កូរ៉េខាងត្បូង ទទួលកំណត់ត្រាអាកាសធាតុក្តៅបំផុត ប្រចាំខែមីនា ដែលជាហេតុនាំឱ្យផ្កាឈើរីរីកលឿនបំផុតនៅសេអ៊ូល ក្នុងរយៈពេល ៩៩ឆ្នាំចុងក្រោយ

កូរ៉េខាងត្បូង៖ នៅក្នុងខែមីនា កំណត់ត្រាអាកាសធាតុក្តៅបំផុតថ្មីប្រចាំខែ ត្រូវបានកត់ត្រា គាប់ជួនទៅនឹងកំណត់ត្រាថ្មីដែលរដូវផ្កាឈឺរីរីកលឿនបំផុតផងដែរក្នុងប្រទេសកូរ៉េខាងត្បូង នេះបើតាមការបញ្ជាក់ពីអជ្ញាធរឧតុនិយមកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមទិន្នន័យបញ្ជាក់ដោយរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បានឱ្យដឹងថាសីតុណ្ហភាពជាមធ្យមប្រចាំខែមីនាកន្លងមកគឺ កត់ត្រាត្រឹម ៨.៩ អង្សាសេ ជាកំណត់ត្រាសីតុណ្ហភាពប្រចាំមីនាដែលខ្ពស់ជាងគេចាប់តាំងពីការមានការកត់ត្រាទិន្នន័យជាផ្លូវការពីឆ្នាំ១៩៧៣មក។ សីតុណ្ហភាពជាកំណត់ត្រាក្តៅបំផុតមុនឆ្នាំ២០២១នេះ គឺសីតុណ្ហភាពខែមីនាកាលពីឆ្នាំ២០១៨ ដែលមានត្រឹម៨.‌១ អង្សាសេ និង ៧.៩អង្សាសេ កាលពីឆ្នាំ២០២០។

អជ្ញាធរបញ្ជាក់ថា ស្ថានភាពនៃសម្ពាធបរិយាកាសជាន់ខ្ពស់ ជាកត្តាដែលនាំឱ្យសីតុណ្ហភាពកាលពីខែមីនាកន្លងទៅនេះកើនឡើងខ្ពស់ដល់ជាប់កំណត់ត្រាថ្មីនេះ។ ក្នុងនោះដែរ សីតុណ្ហភាពក្តៅប្លែកខ្លាំងជាងគេនេះ ក៏ជាកត្តានាំឱ្យផ្កាឈឺរីនៅតំបន់សេអ៊ូល ចាប់ផ្តើមរីកស្គុសស្គាយលឿនជាងរាល់ដងផងដែរ ដោយបានចាប់ផ្តើមរីកនៅថ្ងៃទី ២៤ មីនាកន្លងមក គឺជាប់កំណត់ត្រារីកលឿនជាងគេបង្អស់ចាប់តាំងពីមានកំណត់ត្រាពីឆ្នាំ ១៩២២មកផងដែរ។

ក្នុងនោះដែរ កាលពីខែមីនាកន្លងទៅ អត្រាកម្រិតទឹកភ្លៀងធ្លាក់សម្រាប់ខែមីនា ក៏មានកម្រិតខ្ពស់ជាងគេដល់លំដាប់ទី៤ ផងដែរ គឺមានដល់១០៩.២មីលីម៉ែត្រ បើគិតតាំងពីឆ្នាំ១៩៧៣មក។

ស្ថានភាពបម្រែបម្រួលនៃអាកាសធាតុនេះ បណ្តាលមកពីបម្លាស់ប្តូរនៃសម្ពាធបរិយាកាសខ្ពស់នៅតំបន់ស៊ីបេរី ព្រមទាំងស្ថានភាពបម្រែបម្រួលនៃចរន្តខ្យល់ដែលបក់មកពីមហាសមុទ្រប៉ាស៊ីហ្វិចផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *