កូរ៉េខាងត្បូង៖ អជ្ញាធរកូរ៉េខាងត្បូងសម្រេចផ្អាកបណ្តោះអាសន្នកម្មវិធីចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca សម្រាប់ក្រុមមនុស្សវ័យ៦០ឆ្នាំចុះក្រោម ដោយសាររង់ចាំលទ្ធផលនៃការពិនិត្យឡើងវិញជុំវិញករណីដែលនាំឱ្យមានការកកដុំឈាម នេះបើតាមការចុះផ្សាយបន្ទាន់នៅល្ងាចនេះក្នុងសារព័ត៌មាន Yonhap New។
តាមការប្រកាសនេះ អជ្ញាធរនឹងចាប់ផ្តើមផ្អាកកម្មវិធីចាក់វ៉ាក់សាំងកូវីដ AstraZeneca សម្រាប់ក្រុមមនុស្សវ័យ៦០ឆ្នាំចុះក្រោមទៅ ចាប់ពីថ្ងៃព្រហស្បត្តិ៍ស្អែកនេះទៅ ហើយកម្មវិធីដែលគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំង AstraZeneca នេះសម្រាប់គ្រូបង្រៀន នៅតាមសាលាមត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ប្រហែល ៧ម៉ឺននាក់ ក៏នឹងត្រូវផ្អាកបណ្តោះអាសន្នសិនផងដែរ។
ការសម្រេចបែបនេះ គឺដោយសារតែស្ថាប័នឱសថសាស្រ្តអឺរ៉ុប (EMA) ដែលជានិយ័តករជំនាញសម្រាប់ឱសថរបស់សហភាពអឺរ៉ុប នឹងធ្វើការកោះប្រជុំមួយនៅសប្តាហ៍នេះដើម្បីពិនិត្យទៅលើករណីកកដុំឈាមដែលរកឃើញកន្លងមកក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca នេះរួចមក។ ដូចនេះ អជ្ញាធរកូរ៉េអាចនឹងត្រូវបន្តរង់ចាំលទ្ធផលនៃការពិនិត្យពីភាគីអឺរ៉ុបសិន ទើបខ្លួនសម្រេចចិត្តជាថ្មីថានឹងបន្តកម្មវិធីចាក់វ៉ាក់សាំង AstraZeneca វិញក្នុងកម្រិតណាមួយនោះ។
សូមបញ្ជាក់ថា កន្លងមកប្រហែលជាប៉ុន្មានសប្តាហ៍មុន ស្ថាប័ន EMA នេះបានចេញសេចក្តីប្រកាសផ្លូវការរបស់ខ្លួនបញ្ជាក់ថាមិនមានភស្តុតាងជាក់លាក់ណាមួយដែលភ្ជាប់វ៉ាក់សាំង AstraZencea ទៅនឹងករណីនៃការកកដុំឈាមដែលបានរកឃើញកន្លងមកនោះទេ តែស្ថាប័ននេះក៏មិនបដិសេធចោលនូវករណីកម្រដែលអាចនាំឱ្យមានការពាក់ព័ន្ធទៅនឹងការកកដុំឈាមនេះផងដែរ ដែលភាសាបច្ចេកទេសមានដូចជា disseminated intravascular coagulation (DIC) និង of cerebral venous sinus thrombosis (CVST)។
ប្រធាននៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ ដែលជាស្ថាប័នជំនាញទទួលបន្ទុកការចាក់វ៉ាក់សាំង បានបញ្ជាក់ថាក្រុមអ្នកជំនាញកូរ៉េខាងត្បូង នឹងរង់ចាំមើលលើលទ្ធផលនៃការពិនិត្យរបស់ស្ថាប័ន EMA ដែលនឹងចេញនៅពេលខាងមុខ ដែលក្រុមអ្នកជំនាញកូរ៉េខាងត្បូងនឹងពិនិត្យបន្ថែម ហើយធ្វើការសម្រេចចិត្តក្រោយជាបន្តបន្ទាប់ទៀត។
កន្លងមក ករណីដែលរកឃើញថាកកដុំឈាមនេះ ភាគច្រើនរកឃើញក្នុងចំណោមស្រ្តីដែលមានអាយុក្រោម ៥៥ឆ្នាំ។