តាមផ្លូវមកសេអ៊ូល លោកទូត ឡុង ឌីម៉ង់ និងក្រុមការងារ ឆ្លៀតចូលតំបន់ Miryang ជួបក្រុមថៅកែកូរ៉េ និងពិនិត្យស្ថានភាពការងារពលករកសិកម្មខ្មែរយើង

កូរ៉េខាងត្បូង៖ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងក្រុមការងារស្ថានទូតបានឆ្លៀតចូលតំបន់ Miryang ជួបពិភាក្សាការងារជាមួយសមាគមថៅកែកូរ៉េ ដើម្បីពិភាក្សាអំពីសុខទុក្ខ និងការងាររបស់ពលករខ្មែរយើងនៅក្នុងតំបន់កសិកម្មដ៏មមាញឹកនេះ បើតាមការចែករំលែករបស់លោកទូតផ្ទាល់ ក្នុងទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី ៦ មេសា ២០២១នេះ។

លោកទូតបានបញ្ជាក់ថា លោក និងក្រុមការងារនៅក្នុងដំណើរត្រឡប់មកទីក្រុងសេអ៊ូលវិញ បានឆ្លៀតចូលតំបន់ Miryang ដែលជាតំបន់កសិកម្មយ៉ាងមមាញឹក ដើម្បីអាចជួបប្រជុំពិភាក្សាជាមួយសមាគមថៅកែកូរ៉េ ដែលមានពលករខ្មែរយើងធ្វើការជាមួយ នៅក្នុងវិស័យកសិកម្មនៅក្នុងតំបន់មួយនេះ។

ក្នុងជំនួបនោះ ក្រុមថៅកែក៏បានលើកឡើងពីគុណសម្បត្តិ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនពីសំណាក់បងប្អូនពលករខ្មែរយើងដែរ ដែលយើងទាមទារឲ្យមានការកែសម្រួលទាំងសងខាង កែតម្រូវដើម្បីឲ្យមានភាពប្រសើរឡើង។

បន្ទាប់ពីនោះ ក្រុមការងារដឹកនាំដោយលោកទូតក៏បានចុះទៅពិនិត្យដល់បន្ទប់ស្នាក់នៅរបស់បងប្អូនពលការិនីខ្មែរយើង និងផ្ដាំផ្ញើឱ្យថៅកែត្រូវតែរៀបចំលើកកម្ពស់ស្តង់ដាររស់នៅរបស់បងប្អូនពលករឲ្យបានសមរម្យ ថ្លៃថ្នូរ និងមានផាសុកភាពជាងមុន។

សូមបញ្ជាក់ថា តាមរយៈការចែករំលែកតាំងពីដើមសប្តាហ៍នេះ លោកទូត និងក្រុមការងារយុវជន និងស្រ្តីរបស់ស្ថានទូត កាលពីពេលចុងសប្តាហ៍កន្លងទៅបានចុះបំពេញបេសកកម្មសួរសុខទុក្ខ និងជំរុញការងារការទូតសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៅទីក្រុងឆាងវ៉ុន ភាគខាងត្បូងនៃសាធារណរដ្ឋកូរ៉េ។

Leave a Reply

Your email address will not be published. Required fields are marked *