ជនបរទេសនៅសេអ៊ូល រំពឹងថាអភិបាលក្រុងសេអ៊ូលជាប់ឆ្នោតថ្មី នឹងមាននូវគោលនយោបាយល្អ ដែលអាចគាំពារស្មើភាព និងស្មើសិទ្ធ សម្រាប់ជ​នបរទេស

កូរ៉េខាងត្បូង៖ ពលរដ្ឋបរទេសដែលស្នាក់នៅក្នុងទីក្រុងសេអ៊ូល បានបង្ហាញនូវក្តីរំពឹងទុកសំខាន់ៗជាច្រើនទៅលើអភិបាលក្រុងសេអ៊ូលថ្មី ដែលនឹងចូលកាន់តំណែងក្រោយពីការបោះឆ្នោតជ្រើសរើសអភិបាលក្រុង ត្រូវបានបញ្ចប់កាលពីថ្ងៃពុធម្សិលមិញនេះ នេះបើតាមការរាយការណ៍ព័ត៌មានក្នុងសារព័ត៌មាន Korea Times។

ព្រឹត្តិការណ៍នៃការបោះឆ្នោតពិសេសជ្រើសរើសតំណែងអភិបាលក្រុងសេអ៊ូល និងប៊ូសាន និងតំណែងសាធារណៈសំខាន់ៗតាមតំបន់មួយចំនួន ដែលបានធ្វើឡើងកាលពីថ្ងៃទី៧ មេសា ម្សិលមិញនេះ ជាព្រឹត្តិការណ៍សំខាន់ដែលមានការតាមដានជាច្រើនពីសំណាក់ប្រជាជនកូរ៉េ ព្រមទាំងជនបរទេសដែលស្នាក់នៅក្នុងប្រទេសកូរ៉េផងដែរ ជាពិសេសគឺជនបរទេសដែលស្នាក់នៅក្នុងតំបន់ដែលធ្វើការបោះឆ្នោតមាននៅសេអ៊ូល និងប៊ូសាននេះតែម្តង។

ព្រឹត្តិការណ៍បោះឆ្នោតនេះអនុញ្ញាតឱ្យជនបរទេសណា ដែលបានស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេលច្រើនជាង៣ឆ្នាំ រាប់ពីពេលដែលខ្លួនបានទទួលកាតស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសកូរ៉េហើយនោះ អាចធ្វើការបោះឆ្នោតជ្រើសរើសអភិបាលក្រុងបានដូចទៅនឹងប្រជាជនកូរ៉េដែរ។ បើតាមតួលេខរបស់គណៈកម្មការជាតិបោះឆ្នោត (NEC) ជនបរទេសដែលអាចមានសិទ្ធិបោះឆ្នោតមានដល់ទៅ ៣៨,១២៦នាក់ នៅក្នុងទីក្រុងសេអ៊ូល។ អ្នកទាំងនេះគឺជាអ្នកដែលមានសិទ្ធសម្រេចជោគវាសនាថ្នាក់ដឹកនាំនៃទីក្រុងដែលខ្លួនកំពុងស្នាក់នៅអាស្រ័យសព្វថ្ងៃ។

តាមរយៈបទរាយការណ៍នៃការសម្ភាសន៍ជាមួយជនបរទេសមួយចំនួនដែលស្នាក់នៅសេអ៊ូលនោះ គេឃើញថាជនបរទេសមាននូវក្តីរំពឹងទុកមួយចំនួន សង្ឃឹមថាអភិបាលក្រុងសេអ៊ូលដែលចូលមកកាន់តំណែងថ្មី អាចនឹងពិចារណាសម្របសម្រួល។ ជាក់ស្តែង ជនជាតិអង់គ្លេសម្នាក់ អាយុ៤៤ឆ្នាំ ធ្វើការជាគណនេយ្យនៅក្នុងទីក្រុងសេអ៊ូល បានឱ្យដឹងថាខ្លួនរំពឹងថាសាលាក្រុងសេអ៊ូល នឹងអាចបង្កើនកញ្ចប់ថវិកា ដើម្បីជួយផ្គត់ផ្គង់ និងគាំទ្រលើកម្មវិធី ឬគម្រោងទាំងឡាយណាដែលគាំពារដល់ជនបរទេសស្នាក់នៅក្នុងទីក្រុងសេអ៊ូល។ បុរសរូបនេះបានលើកឡើងថា កញ្ចប់ទឹកប្រាក់សម្រាប់គាំពារដល់ជនបរទេស មានការធ្លាក់ចុះក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះ ដែលលោកសង្ឃឹមថា អភិបាលក្រុងថ្មី អាចនឹងគិតគូរពិចារណាផ្តល់ទម្ងន់បន្ថែមដល់គោលនយោបាយផ្សេងៗដែលគាំពារជនបរទេសឡើងវិញ។

ស្រ្តីជនជាតិរុស្ស៊ីម្នាក់ វ័យប្រហែល៤០ឆ្នាំ បានលើកឡើងថាខ្លួនរំពឹងថាបេក្ខភាពអភិបាលក្រុងសេអ៊ូលថ្មី នឹងអាចជំរុញឱ្យបរិយាកាសសិក្សា និងអប់រំនៅក្នុងសាលារៀនមានភាពល្អប្រសើរ និងសុវត្ថិភាពជាងមុន ជាពិសេសទាក់ទងនឹងបញ្ហាក្មេងៗធ្វើបាបមិត្តរួមថ្នាក់ និងមិត្តរួមសាលារបស់ខ្លួន ដែលកន្លងមកបន្តជាបញ្ហារ៉ាំរ៉ៃជាប្រព័ន្ធទៅហើយក្នុងប្រព័ន្ធអប់រំនៅក្នុងប្រទេសកូរ៉េ។ យ៉ាងណា ស្រ្តីខាងលើក៏បានបញ្ជាក់ថា មិនចាំបាច់តែមានការគាំពារពិសេសដល់កូនៗរបស់គ្រួសារបរទេស ឬគ្រួសារកូនកាត់កូរ៉េនោះទេ គឺស្នើឱ្យមានការកែលម្អលើប្រព័ន្ធអប់រំជារួម ដើម្បីឱ្យមានបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព។

ជនបរទេសម្នាក់ទៀត ដែលធ្វើការជាគ្រូបង្រៀនភាសា ក៏បានស្នើឱ្យមានការសម្រួលផ្តល់លក្ខខណ្ឌការងារប្រសើរជាងមុន សម្រាប់គ្រូបង្រៀនភាសាបរទេសនៅតាមសាលា ឬនៅតាមមជ្ឈមណ្ឌលគាំពារគ្រួសារបរទេសជាដើម។ ការងារប្រភេទនេះគឺជ្រើសរើសក្នុងចំណោមស្រ្តីដែលជាជនបរទេស​ ហើយចេះភាសាកូរ៉េ និងចេះភាសាដើមកំណើតរបស់ខ្លួនបានច្បាស់ តែបើតាមការពិនិត្យទៅលើការអនុវត្តជាក់ស្តែងប្រចាំថ្ងៃ បុគ្គលិកជាបរទេសភាគច្រើនទទួលបានលក្ខខណ្ឌការងារមិនស្មើភាពដូចទៅនឹងមិត្តរួមការងារជាជនជាតិកូរ៉េផ្ទាល់នោះទេ។

បរទេសម្នាក់ទៀត ជនជាតិសិង្ហបុរី ដែលជាបុគ្គលិកការិយាល័យ សង្ឃឹមថាអភិបាលក្រុងថ្មីនឹងធ្វើឱ្យទីក្រុងសេអ៊ូលក្លាយជាទីក្រុងដែលស្វាគមន៍ និងអាចឱ្យជនបរទេសអាចស្នាក់នៅ និងចូលរួមបានដោយស្មើភាព ហើយសង្ឃឹមថានឹងមិនមានការដាក់ចេញនូវគោលនយោបាយបែបរើសអើងលើជនបរទេស ដូចទៅនឹងវិធានការកន្លងមកដែលតម្រូវឱ្យជ​នបរទេសទាំងអស់ត្រូវទៅធ្វើតេស្តកូវីដ-១៩ ជាដាច់ខាតនោះទេ។

ស្រ្តីម្នាក់ទៀតជាជនជាតិអាម៉េរិកបានលើកឡើងថា សង្ឃឹមថាអភិបាលថ្មីនឹងអាចសម្រួលឱ្យសេវាកម្មសាធារណៈនានាមានការផ្តល់ជូនដោយស្មើភាព និងអាចសម្រួលបន្ថែមលើវិធីនៃការទទួលយកសេវាសាធារណៈទាំងនោះផងដែរ ដោយសារបច្ចុប្បន្នសេវាសាធារណៈមួយចំនួនធំ ហាក់មិនមានភាពងាយស្រួលក្នុងការទទួលយកពីសំណាក់ជនបរទេសនោះទេ។

សូមបញ្ជាក់ថា បើតាមលទ្ធផលបឋមដែលបានចេញផ្សាយជាបន្តបន្ទាប់កាលពីយប់ថ្ងៃពុធម្សិលមិញ បេក្ខភាពអភិបាលក្រុងសេអ៊ូលមកពីគណបក្សប្រឆាំង គឺគណបក្សអំណាចប្រជាជន លោក Oh Se-hoon បានកំពុងឈានមុខក្នុងសម្លេងឆ្នោត ដែលភាគរយនៃការទទួលបានជ័យជំនះគឺច្រើនលើសលប់ទៅហើយ។ លទ្ធផលផ្លូវការអាចនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ។

បេក្ខភាពអភិបាលក្រុងសេអ៊ូល ដែលកំពុងឈានមុខក្នុងការរាប់សម្លេងឆ្នោត

 

Leave a Reply

Your email address will not be published. Required fields are marked *