កូរ៉េខាងត្បូង បន្តអនុវត្តវិធានការគម្លាតសង្គមបច្ចុប្បន្ន ៣ សប្តាហ៍បន្ថែមទៀត ហើយតម្រូវឱ្យបិទក្លឹប និងបាររាត្រី នៅតាមតំបន់ដែលមានការឆ្លងខ្ពស់

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសនឹងបន្តអនុវត្តវិធានការគម្លាតសង្គមដែលមានបច្ចុប្បន្ននេះ សម្រាប់រយៈពេល៣សប្តាហ៍បន្ថែមទៀត ដែលក្នងនោះរួមមានទាំងបម្រាមមិនឱ្យមានការជួបជុំគ្នាលើសពី៥នាក់ឡើងទៅផងដែរ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្នុងកិច្ចប្រជុំពិនិត្យស្ថានការណ៍កូវីដនៅព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថានឹងមានការបន្ថែមវិធានការគម្លាតសង្គមថ្មីមួយចំនួនលើវិធានការមានស្រាប់បច្ចុប្បន្ន ដូចជាការបិទអាជីវកម្មកម្សាន្តពេលយប់ដូចជាបារ ក្លឹបកម្សាន្ត សម្រាប់នៅតំបន់សេអ៊ូល ខេត្តឃ្យ៉ុងគី ក្រុងអ៊ីនឆន់ និងក្រុងប៊ូសាន ដែលសុទ្ធជាតំបន់មានករណីឆ្លងកើតឡើងច្រើន។ វិធានការនេះនឹងត្រូវបន្តអនុវត្តចាប់ពីថ្ងៃចន្ទនេះ រយៈពេល៣សប្តាហ៍ទៅខាងមុខទៀត។

អជ្ញាធរបញ្ជាក់ថាព័ត៌មានលម្អិតបន្ថែមអំពីវិធានការគម្លាតសង្គមដែលនឹងត្រូវអនុវត្តនេះ នឹងអាចត្រូវបានបញ្ជាក់បន្ថែមនៅក្នុងវេលាថ្ងៃសុក្រនេះផងដែរ។

ក្នុងនោះដែរ គោលការណ៍ប្រតិបត្តិអាជីវកម្មភោជនីយដ្ឋាន ហាងកាហ្វេ និងខារ៉ាអូខេជាដើមដែលបច្ចុប្បន្នអាចដំណើរការបានដល់ម៉ោង១០យប់នោះ នឹងនៅតែបន្តអនុវត្តដដែល តែលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា យោងទៅតាមស្ថានការណ៍នៃជំងឺឆ្លងជាក់ស្តែង អជ្ញាធរនឹងផ្តល់ការជូនដំណឹងជាបន្តបន្ទាប់ទៀត ប្រសិនបើវិធានការទាំងអស់នេះត្រូវមានការកែប្រែ។

សម្រាប់បច្ចុប្បន្ននេះ ទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី ក្រុងអ៊ីនឆន់ និងក្រុងប៊ូសានកំពុងស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត២ ខណៈតំបន់ដទៃទៀតទូទាំងប្រទេសស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត១.៥។ តែចំពោះតួលេខនៃការឆ្លងថ្មីជាមធ្យមលើសពី ៤០០ ករណីទូទាំងប្រទេស ក្នុងពីរសប្តាហ៍ចុងក្រោយនេះ គឺល្មមគ្រប់គ្រាន់សម្រាប់ការតម្លើងវិធានការគម្លាតសង្គមទៅកម្រិត​២.៥ហើយ តែយ៉ាងណាអជ្ញាធរមិនទាន់តម្លើងបន្ថែមកម្រិតនៃវិធានការគម្លាតសង្គមនោះទេ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្អែកលើស្ថានការណ៍កូវីដសព្វថ្ងៃក្នុងប្រទេសកូរ៉េ រលកទី៤ថ្មីនៃជំងឺកូវីដដែលអជ្ញាធរព្យាយាមការពារកុំឱ្យកើតមាននោះ ហាក់ដូចជាកំពុងតែមកដល់កាន់តែកៀកមែនទែនហើយ ដូចនេះរដ្ឋាភិបាលនឹងបង្កើនការរឹតបន្តឹងដោយមិនមានការអត់ឱនចំពោះអ្នកដែលល្មើសទៅនឹងបម្រាម និងវិធានការគម្លាតសង្គមនោះទេ ដែលការអនុវត្តវិធានការគម្លាតសង្គមទាំងអស់នឹងត្រូវក្លាយជាកាតព្វកិច្ចរួមគ្នា ដើម្បីអាចចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឹឆ្លងនេះ។

Leave a Reply

Your email address will not be published. Required fields are marked *