ករណីកូវីដថ្មីនៅកូរ៉េ កើនដល់ ៧០០ ករណី ខ្ពស់ជាងគេក្នុង៣ខែចុងក្រោយ! អ្នកជំនាញលើកឡើងថា កូរ៉េខាងត្បូងបានឈានចូលរលកទី៤ នៃជំងឺកូវីដហើយ

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងហាក់កំពុងដើរចូលទៅរកការផ្ទុះឡើងនៃរលកថ្មីជំងឺកូវីដម្តងទៀតហើយ ក្រោយពីករណីឆ្លងប្រចាំថ្ងៃក្នុងប៉ុន្មានថ្ងៃនេះ បន្តកើនឡើងរហូតដល់ចំនួនច្រើនបំផុតក្នុងរយៈពេលពីរ បីខែចុងក្រោយជាបន្តបន្ទាប់ នេះបើតាមការលើកឡើងរបស់អ្នកជំនាញសុខាភិបាល ចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

នៅត្រឹមព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ចំនួននៃករណីឆ្លងកូវីដថ្មី បានកើនឡើងដល់ទៅ៧០០ ករណី ជាតួលេខថ្មីខ្ពស់ជាងគេក្នុងរយៈពេល ៩១ថ្ងៃចុងក្រោយ ខណៈចំនួនឆ្លងសរុបកើនឡើងដល់ ១០៧,៥៩៨ករណីហើយ។ ក្នុងចំណោមអ្នកឆ្លងទាំង៧០០ករណី មាន៦៧៤ករណីជាករណីឆ្លងក្នុងស្រុក ហើយ២៦ករណីទៀតជាករណីឆ្លងពីខាងក្រៅ។ យ៉ាងណាមិញ ក្នុងរយៈជាច្រើនសប្តាហ៍កន្លងមក ករណីឆ្លងថ្មីបន្តកើតឡើងក្នុងចន្លោះពី៤០០ ទៅ៥០០ រហូតកើនដល់​៧០០ករណីនៅថ្ងៃនេះ បើទោះបីជាមានការដាក់ចេញវិធានការបន្តបន្ទាប់ ការបង្កើនកម្រិតគម្លាតសង្គមនៅតាមតំបន់ដែលរងហានិភ័យខ្ពស់រហូតមកនោះ។

បើតាមអ្នកជំនាញសុខាភិបាលកូរ៉េ បានឱ្យដឹងថាតួលេខឆ្លងថ្មីរាល់ថ្ងៃនេះ ហាក់បញ្ជាក់រួចទៅហើយថា កូរ៉េខាងត្បូងបានចូលមកដល់រលកថ្មី គឺរលកទី៤នៃជំងឺកូវីដទៅហើយ ដែលករណីឆ្លងថ្មីអាចនឹងឈានដល់កម្រិតខ្ទង់ពាន់ទៀតផង ប្រសិនបើអជ្ញាធរមិនដាក់ចេញនូវការអនុវត្តវិធានការគម្លាតសង្គម ដូចជាវិធានការចត្តាឡីស័ក និងវិធានការរក្សាគម្លាតសង្គមនៅតាមទីសាធារណៈ ឱ្យបានតឹងតែងខ្លាំងជាងឥឡូវនេះទេនោះ។

អ្នកជំនាញសុខាភិបាលមួយរូបនៅមន្ទីរពេទ្យនៃ សាកលវិទ្យាល័យស្រី្តអ៊ីវា៉ (Ewha Womans University Mokdong Hospital) បានលើកឡើងថា ករណីឆ្លងបច្ចុប្បន្នហាក់មានអ្នកចម្លងដែលមិនបានបញ្ចេញរោគសញ្ញាច្រើនជាង កាលពីអំឡុងពេលរលកទី៣ កន្លងមកទៅទៀត ជាពិសេសដោយសារតែវិធានការអនុញ្ញាតឱ្យអាជីវកម្មកម្សាន្តនានាបើកដំណើរការឡើងវិញនោះ។ អ្នកជំនាញរូបនេះលើកឡើងថែមទៀត ប្រសិនអជ្ញាធរមិនអាចកំណត់មុខសញ្ញាអ្នកដែលចម្លងដោយស្ងៀមស្ងាត់ និងគ្មានរោគសញ្ញាទាំងនោះបានទេ ចំនួនករណីឆ្លងថ្មីអាចនឹងកើនដល់ ១០០០ករណីពីសប្តាហ៍ក្រោយនេះ។

ក្នុងការកើនឡើងនៃករណីកូវីដថ្មីដ៏ច្រើននេះ រដ្ឋមន្ត្រីសុខាភិបាលបានលើកឡើងថារដ្ឋាភិបាលកន្លងមកព្យាយាមអនុវត្តវិធានការគម្លាតសង្គមឱ្យមានភាពបត់បែន តែដោយសារតែទីតាំងអាជីវកម្មមួយចំនួនមិនបានអនុវត្តឱ្យខ្ជាប់ខ្ជួនទៅនឹងវិធានការដែលបានដាក់ចេញ ដែលនាំឱ្យករណីកូវីដថ្មីកើនឡើងជាលំដាប់ដូចនេះ។

សម្រាប់វិធានការគម្លាតសង្គមបច្ចុប្បន្ននេះ គឺទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី ក្រុងអ៊ីនឆន់ និងក្រុងប៊ូសានកំពុងស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត២ ខណៈតំបន់ដទៃទៀតទូទាំងប្រទេសស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត១.៥។ តែចំពោះតួលេខនៃការឆ្លងថ្មីជាមធ្យមលើសពី ៤០០ ករណីទូទាំងប្រទេស ក្នុងពីរសប្តាហ៍ចុងក្រោយនេះ គឺល្មមគ្រប់គ្រាន់សម្រាប់ការតម្លើងវិធានការគម្លាតសង្គមទៅកម្រិត​២.៥ហើយ។ គេរំពឹងថា មិនយូរនោះទេ ក្នុងចុងសប្តាហ៍នេះរដ្ឋាភិបាលកូរ៉េ នឹងប្រកាសតម្លើងវិធានការគម្លាតសង្គមមួយកម្រិតទៀតហើយ ឱ្យកាន់តែតឹងរ៉ឹង ឆ្លើយតបទៅនឹងហានិភ័យចំពោះមុខ។

Leave a Reply

Your email address will not be published. Required fields are marked *