ឆ្នាំ២០២០ បំណុលជាតិកូរ៉េខាងត្បូងកើនឡើង ខ្ពស់បំផុតមិនធ្លាប់មាន ដោយរដ្ឋាភិបាលបង្កើនការលក់សញ្ញាបណ្ណ មកទប់ចំណាយក្នុងស្ថានការណ៍កូវីដ

កូរ៉េខាងត្បូង៖ ក្នុងឆ្នាំ២០២០កន្លងទៅ បំណុលជាតិរបស់កូរ៉េខាងត្បូងកើនឡើងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដោយសារតែគោលនយោបាយបង្កើនទំហំសាច់លុយចាយនៅក្នុងសេដ្ឋកិច្ចជាតិឆ្លើយតបទៅនឹងស្ថានការណ៍នៃជំងឺកូវីដអូសបន្លាយពេញមួយឆ្នាំមកនោះ នេះបើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន​ Yonhap News។

បំណុលជាតិសរុប (National Debt) បានកើនដល់ទំហំ ៨៤៦.៩ ទ្រីលានវ៉ុន (ប្រមាណជាង ៧៥០.៥ ប៊ីលានដុល្លារ) បើគិតត្រឹមចុងខែធ្នូឆ្នាំ២០២០ គឺជាតួលេខដែលមានការកើនឡើងដល់ ១២៣.៧ ទ្រីលានវ៉ុន ធៀបទៅនឹងឆ្នាំកន្លងទៅ២០១៩ នេះបើតាមទិន្នន័យតួលេខសេដ្ឋកិច្ចឆ្នាំ២០២០ ដែលក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូងបានបញ្ចេញ។

តួលេខសេដ្ឋកិច្ចប្រចាំឆ្នាំនេះ ត្រូវបានទទួលការឯកភាពពីរដ្ឋាភិបាល ហើយនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាជាតិដើម្បីពិនិត្យ ក្នុងខែឧសភាខាងមុខ។ ក្នុងរបាយការណ៍នេះបានបង្ហាញថា ការកើនឡើងខ្លាំងនៃបំណុលជាតិនេះដោយសារតែ រដ្ឋាភិបាលកាលពីឆ្នាំ២០២០ បានសម្រេចដាក់លក់នូវសញ្ញាបណ្ណ (bonds) ទៅកាន់សាធារណជនច្រើនជាងមុន ដែលការលក់សញ្ញាបណ្ណនេះគឺដើម្បីបង្កើនទំហំសាច់ប្រាក់សម្រាប់ការចំណាយរបស់រដ្ឋាភិបាល ឆ្លើយតបទៅនឹងស្ថានការណ៍វិបត្តិបណ្តាលពីជំងឺកូវីដនេះឯង។

ជាក់ស្តែង ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញនូវកញ្ចប់ទឹកប្រាក់នៃកញ្ចប់ប្រើប្រាស់បន្ទាន់ដើម្បីសម្រួលដល់អ្នកប៉ះពាល់ដោយស្ថានភាពកូវីដដល់ទៅ ៤ ដងដែលមានទំហំទឹកប្រាក់ដល់ទៅ ៦៧ទ្រីលានវ៉ុន ដែលនាំឱ្យទំហំទឹកប្រាក់ចំណាយរបស់រដ្ឋាភិបាលកូរ៉េក្នុងឆ្នាំ២០២០កើនឡើងដល់ទៅ ៥១២.៣ ទ្រីលានវ៉ុនឯណោះ។

បើប្រៀបទំហំនៃបំណុលជាតិសរុបរបស់កូរ៉េខាងត្បូង ទៅនឹងទំហំនៃផលិតផលជាតិសរុប (GDP) វិញគឺមានទំហំដល់ទៅ ៤៤% ដែលបានកើនឡើងពី ៣៧.៧% កាលពីឆ្នាំ២០១៩។ ក្នុងនោះដែរ បញ្ហាមួយផ្សេងទៀតដែលគេឃើញថាជាផលប៉ះពាល់ពីស្ថានការណ៍កូវីដនោះគឺ ការធ្លាក់ចុះនៃចំណូលពន្ធផងដែរ។

បើតាមការព្យាករណ៍សម្រាប់ឆ្នាំនេះផងដែរ គេរំពឹងថាទំហំនៃបំណុលជាតិនឹងបន្តកើនឡើងខ្លាំង ដោយសារតែតម្រូវការនៃសាច់ប្រាក់សម្រាប់រដ្ឋាភិបាលយកមកជួយដល់ការចំណាយក្នុងសេដ្ឋកិច្ចដែលរងការប៉ះពាល់ដោយជំងឺកូវីដ នៅតែបន្តមានខ្លាំង។ តាមការព្យាការណ៍ ទំហំបំណុលជាតិសរុបត្រឹមឆ្នាំ២០២១អាចនឹងកើនដល់ ៩៦៥.៩ ទ្រីលានវ៉ុន ដែលនឹងនាំឱ្យទំហំបំណុលជាតិសរុបធៀបទៅនឹងទំហំនៃផលិតផលជាតិសរុប (GDP) អាចនឹងកើនដល់ ៤៨.២%ឯណោះ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងមក ជាឆ្នាំដែលសេដ្ឋកិច្ចកូរ៉េមានការធ្លាក់ចុះ ដោយទំហំនៃសេដ្ឋកិច្ចសរុបធ្លាក់ចុះប្រមាណ ១% ដោយសារតែបញ្ហារ៉ាំរ៉ៃនៃជំងឺកូវីដនេះឯង តែបើប្រៀបទៅនឹងប្រទេសធំៗលើពិភពលោក ស្ថានភាពសេដ្ឋកិច្ចដែលធ្លាក់ចុះត្រឹមតែ១% គឺប្រសើរជាងប្រទេសអភិវឌ្ឍន៍ដទៃទៀត។

Leave a Reply

Your email address will not be published. Required fields are marked *