត្រូវទទួលវ៉ាក់សាំងរបស់ AstraZeneca នេះ ដោយសារតែហានិភ័យនៃការប៉ះពាល់បញ្ហាកកដុំឈាម សម្រាប់ក្រុមមនុស្សអាយុក្រោម៣០ឆ្នាំនេះ អាចមានកម្រិតខ្ពស់ជាង ផលប្រយោជន៍នៃការទទួលវ៉ាក់សាំងទៅវិញ។

ក្នុងនោះដែរ អជ្ញាធរសុខាភិបាលជំនាញក៏គ្រោងនឹងរៀបចំកែសម្រួលផែនការនៃការផ្តល់វ៉ាក់សាំងកូវីដ ដែលបានរៀបចំកន្លងមក សម្រាប់អ្នកដែលមានអាយុក្រោម៣០ឆ្នំា ដែលអាចនឹងប្តូរឱ្យទទួលវ៉ាក់សាំងណាផ្សេងពីវ៉ាក់សាំង AstraZeneca នេះវិញ ដែលបើតាមផែនការកន្លងមក យ៉ាងហោចណាស់ មានអ្នកដែលមានអាយុក្រោម៣០ឆ្នាំ ដល់ទៅ ៦៤០,០០០ នាក់ ដែលគ្រោងនឹងត្រូវទទួលវ៉ាក់សាំង AstraZeneca នេះ ហើយក្នុងនោះមានប្រហែល ១៣៥,០០០ នាក់បានទទួលវ៉ាក់សាំងនេះ ដូសទី១រួចទៅហើយផងដែរ។

សូមបញ្ជាក់ថា កន្លងមកកាលពីថ្ងៃពុធ រដ្ឋាភិបាលកូរ៉េបានសម្រេចផ្អាកកម្មវិធីចាក់វ៉ាក់សាំង AstraZeneca នេះ សម្រាប់មនុស្សក្រោមអាយុ៦០ឆ្នាំ បណ្តោះអាសន្នសិន ក្រោយពីបានរកឃើញករណីកកដុំឈាមបន្តបន្ទាប់ក្រោយពីទទួលវ៉ាក់សាំងនេះ ចំនួន៣ករណី ដែលក្នុងនោះមាន២នាក់មានអាយុខ្ទង់២០ឆ្នាំ តែក្រោយមកដោយមានសេចក្តីប្រកាសចេញដោយអជ្ញាធរនិយ័តករវេជ្ជសាស្រ្តនៃសហភាពអឺរ៉ុប ដែលបានបញ្ជាក់ថាផលប្រយោជន៍នៃការចាក់វ៉ាក់សាំង មានលើសលប់ទៅនឹងផលប៉ះពាល់កម្រដែលអាចកើតមាននោះ បាននាំឱ្យអជ្ញាធរសុខាភិបាលប្រកាសសេចក្តីសម្រេចបណ្តោះអាសន្នរបស់ខ្លួនក្នុងការបន្តវ៉ាក់សាំងវិញ។ នៅថ្ងៃអាទិត្យនេះ ទើបមានសេចក្តីសម្រេចផ្លូវការពីការបន្តកម្មវិធីនេះវិញ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យនេះ កូរ៉េខាងត្បូងមានអ្នកបានចាក់វ៉ាក់សាំងកូវីដដល់ទៅ ១,១៥៦,៩៥០នាក់ ដែលក្នុងនោះអ្នកទទួលវ៉ាក់សាំង AstraZeneca មានចំនួន ៩១៦,៧៨០នាក់ ហើយអ្នកទទួលវ៉ាក់សាំង Pfizer មានចំនួន៣០០​,៦៨០នាក់។ រដ្ឋាភិបាលគ្រោងនឹងចាក់វា៉ក់សាំងកូវីដជូនប្រជាជនខ្លួនឱ្យបានដល់ ១២លាននាក់ ត្រឹមខែមិថុនាខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *