នៅកូរ៉េខាងត្បូង វិធានការកត់ឈ្មោះអតិថិជន ពេលចូលភោជីយដ្ឋាននានា ហាក់មិនមានប្រសិទ្ធភាពសោះ ខណៈអជ្ញាធរនឹងបន្តពិនិត្យ និងផាកពិន័យតឹងរ៉ឹង

កូរ៉េខាងត្បូង៖ តាមការអង្កេតជាបន្តបន្ទាប់ពីសំណាក់អជ្ញាធរ និងអ្នកសារព័ត៌មាន គឺមានករណីបំពានទៅនឹងវិធានការការពារកូវីដជាច្រើន នៅតាមភោជនីយដ្ឋាន និងហាងនានាដែលជាគោលការណ៍ តម្រូវឱ្យអ្នកចូលទាំងអស់ធ្វើការកត់ឈ្មោះនៅពេលដើរចូលទៅក្នុងទីតាំងហាង តែភាគច្រើនគឺល្មើសដោយធ្វើការកត់ឈ្មោះតែម្នាក់ តំណាងឱ្យមនុស្សច្រើនជាក្រុមដែលបាន​ចូលទៅក្នុងហាង នេះបើតាមបទរាយការណ៍របស់សារព័ត៌មាន YTN កាលពីយប់ថ្ងៃទី៦ មេសា នេះ។

តាមរយៈបទរាយការណ៍នេះ ឃើញថាក្នុងអាហារដ្ឋានមួយនៅសេអ៊ូល ដែលវិធានការការពារកូវីដតម្រូវឱ្យមានការកត់ឈ្មោះ និងអត្តសញ្ញាណអតិថិជនឱ្យបានលម្អិតនោះ បែរជាមានករណីកត់ឈ្មោះតែមនុស្សម្នាក់តំណាងឱ្យក្រុមមិត្តភក្តិទាំងអស់ ដែលបានចូលមកក្នុងហាងនោះជាមួយគ្នា។ ករណីកត់ឈ្មោះតំណាងនេះ នៅតែមានកើតឡើងជាញឹកញយ បើទោះបីជាវិធានការតម្រូវឱ្យកត់អត្តសញ្ញាណនេះ ត្រូវបានអជ្ញាធរណែនាំឱ្យអនុវត្តដោយតឹងរ៉ឹងអស់ពេលជិត១ឆ្នាំមកហើយក៏ដោយ។

អ្នករាយការណ៍ព័ត៌មានបានលើកឡើងថា ចូលទៅកាន់ហាងដល់ទៅ១០ហាង ខ្លួនសង្កេតឃើញថាបញ្ជីកត់ឈ្មោះសឹងតែទាំងអស់គឺហាក់មិនបានអនុវត្តទៅតាមវិធានការកត់ឈ្មោះនេះឱ្យបានតឹងរ៉ឹងទាល់តែសោះ។ ក្នុងនោះដែរ ម្ចាស់ហាងបានរអ៊ូថាគាត់ដឹងខ្លួនថាពិតជាបានបំពានទៅលើវិធានការតម្រូវឱ្យកត់ឈ្មោះនេះពិតមែន តែតាមការអនុវត្តជាក់ស្តែងគាត់មិនអាចពិនិត្យគ្រប់ភ្ញៀវបាននោះទេ នៅពេលដែលអតិថិជនសម្រុកបុកចូលមកក្នុងហាងច្រើនគ្នានោះ។

យ៉ាងណាមិញ ក៏មានការលើកឡើងថា ពួកគាត់ជាម្ចាស់អាជីវកម្ម ក៏ដូចជាភ្ញៀវអតិថិជនដែរ ពេលខ្លះមិនអាចតាមដានបានលម្អិតនូវវិធានការការពារកូវីដទាំងអស់បាននោះទេ ដោយសារវិធានការហាក់មានការផ្លាស់ប្តូរជាបន្តបន្ទាប់ញឹកញាប់ពេក។ តែម្ចាស់ហាងក៏បានលើកឡើងពីក្តីបារម្ភថា ក្នុងការអនុវត្តរាល់ថ្ងៃដឹងខ្លួនថាខុស និងបានបំពានវិធានការក្នុងនាមជាម្ចាស់អាជីវកម្មពិតមែន ហើយក៏តែងបារម្ភក្នុងករណីដែលត្រូវរងការពិន័យ គឺម្ចាស់ហាងនឹងទទួលរកការពិន័យធ្ងន់ធ្ងរជាងអតិថិជនដែលបំពានទៅទៀត។

សូមបញ្ជាក់ថា តាមរយៈគោលការណ៍អនុវត្តនៅមានជាធរមានសព្វថ្ងៃ នៅក្នុងទីក្រុងសេអ៊ូល វិធានការគម្លាតសង្គមនៅបន្តស្ថិតក្នុងកម្រិត២ ដែលតម្រូវឱ្យមានវិធានការគម្លាតសង្គម និងការពារកូវីដជាច្រើន រួមមានទាំងការកម្រិតម៉ោងអាជីវកម្ម និងការតម្រូវឱ្យមានការកត់អត្តសញ្ញាណច្បាស់លាស់លើអតិថិជនផងដែរ។ ក្នុងនោះដែរ ការជួបជុំគ្នាដែលមានគ្នាលើសពី៤នាក់ឡើង ក៏នៅតែត្រូវហាមឃាត់ផងដែរ។ អជ្ញាធរក៏កន្លងមកតែងតែមានវិធានការចាប់ផាកពិន័យរដ្ឋបាលជាប្រាក់យ៉ាងច្រើនលើអ្នកល្មើសជាបន្តបន្ទាប់ ទាំងម្ចាស់អាជីវកម្ម និងអតិថិជនទូទៅផងដែរ។

ដូចនេះ សូមបងប្អូនខ្មែរយើង ចូលរួមអនុវត្តទៅតាមវិធានការដាក់ចេញតម្រូវដោយអជ្ញាធរ​ ដូចជាអ្នកដែលបានចូលហាងបាយ​ ហាងកាហ្វេជាដេីម​ សូមបំពេញឈ្មោះ​ រឺ​ ស្កេនបាកូត​ តាមបទដ្ឋានការពារជំងឺឆ្លង​ ឥលូវនេះ​ អជ្ញាធរពង្រឹងការត្រួតពិនិត្យ​ និង​ផាកពិន័យ។

Leave a Reply

Your email address will not be published. Required fields are marked *