កាន់តំណែងថ្មីបាន ២ថ្ងៃ អភិបាលសេអ៊ូលថ្មី បញ្ជាមន្ត្រីពិនិត្យឡើងវិញ វិធានការគម្លាតសង្គមនៅសេអ៊ូល ដើម្បីអាចបន្ថយការប៉ះពាល់លើអ្នករកស៊ីតូចតាច

កូរ៉េខាងត្បូង៖ នៅថ្ងៃសុក្រនេះ អភិបាលក្រុងសេអ៊ូលទើបនឹងជាប់ឆ្នោតថ្មី លោក អូ សេហ៊ូន (Oh Se-hoon) ដាក់ចេញបទបញ្ជាឱ្យមន្ត្រីរបស់ខ្លួនធ្វើការពិនិត្យឡើងវិញទៅលើវិធានការគម្លាតសង្គមដែលបានដាក់ឱ្យអនុវត្តកន្លងមកក្នុងទីក្រុងសេអ៊ូល ដោយបានបញ្ជាក់ថាវិធានការគម្លាតសង្គមអនុវត្តបច្ចុប្បន្ននេះ មិនឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនសេអ៊ូលនោះទេ នេះបើតាមការចុះផ្សាយព័ត៌មានដោយ Yonhap News។

អភិបាលក្រុងថ្មីបានលើកឡើងយ៉ាងដូចនេះ នៅក្នុងកិច្ចប្រជុំឆ្លើយតបទៅនឹងបញ្ហាកូវីដ ជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួន ជាថ្ងៃទី២ នៃការចូលកាន់តំណែងរបស់ខ្លួនក្រោយពីបានបោះឆ្នោតទទួលជ័យជំនះកាលពីថ្ងៃពុធ ទី៧ មេសា កន្លងមកនេះ។ លោកអភិបាលក្រុងក៏បានលើកឡើងថា មកដល់ពេលនេះ គឺជាង១ឆ្នាំ ៤ខែទៅហើយ ដែលក្រុងសេអ៊ូលបានអនុវត្តវិធានការទប់ស្កាត់ និងឆ្លើយតបទៅនឹងជំងឺកូវីដ តែបើនិយាយតាមត្រង់លោកគិតថាអជ្ញាធរក្រុងសេអ៊ូល គួរពិចារណាឡើងវិញថាតើគោលនយោបាយដែលបានដាក់ចេញកន្លងមកនោះគ្រប់គ្រាន់ដែរឬយ៉ាងណា។

អភិបាលក្រុងសេអ៊ូលថ្មី ដែលទើបនឹងជាប់ឆ្នោត

លោកអភិបាលបានបញ្ជាក់ថា​ កន្លងមកអជ្ញាធរគ្រប់លំដាប់ថ្នាក់នៃក្រុងសេអ៊ូលពិតជាបានប្រឹងអស់ពីសមត្ថភាពហើយ តែក្រៅពីអនុវត្តទៅតាមវិធានការទូទៅដែលបានដាក់ចេញពីរដ្ឋាភិបាល តើអជ្ញាធរក្រុងសេអ៊ូលផ្ទាល់ ដែលបានសាកសួរ និងស្តាប់មតិយោបល់ ការតិះទៀន រអ៊ូរទាំ ពីសំណាក់ប្រជាពលរដ្ឋ និងអ្នករកស៊ីផ្ទាល់នៅក្នុងមូលដ្ឋានដែរឬយ៉ាងណា។ ក្នុងនោះដែរ លោកអភិបាលក្រុងថ្មី ដែលជាបេក្ខភាពមកពីគណបក្សប្រឆាំងបានលើកឡើងថា សាធារណជនហាក់កំពុងអស់ជំនឿចិត្តលើវិធានការដាក់ចេញដោយអជ្ញាធរសុខាភិបាលទៅហើយ ដូចជាភាពមិនច្បាស់លាស់នៃការដាក់ចេញវិធានការនានាកន្លងមក ជាក់ស្តែងសប្តាហ៍នេះអជ្ញាធរសុខាភិបាលបានតម្រូវឱ្យផ្អាកកម្មវិធីចាក់វ៉ាក់សាំងកូវីដ AstraZeneca សម្រាប់ក្រុមមនុស្សអាយុក្រោយ៦០ឆ្នាំ តែក្រោយមកមួយថ្ងៃវិញក៏បានចាប់ផ្តើមអនុញ្ញាតឱ្យធ្វើការចាក់វ៉ាក់សាំងនេះបន្ត ដោយមិនមានហេតុផលសមស្របណាមួយទាល់តែសោះ។

សូមបញ្ជាក់ថា កន្លងមកមានការចេញមុខតវ៉ាជាបន្តបន្ទាប់ពីសំណាក់ម្ចាស់អាជីវកម្ម ជាពិសេសអ្នករកស៊ីតូចតាច ទៅលើផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែវិធានការគម្លាតសង្គមដែលបានអនុវត្ត ដើម្បីទប់ស្កាត់ជំងឺកូវីដកន្លងមក ជាពិសេសគឺតាំងពីការចាប់ផ្តើមផ្ទុះឡើងនៃរលកទី៣នៃជំងឺកូវីដនេះឯង។

ជាវិធានការដែលគេយល់ឃើញថាជាការសើរ៉ើលើគោលនយោបាយអនុវត្តដោយរដ្ឋបាលចាស់នោះ លោកអភិបាលក្រុងថ្មីបានបញ្ជាឱ្យ​មន្ត្រីក្រោមឱវាទខ្លួនជួបពិភាក្សាជាមួយតំណាងនៃម្ចាស់អាជីវកម្មនានា ដើម្បីពិនិត្យលើស្ថានការណ៍គម្លាតសង្គមទាំងនេះ ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើការរកស៊ីរបស់ប្រជាជន និងពង្រឹងឱ្យអស់លើលទ្ធភាពលើវិធានការទប់ស្កាត់នឹងជំងឺកូវីដផងដែរ។ ក្នុងនោះដែរ វិធានការកំណត់ម៉ោងអាជីវកម្ម សម្រាប់អាជីវកម្មរកស៊ីគ្រប់ប្រភេទមិនឱ្យមានភ្ញៀវចូលនោះត្រឹមម៉ោង៩ ឬ១០យប់នោះ ក៏ត្រូវបានអភិបាលក្រុងថ្មីស្នើឱ្យមានការពិនិត្យផងដែរ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការ និងហានិភ័យនៃវិស័យអាជីវកម្មនីមួយៗដោយឡែកពីគ្នាផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រនេះ ក្រុងសេអ៊ូលមានករណីឆ្លងកូវីដថ្មីដល់ទៅ ២១៥ នាក់នៅក្នុងក្រុងសេអ៊ូល ខណៈប្រទេសកូរ៉េខាងត្បូងទាំងមូលមានដល់៦៧១ករណី។

Leave a Reply

Your email address will not be published. Required fields are marked *