ជនសង្ស័យ ករណីឃាតកម្មលើស្រ្តីម្តាយ និងកូនស្រី២នាក់ ត្រូវបញ្ជូនឡើងតុលាការថ្ងៃនេះ! ប៉ូលីសថា ជនសង្ស័យរៀបផែនការលម្អិតមុនដល់ទៅ​មួយសប្តាហ៍

កូរ៉េខាងត្បូង៖ ជនសង្ស័យមួយរូប ដែលជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មដោយគ្រោងទុកយ៉ាងឃោរឃៅទៅលើម្តាយ និងកូនស្រី២នាក់នៅក្នុងផ្ទះមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូលកាលពីចុងខែមីនានោះ ត្រូវបាននាំខ្លួនឡើងតុលាការហើយនៅថ្ងៃសុក្រនេះ ក្រោយពីប៉ូលីសបានបិទបញ្ចប់ការស៊ើបអង្កេតក្នុងករណីនេះរួចមក បើតាមការចុះផ្សាយក្នុងសារព័ត៌មាន​ Yonhap News។

ជនសង្ស័យនេះឈ្មោះពេញថា គីម តេយ៉ុន​ (Kim Tae-hyun) អាយុ២៤ឆ្នំា ជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មដ៏ឃោរឃៅមួយ ដែលជនសង្ស័យបានតាមឃ្លាំមើល និងចាក់ សម្លា ប់ស្រ្តីរងគ្រោះម្នាក់ រួមនឹងម្តាយរបស់ស្រ្តីរងគ្រោះ និងប្អូនស្រីម្នាក់ទៀត រហូតដល់បាត់បង់ជីវិតទាំងអស់គ្នា នៅក្នុងផ្ទះរបស់ជនរងគ្រោះនៅតំបន់ភាគខាងជើងឈៀងខាងកើតក្រុងសេអ៊ូល កាលពីថ្ងៃទី២៣ មីនា ២០២១កន្លងទៅ។

ដោយយោងទៅតាមទម្ងន់ទោសក្នុងករណីនេះ កាលពីថ្ងៃចន្ទប៉ូលីសកូរ៉េបានបញ្ចេញនូវអត្តសញ្ញាណទាំងស្រុងរបស់ជនសង្ស័យ ដែលមានន័យថាជនសង្ស័យនឹងមិនអាចធ្វើការបិទមុខរបស់ខ្លួន នៅពេលដែលបង្ហាញមុខជាសាធារណៈ ឬនៅពេលដែលសារព័ត៌មានថតរូបនោះទេ។ តាមការចុះក្នុងព័ត៌មាននៅថ្ងៃនេះ ពេលដែលបង្ហាញខ្លួននៅតុលាការ ជនសង្ស័យបានលុតជង្គង់នៅមុខអ្នកសារព័ត៌មាន និងបាននិយាយថាគាត់ពិតជាដឹងខ្លួនខុសយ៉ាងធ្ងន់ដែលនៅបន្តបើកភ្នែក និងបន្តរស់រានមានជីវិតដោយបានប្រព្រឹត្តិរឿងគួរឱ្យអាម៉ាស់បែបនេះ និង​បានសូមអធ្យាស្រ័យចំពោះការខូចខាត និងអ្វីទាំងអស់ដែលខ្លួនបានប្រព្រឹត្តិ ជាពិសេសចំពោះគ្រួសាររងគ្រោះ។ ក្នុងពេលនោះដែរ ស្រ្តីម្នាក់ក្នុងហ្វូងមហាជន បានស្រែកមកដោយកំហឹងថា “សម្លាប់​ គីម តេយ៉ុន ទៅ, អាឃាតករ”

ឆ្លើយទៅនឹងសំនួរទាំងអស់របស់អ្នកសារព័ត៌មាន ជនសង្ស័យបានឆ្លើយតែពាក្យថា សុំទោស មួយម៉ាត់ប៉ុណ្ណោះ។ មហាជនលើកឡើងថាកាយវិការដឹងកំហុស និងសុំអធ្យាស្រ័យរបស់ជនសង្ស័យរូបនេះ គ្រាន់ជាការសម្តែងប៉ុណ្ណោះ ប្រៀបទៅនឹងអំពើឃាតកម្មដ៏ឃោរឃៅដែលជននេះបានប្រព្រឹត្តិទៅលើជនរងគ្រោះដែលខ្លួនសឹងតែមិនស្គាល់ទាល់តែសោះ និងក្រុមគ្រួសារ២នាក់ទៀត។

នៅក្នុងសន្និសីទសារព័ត៌មាន អជ្ញាធរប៉ូលីសលើកឡើងថាជនសង្ស័យបានរៀបចំនូវផែនការយ៉ាងលម្អិតជាមុន យ៉ាងហោចណាស់មួយសប្តាហ៍មុនកើតហេតុ ដោយសារគេរកឃើញភស្តុតាងដែលជនសង្ស័យបានឆែកអ៊ីនធើណែតរកមើលវិធីសាស្រ្តក្នុងការស ម្លាប់ ដែលក្រោយមកបានយកទៅអនុវត្តផ្ទាល់លើជនរងគ្រោះ ហើយជនសង្ស័យថែមទាំងបានស៊ើបដឹងមុនយ៉ាងលម្អិតពេលវេលាដែលជនរងគ្រោះនៅផ្ទះ ឬមិននៅផ្ទះទៀតផង។ បើតាមការបញ្ជាក់របស់អជ្ញាធរ ជនសង្ស័យនឹងរងការចោទប្រកាន់លើបទល្មើសឧក្រិដ្ឋកម្មចំនួន៥ រួមមានបទល្មើសឃាតកម្ម ​បទល្មើសលួចចូលក្នុងគេហដ្ឋាន ការបៀតបៀន និងបទល្មើសដទៃទៀត។

នៅក្នុងករណីកើតហេតុ ជនសង្ស័យបានបន្លំខ្លួនជាអ្នកដឹកជញ្ជូនទំនិញ ដើម្បីចូលទៅផ្ទះជនរងគ្រោះនៅថ្ងៃទី២៣ ខែមីនា ដែលនៅពេលនោះមានតែជនរងគ្រោះជាប្អូនស្រីប៉ុណ្ណោះដែលនៅផ្ទះ។ ក្រោយពីសម្លា ប់ប្អូនស្រីដែលនៅផ្ទះនោះមុនគេហើយ ជនសង្ស័យបាននៅសម្ងំចាំដល់ជនរងគ្រោះជាបងស្រី និងម្តាយមកដល់ផ្ទះ ហើយក៏បានចាក់សម្លា ប់ពួកគេថែមទៀត។ ជនសង្ស័យបានឆ្លើយថាបានស្គាល់ស្រ្តីរងគ្រោះដែលជាបង តាមរយៈហ្គេមអនឡាញមួយ ហើយខ្លួនប្រព្រឹត្តិអំពើឃាតកម្មនេះដោយសារតែខឹងនឹងស្រ្តីរងគ្រោះមិនព្រមទៅជួបខ្លួននៅខាងក្រៅ។

Leave a Reply

Your email address will not be published. Required fields are marked *