នាយករដ្ឋមន្ត្រីកូរ៉េ៖ រដ្ឋាភិបាលនឹងបង្កើនការធ្វើតេស្តកូវីដមិនគិតថ្លៃ ឱ្យកាន់តែទូលំទូលាយ ដើម្បីទប់ស្កាត់ហានិភ័យកកើតរលកកូវីដថ្មី ទី៤ទៀត

កូរ៉េខាងត្បូង៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លើកឡើងថារដ្ឋាភិបាលនឹងបង្កើនការធ្វើតេស្តកូរ៉ូណាមិនគិតថ្លៃបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងករណីកូវីដដែលបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ដែលអាចនឹងឈានដល់ការកើតចេញនូវរលកទី៤នៃជំងឺកូវីដក្នុងប្រទេស​ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ការប្រកាសបង្កើនចំនួននៃការធ្វើតេស្តកូវីដមិនគិតថ្លៃនេះ គឺត្រូវបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមការងាររដ្ឋាភិបាលឆ្លើយតបទៅនឹងជំងឺកូវីដ ដោយលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នឹងបង្កើនការធ្វើតេស្តកូវីដមិនគិតថ្លៃបន្ថែមទៀត សម្រាប់អាចឱ្យគ្រប់ៗគ្នាធ្វើតេស្តបានដោយមិនគិតថ្លៃ មិនចាំបាច់អាស្រ័យទៅតាមកម្រិតនៃវិធានការគម្លាតសង្គម ឬតាមអាការៈសង្ស័យនៃជំងឺនោះទេ។

សម្រាប់ការអនុវត្តបច្ចុប្បន្ន ការធ្វើតេស្តជំងឺកូរ៉ូណាមិនគិតថ្លៃ ក្នុងករណីដែលអ្នកមកធ្វើតេស្តបានបង្ហាញអាការៈសង្ស័យណាមួយនៃជំងឺកូវីដ ឬក្នុងករណីដែលទីតាំងណាមួយស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត២ ដែលកំណត់ដោយរដ្ឋាភិបាល ជាក់ស្តែងមានតំបន់ក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី ក្រុងអ៊ីនឆន់ និងក្រុងប៊ូសានសម្រាបបច្ចុប្បន្ននេះ។ ដូចនេះ ក្រោមការប្រកាសថ្មីនេះ មានន័យថារដ្ឋាភិបាលនឹងទទួលអ្នកមកធ្វើតេស្តដោយមិនគិតថ្លៃ ទាំងអ្នកមិនមានរោគសញ្ញា និងអ្នកដែលស្ថិតនៅទីតាំងទូទាំងប្រទេស ដែលស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិតទាបក៏ដោយ។

នៅក្នុងអំឡុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រី ឈុង ស៊ីឃ្យ៉ុន (Chung Sye-kyun) បានលើកឡើងថាប្រសិនបើករណីនៃរលកទី៤ ជំងឺកូវីដនឹងកើតឡើងដូចទៅនឹងក្តីបារម្ភបច្ចុប្បន្នមែននោះ វានឹងជះឥទ្ធិពលខ្លាំងទៅលើដំណើរការនៃកម្មវិធីចាក់វ៉ាក់សាំងកូវីដទ្រង់ទ្រាយទូទាំងប្រទេសនាពេលខាងមុខ ហើយក៏នឹងប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរឹតតែខ្លាំងផងដែរ។

ថ្មីៗនេះ គេសង្កេតឃើញថាមានករណីឆ្លងជាចង្កោមកើតឡើងជាបន្តបន្ទាប់ នៅសឹងគ្រប់ទីតាំងទូទាំងផ្ទៃប្រទេស ដែលចាប់ពីសប្តាហ៍មុនមក ចំនួនឆ្លងហាក់មានការកើនឡើងខ្លាំងលើស៥០០ សឹងរាល់ថ្ងៃ ហើយនៅថ្ងៃពុធនេះករណីឆ្លងកូវីដបានកើនឡើងដល់ជិត៧០០ករណី ជាតួលេខខ្ពស់ជាងគេថ្មីក្នុងរយៈប៉ុន្មានខែចុងក្រោយមកនេះ។

ក្រៅពីការបង្កើនកម្រិតនៃការធ្វើតេស្ត លោកនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យអជ្ញាធរសុខាភិបាលបន្តបង្កើនការតាមដានប្រភពពាក់ព័ន្ធនឹងអ្នកវិជ្ជមានដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានរហ័សផងដែរ ដើម្បីជាមធ្យោបាយទប់ស្កាត់ និងកាត់ផ្តាច់ប្រភពនៃការចម្លងបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *