ការបោះឆ្នោតពិសេស ជ្រើសអភិបាលក្រុងនៅសេអ៊ូល និងប៊ូសាន ចាប់ផ្តើមនៅថ្ងៃនេះ និងបន្តរហូតដល់ម៉ោង ៨យប់ សម្រាប់ប្រជាជនកូរ៉េជាង ១១លាននាក់

កូរ៉េខាងត្បូង៖ ប្រជាជនកូរ៉េមូលដ្ឋាននៅក្រុងសេអ៊ូល និងប៊ូសាន ត្រូវទៅធ្វើការបោះឆ្នោតពិសេស (by-election) ជ្រើសរើសអភិបាលក្រុងថ្មីរបស់ខ្លួន នៅតាមមណ្ឌលបោះឆ្នោត ៣​,៤៥៩ មណ្ឌលនៅក្នុងទីក្រុងទាំងពីរខាងលើ ចាប់ពីព្រឹកព្រលឹម រហូតដល់ពេលល្ងាច ថ្ងៃពុធនេះ។

តាមរយៈការចុះផ្សាយលម្អិតដោយសារព័ត៌មាន Yonhap News ព្រឹត្តិការណ៍បោះឆ្នោតពិសេសជ្រើសរើសអភិបាលក្រុងធំៗទាំងពីរនេះ គឺត្រូវចាប់ផ្តើមនៅថ្ងៃទី ៧ មេសានេះ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង៨យប់ ដែលនឹងធ្វើឡើងនៅតាមមណ្ឌលបោះឆ្នោតដល់ទៅ ៣,៤៥៩ មណ្ឌល។ នៅក្នុងការបោះឆ្នោតដ៏សំខាន់នេះ មានកៅអីចំនួន២១ ដែលនឹងត្រូវធ្វើការជ្រើសរើស រួមមានកៅអីអភិបាលក្រុងទាំងពីរនេះ និងកៅអីមុខតំណែងសាធារណៈដទៃទៀតចំនួន ១៩ មុខតំណែង។

សម្រាប់ក្រុងសេអ៊ូល មានប្រជាជនដែលអាចបោះឆ្នោតបានដល់ទៅ ៨.៤លាននាក់ ខណៈក្រុងប៊ូសានមានប្រជាជនដែលអាចទៅចូលរួមការបោះឆ្នោតនេះដល់ទៅ ២.៩លាននាក់។

សម្រាប់ព្រឹតិ្តការណ៍បោះឆ្នោតជ្រើសអភិបាលក្រុងនេះ អជ្ញាធរបានបើកឱ្យមានការបោះឆ្នោតពិសេសមុន (early voting) ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី២ និងថ្ងៃសៅរ៍ ទី៣ មេសាកន្លងមក ដែលមានអ្នកបានទៅធ្វើការគូសសន្លឹកឆ្នោតរបស់ខ្លួនបានដល់ទៅ ២០.៥៤% ជាកំណត់ត្រាថ្មីដែលមានអ្នកទៅបោះឆ្នោតមុន (early voting) សម្រាប់ព្រឹតិ្តការណ៍បោះឆ្នោតពិសេស (by-election) ច្រើនជាងគេកន្លងមក។ អ្នកដែលទៅបោះឆ្នោតមុន (early voting) គឺសំដៅដល់អ្នកដែលទៅបោះឆ្នោតនៅតាមមណ្ឌលដែលអជ្ញាធរបានរៀបចំឱ្យ ដែលអ្នកមកបោះឆ្នោតមុនទាំងនោះ មិនតម្រូវឱ្យមានការចុះឈ្មោះនៅនឹងមណ្ឌលបោះឆ្នោតដែលគេរៀបចំនោះទេ គឺចូលទៅបោះឆ្នោតយកតែម្តង។ ការរៀបចំបែបនេះ គឺដើម្បីសម្រួលម្យ៉ាងដល់អ្នកដែលស្នាក់នៅឆ្ងាយពីតំបន់ដែលខ្លួនបានចុះឈ្មោះបោះឆ្នោតផ្លូវការ។

បើគិតត្រឹមម៉ោង ៩ព្រឹកនេះ (ម៉ោងក្នុងស្រុកកូរ៉េ) ចំនួនអ្នកដែលបានមកបោះឆ្នោតមានចំនួន ៦.២% ហើយ។ ព្រឹត្តិការណ៍បោះឆ្នោតពិសេសជ្រើសរើសតំណែងអភិបាលក្រុងធំៗទាំងពីរនេះ គឺកើតឡើងដោយសារតែតំណែងធំៗទាំងពីរនេះត្រូវបានទុកចោលឱ្យទំនេរ ក្រោយពីអភិបាលក្រុងសេអ៊ូលបានធ្វើអត្តឃាតកាលពីឆ្នាំកន្លងទៅ ខណៈដែលអភិបាលក្រុងប៊ូសានបានធ្វើការស្នើសុំលាលែងពីតំណែង ក្រោយពាក់ព័ន្ធនឹងរឿងអាស្រូវផ្ទាល់ខ្លួនកន្លងមកនោះ។ បើតាមអ្នកវិភាគ ព្រឹត្តិការណ៍បោះឆ្នោតនេះមានសារៈសំខាន់ខ្លាំងជាពិសេស សម្រាប់ទីក្រុងសេអ៊ូល ដែលអភិបាលក្រុងដែលទទួលបា​នជ័យជំនះអាចនឹងជះឥទ្ធិពលនយោបាយសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ជាតិ ជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងនៅខែមីនា ឆ្នាំ២០២២ខាងមុខនេះ។

បេក្ខភាពអភិបាលក្រុងសេអ៊ូល ពីគណបក្សប្រជាធិបតេយ្យ (ឆ្វេង) និងបេក្ខភាពគណបក្សអំណាប្រជាជន (ស្តាំ)

 

បេក្ខភាពអភិបាលក្រុងប៊ូសាន ពីគណបក្សប្រជាធិបតេយ្យ (ឆ្វេង) និងពីគណបក្សអំណាចប្រជាជន (ស្តាំ)

គេសង្កេតឃើញថា ថ្មីៗនេះរដ្ឋាភិបាលគណបក្សកាន់អំណាចបច្ចុប្បន្នកំពុងបន្តស្ថិតក្នុងស្ថានការណ៍ក្តៅៗមួយចំនួនដូចជាបញ្ហាផ្ទះឡើងថ្លៃផ្ទះខ្លាំង រួមនឹងស្ថានការណ៍នៃជំងឺកូវីដដែលបន្តប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមកូរ៉េ។ ក្នុងនោះដែរ ថ្មីៗនេះក៏មានរឿងអាស្រូវពាក់ព័ន្ធនឹងការឃុបឃិតពីមន្ត្រីអជ្ញាធរដែនដីធំៗ ពាក់ព័ន្ធនឹងការទិញយកអចលនទ្រព្យឯកជន នៅតំបន់ដែលរដ្ឋាភិបាលគ្រោងនឹងធ្វើការអភិវឌ្ឍន៍ ដែលបានក្លាយជាសំណំរឿងក្តៅចុងក្រោយគេបង្អស់ក្នុងទិដ្ឋភាពនយោបាយក្នុងស្រុកនៃប្រទេសកូរ៉េ។

អភិបាលក្រុងដែលជាប់ឆ្នោតនឹងត្រូវចូលបម្រើក្នុងមុខងារដ៏សំខាន់ទាំងពីរនេះ រយៈពេល១៤ខែដែលនៅសល់ពីអាណត្តិនៃអភិបាលក្រុងចាស់ទាំងពីរកន្លងមក។ លទ្ធផលបឋមនៃការបោះឆ្នោតអាចនឹងត្រូវចេញផ្សាយនៅយប់ថ្ងៃពុធនេះតែម្តង ក្រោយពីការបោះឆ្នោតត្រូវបានបញ្ចប់។

ជាមួយនឹងព្រឹតិ្តការណ៍បោះឆ្នោតនេះ អជ្ញាធរសុខាភិបាលក៏បានចាត់វិធានការសុខាភិបាលយ៉ាងតឹងរ៉ឹងផងដែរ ដើម្បីបង្ការហានិភ័យនៃការឆ្លងកូវីដ ដែលអាចកើតចេញពីការចេញទៅបោះឆ្នោតពីសំណាក់មនុស្សរាប់លាននាក់នេះ។

Leave a Reply

Your email address will not be published. Required fields are marked *