ចែករំលែក! ក្រុមហ៊ុន​ Asiana ជូនដំណឹងអតិថិជន មានជើងហោះហើរទៅកូរ៉េខាងត្បូង ហើយកំពុងនៅតាមខេត្ត ត្រូវស្នើសុំលិខិតនេះមួយ ទើបអាចធ្វើដំណើរបាន

កម្ពុជា៖ ក្រុមហ៊ុនអាកាសចរ Asiana Airlines Cambodia បានធ្វើការជូនដំណឹងដល់បងប្អូនខ្មែរយើងទាំងអស់ អំពីនីតិវិធីដែលត្រូវអនុវត្ត ដើម្បីអាចធ្វើដំណើរតាមជើងហោះហើរពីភ្នំពេញ មកប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងពេលដែលកម្ពុជាកំពុងអនុវត្តតាមបទបញ្ជារដ្ឋាភិបាលក្នុងការរាំងខ្ទប់ការធ្វើដំណើឆ្លងខេត្ត នេះបើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុននៅថ្ងៃនេះ។

តាមការជូនដំណឹងរបស់ក្រុមហ៊ុន អាស៊ានណា អ៊ែរឡាញ បានណែនាំទៅភ្ញៀវដែលត្រូវធ្វើដំណើរតាមជើងយន្តហោះ លេខ OZ740 ដែលហោះហើរពីអាកាសយានដ្ឋានភ្នំពេញទៅអាកាសយានដ្ឋានអ៊ីនឆន់ ប្រទេសកូរ៉េខាងត្បូង វេលាម៉ោង១១:៥៥នាទីយប់ ទាំងអស់ ជាពិសេសអ្នកដែលកំពុងស្នាក់នៅតាមខេត្ត ត្រូវទៅសូមលិខិតអនុញ្ញាតការធ្វើដំណើរឆ្លងចូលរាជធានីភ្នំពេញ ពីមន្រ្តីមានសមត្ថកិច្ចដែលនៅក្នុងមូលដ្ឋានកន្លែងស្នាក់នៅរបស់ខ្លួន ដើម្បីជៀសវាងការខកខានមិនបានធ្វើដំណើរជាយថាហេតុ។

ក្នុងនោះដែរ ក្រុមហ៊ុនក៏បានជូនព័ត៌មានផងដែរអំពីបម្រាមធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង ៨យប់ទៅនោះ ភ្ញៀវដែលត្រូវធ្វើដំណើរតាមជើងយន្តហោះ លេខ OZ740 វេនយប់ដដែលនេះ ទាំងអស់ គួរមកព្រលានយន្តហោះមុនម៉ោង ៨យប់ បើអាច ឬភ្ជាប់តាមខ្លួននៅសំបុត្រយន្តហោះ ដែលមានឈ្មោះ នឹងកាលបរិច្ចេទនៃការធ្វើដំណើរ ដើម្បីបង្ហាញទៅមន្ត្រីសមត្ថកិច្ចក្នុងការអនុញ្ញាតការធ្វើដំណើរមកព្រលានយន្តហោះ ដើម្បីជៀសវាងការខកខាន មិនបានធ្វើដំណើរ ជាយថាហេតុ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃអង្គារម្សិលមិញ រដ្ឋាភិបាលបានដាក់ចេញបម្រាមក្នុងការធ្វើដំណើរឆ្លងខេត្តពីខេត្តមួយទៅភូមិសាស្រ្តខេត្តមួយទៀត លើកលែងតែក្នុងភូមិសាស្រ្តភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះ ដែលនឹងអនុវត្តពីថ្ងៃទី៧ ដល់ថ្ងៃទី២០ មេសា។ ក្នុងនោះដែរ រាជធានីភ្នំពេញក៏មានដាក់ចេញនូវបម្រាមគោលចរក្នុងការហាមឃាត់ការធ្វើដំណើរនានាក្នុងទីក្រុងចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹកផងដែរ អនុវត្តពីថ្ងៃទី១ ដល់ថ្ងៃទី១៤មេសាផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *