ឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានទទួលជំនួបសម្តែងការគួរសម និងផ្តល់ជាអនុសាសន៍ផ្តាំផ្ញើល្អៗ ជូនក្រុមនិស្សិតមន្ត្រីរាជការ ជ័យលាភីអាហារូបករណ៍ KOICA

កូរ៉េខាងត្បូង៖ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានទទួលជំនួបសម្តែងការគួរសមពីសំណាក់និស្សិតមន្រ្តីរាជការទទួលអាហាររូបករណ៍ KOICA ឆ្នាំ២០២០ ចំនួន១២រូប ក្នុងចំណោម១៨រូប ដែលបានមកសិក្សានៅក្នុងប្រទេសកូរ៉េ កាលពីព្រឹកថ្ងៃសៅរ៍ទី១០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ នៅស្ថាន​ឯកអគ្គរាជទូតផ្ទាល់តាមរយៈការចែករំលែកលើទំព័រហ្វេសប៊ុក។

ក្នុងជំនួបសម្តែងការគួរសមនោះ មានការចូលរួមពីសំណាក់សិស្សនិស្សិតជាមន្ត្រីរាជការ ដែលបានទទួលអាហារូបករណ៍ KOICA មកសិក្សានៅកូរ៉េខាងត្បូងលើជំនាញចំនួន ១១ ដូចជា៖ ទីក្រុងវៃឆ្លាត-រដ្ឋាភិបាលអេឡិចត្រូនិច- High Value added Agriculture for ASEAN -គោលនយោបាយហិរញ្ញវត្ថុ និងពន្ធដារ -វិទ្យាសាស្រ្តថាមពល និងគោលនយោបាយ -Techno-Enterprenure -ភាពជាអ្នកដឹកនាំការអប់រំជាសកល-ការគ្រប់គ្រងអាកាសចរស៊ីវិល- សេដ្ឋកិច្ចសង្គម -ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជំនាញការគ្រប់គ្រងនិងកំណែទម្រង់សាធារណៈជាដើម។

ក្នុងជំនួបដែលមានលក្ខណៈស្វាគមន៍ និងរីករាយនោះ លោក​ឯកអគ្គរាជទូតបានផ្តល់ជាមតិផ្តាំផ្ញើដល់ក្រុមសិស្សនិស្សិតមន្ត្រីរាជការថា ទាំងអស់គ្នាអាចធ្វើការទំនាក់ទំនងមកកាន់ស្ថានទូត ក្នុងករណីមានកិច្ចការចាំបាច់ ហើយក៏បានផ្តាំផ្ញើអោយខិតខំរៀនសូត្រក្រេបយកចំណេះដឹង ជំនាញ និងរបកគំហើញថ្មីៗ របស់កូរ៉េ ដែលអនាគតនឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ក្រសួង-ស្ថាប័ននានាយកទៅអនុវត្ត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាអោយបានកាន់តែរីកចម្រើន។ ក្នុងនោះដែរ ជាមួយគ្នានេះ សូមប្អូនៗចំណាយពេលពីការសិក្សា នាំគ្នាដើរកំសាន្ត ដើម្បីបានស្គាល់ពីទីកន្លែងទេសចរណ៍ៗល្បីៗរបស់កូរ៉េ ហើយសូមនាំគ្នាគោរពច្បាប់ និងបទបញ្ជារបស់សកលវិទ្យាល័យអោយបានខ្ជាប់ខ្ជួន។

ក្រុមនិស្សិតក៏បានថ្លែងអំណរគុណដល់ស្ថានទូតដែលតែងតែយកចិត្តទុកដាក់ដល់និស្សិតៗ និងសហគមន៍ខ្មែរនៅកូរ៉េ ហើយបានបញ្ជាក់ថា បើមើលតាមប្រព័ន្ធបណ្តាញសង្គមរបស់ស្ថានទូត គឺក្រុមការងារមានការមមាញឹកខ្លាំងមែនទែន ហើយបានឆ្លៀតជួបក្រុមនិស្សិតយើងខ្ញុំទាំងថ្ងៃសម្រាកទៀត។

ជាចុងបញ្ចប់ ឯកឧត្តមទូតក៏បានរៀបចំអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានទទួលប្អូនៗទាំង១២ នាក់ និងបានចែកជូនជាសៀវភៅ ប៊ិច ទឹកអាល់កុលលាងដៃ និងម៉ាស KF 94 ម្នាក់៣០ បន្ទះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *