មេខ្លោងធំមួយរូប នៃបណ្តាញតេឡេក្រាម ‘Nth room’ ដែលចែកចាយរូប និងវីដេអូអាសអាភាសជនរងគ្រោះស្ត្រីរាប់រយនាក់ ត្រូវជាប់ទោសឃុំឃាំង ៣៤ឆ្នាំ

កូរ៉េខាងត្បូង៖ តុលាការកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បត្តិ៍នេះបានធ្វើការកាត់ក្តី ដាក់ទោសដល់ជនល្មើសជាមេខ្លោងធំមួយរូប ក្នុងការបង្កើត និងប្រតិបត្តិនូវបណ្តាញចែកចាយវីដេអូអាសអាភាស និងការរំលោភបំពានផ្លូវភេទដ៏ធំនៅក្នុងប្រទេសកូរ៉េខាងត្បូង ឈ្មោះថា Nth Room  ឱ្យជាប់ឃុំឃាំង ដល់៣៤ឆ្នាំ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ជនល្មើសជាមេខ្លោងធំរូបនេះ ឈ្មោះថា មូន ម្យ៉ុងវុក (Moon Hyung-wook) មានអាយុ២៤ឆ្នាំ ហើយត្រូវបានតុលាការនៃក្រុងអានដុងកាត់ក្តីឱ្យជាប់ទោសឃុំឃាំងចំនួន៣៤ឆ្នាំ ដោយសារជនល្មើសបានពាក់ព័ន្ធក្នុងបណ្តាញក្រុមតេឡេក្រាម Nth room ដែលកន្លងមកបានចែកចាយខុសច្បាប់នូវវីដេអូរំលោភបំពានផ្លូវភេទរបស់ជនរងគ្រោះជាស្រ្តី និងកូនក្មេងជាច្រើនដល់រាប់ពាន់ករណី ហើយពួកក្រុមជនល្មើសដែលប្រតិបត្តិបណ្តាញតេឡេក្រាម Nth room នេះថែមទាំងបានយកវីដេអូអាសអាភាសរបស់ជនរងគ្រោះជាស្រ្តី ទៅធ្វើការគម្រាមឱ្យជនរងគ្រោះបន្តធ្វើវីដេអូបែបនេះបន្តទៀត ដើម្បីឱ្យពួកជនល្មើសយកមកចែករំលែក និងលក់បន្តក្នុងបណ្តាញខុសច្បាប់របស់ខ្លួន។

ជនល្មើស មូន យ៉ុនវ៉ុក ដែលជាមេខ្លោងធំនៅក្រោយប្រតិបត្តិការនៃបណ្តាញ Nth room នេះ ត្រូវជាប់ទោស ៣៤ឆ្នាំ

ជនល្មើសនេះ មានឈ្មោះហៅក្រៅដែលគេស្គាល់ក្នុងបណ្តាញតេឡេក្រាមនោះថា GodGod ហើយត្រូវបានចាប់ខ្លួនជាមួយបណ្តាបក្សពួកខ្លួននៅពេលដែលករណីដ៏ក្តៅនេះ ត្រូវបានស៊ើបអង្កេត និងបែកធ្លាយដល់សាធារណជនកាលពីខែឧសភា ២០២០កន្លងទៅ។

បណ្តាញតេឡេក្រាម Nth room នេះចាប់ប្រតិបត្តិការតាំងពីខែឧសភា ២០១៩ ដល់ខែកុម្ភៈ ២០២០ ទើបចាប់ផ្តើមបែកធ្លាយ ហើយមានសមាជិកដល់ទៅរាប់ម៉ឺននាក់ ដែលសមាជិកចូលរួមត្រូវបង់លុយដល់ជាង ១.៥លានវ៉ុន (ប្រមាណ ១៣៦០ដុល្លារ) តាមប្រព័ន្ធរូបិយប័ណ្ណឌីជីថល Cryptocurrency ដើម្បីអាចចូលទៅមើលវីដេអូ និងរូបភាពអាសអាភាសដែលចែកចាយពីជនរងគ្រោះជាស្រ្តី និងក្មេងស្រីរាប់ពាន់នាក់។ វីដេអូ និងរូបភាពអាសអាភាសមានមួយចំនួនជាការលួចថត និងចែកចាយនៅក្នុងក្រុមតេឡេក្រាមនេះ ដោយមិនមានការអនុញ្ញាតពីជនរងគ្រោះ និងខ្លះទៀតត្រូវបានពួកជនល្មើសជាអ្នកកាន់បណ្តាញនេះ ធ្វើការគម្រាមដោយពួកជនល្មើសអាចទាញយកព័ត៌មានសម្ងាត់មួយចំនួនរបស់ជនរងគ្រោះពីប្រភពផ្សេងៗ ដើម្បីទៅគម្រាមឱ្យជនរងគ្រោះថតជាវីដេអូ ឬរូបភាពអាសអាភាស ដើម្បីពួកជនល្មើសយកទៅចែកចាយ និងលក់បន្តក្នុងបណ្តាញរបស់ខ្លួន។

បើតាមការស្រាវជ្រាវកន្លងមករបស់អជ្ញាធរ យ៉ាងហោចណាស់មានស្រ្តីរងគ្រោះដល់ទៅ ៧៤នាក់ ក្នុងនោះ ១៦នាក់នៅជាក្មេងស្រីជំទង់នៅឡើយ បានធ្លាក់ខ្លួនជាជនរងគ្រោះក្នុងករណីបណ្តាញចែករំលែកការបំពានផ្លូវភេទដ៏ធំជាងគេក្នុងប្រទេសកូរ៉េនេះ។ ក្នុងនោះដែរ ប៉ូលីសស៊ើបរកឃើញជនល្មើសជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការនេះដល់ទៅជាង ១២៤នាក់។ កាលពីអំឡុងខែវិច្ឆិកា ២០២០នេះ តុលាការបានកាត់ក្តីលើមេខ្លោងធំមួយរូបទៀត ឈ្មោះ ឆូ ជូប៊ីន (Cho Ju-bin) ឱ្យជាប់ឃុំឃាំងដល់ទៅ៤០ឆ្នាំ។

មេខ្លាងធំ ឆូ ជូប៊ីន ដែលកាលពីខែវិច្ឆិកា ត្រូវបានតុលាការកាត់ទោសឱ្យជាប់ទោស ៤០ឆ្នាំ

បណ្តាញតេឡេក្រាម Nth room ដែលចែកចាយ និងលក់វីដេអូ និងរូបភាពអាសអាភាសរបស់ជនរងគ្រោះជាស្រ្តីជាច្រើនរូប

Leave a Reply

Your email address will not be published. Required fields are marked *