ជាង៤០ថ្ងៃ ក្រោយការចាក់វ៉ាក់សាំងកូវីដនៅកូរ៉េចាប់ផ្តើម មានមនុស្សក្បែរ ១លាននាក់ហើយបានទទួលវ៉ាក់សាំង ហើយគ្រោងកើនច្រើនទៀតក្នុងខែខាងមុខ

កូរ៉េខាងត្បូង៖ រយៈពេលជាង៤០ថ្ងៃក្រោយពីកម្មវិធីចាក់វ៉ាក់សាំងកូវីដនៅក្នុងប្រទេសបានចាប់ផ្តើម មកដល់ឥឡូវគិតត្រឹមថ្ងៃអង្គារនេះ អជ្ញាធរសុខាភិបាលកូរ៉េបានផ្តល់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួនដល់ចំនួនប្រហែល១លាននាក់ហើយ បើតាមការតួលេខថ្មីផ្តល់ដោយអជ្ញាធរជំនាញកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ចំនួនអ្នកបានទទួលវ៉ាក់សាំងកូវីដសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ៩៩៩,៨៧០នាក់ហើយ គឺនៅសល់ត្រឹមតែប្រមាណមួយរយនាក់ជាងទៀតប៉ុណ្ណោះដើម្បីអាចសម្រេចបានតួលេខ១លានគត់។ តួលេខនេះគឺប្រមាណ១.៩២% នៃចំនួនប្រជាជនសរុបក្នុងប្រទេសកូរ៉េខាងត្បូងចំនួន ៥២លាននាក់។ ក្នុងចំណោមអ្នកទទួលបានវ៉ាក់សាំងជាង១លាននាក់នេះ គឺភាគច្រើនសុទ្ធតែទទួលបានត្រឹមដូសទី១ទាំងអស់ ដែលក្នុងនោះមានត្រឹមតែ ២៧,៦៩១នាក់ប៉ុណ្ណោះត្រូវបានទទួលវ៉ាក់សាំងទាំងពីរដូស។

ក្នុងចំណោមអ្នកទទួលបានវ៉ាក់សាំងទាំងអស់ មាន ៨៧០,៧២៤នាក់ បានទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca ជាក្រុមហ៊ុនរបស់អង់គ្លេស និងស៊ុយអែត ដែលក្នុងនោះភាគច្រើនគឺជាមន្ត្រី និងបុគ្គលិកសុខាភិបាល និងបុគ្គលិកនៅមណ្ឌលថែទាំចាស់ជរាជាដើម ហើយចំណែកឯមនុស្ស ១២៩,១៤៥នាក់ទៀតបានទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ពីសហរដ្ឋអាម៉េរិក។

គេសង្កេតឃើញថា ដំណើរការចាក់វ៉ាក់សាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ក្រោយពីរដ្ឋាភិបាលចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាជនទូទៅអាយុចាប់ពី៧៥ឆ្នាំឡើងទៅ កាលពីពេលថ្មីៗនេះ ហើយបើតាមការបញ្ជាក់ពីអជ្ញាធរ គ្រោងនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងជូនសាធារណជនទូទៅអាយុពី៦៥ ដល់៧៤ឆ្នាំ ចាប់ពីខែឧសភាទៅផងដែរ។

យ៉ាងណាក៏ដោយ ថ្មីៗនេះមានការព្រួយបារម្ភអំពីបញ្ហានៃការដឹកជញ្ជូនមកដល់យឺតយ៉ាវនៃវ៉ាក់សាំងកូវីដដែលរដ្ឋាភិបាលបានបញ្ជាទិញកន្លងមក ដែលនាំឱ្យប៉ះពាល់ដល់ការអនុវត្តកម្មវិធីផ្តល់វ៉ាក់សាំងផងដែរ ដែលត្រូវបានសាធារណជនមួយចំនួនលើកឡើងថានៅមានការយឺតយ៉ាវខ្លាំង បើប្រៀបទៅនឹងប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួន។ ឆ្លើយតបទៅនឹងបញ្ហានេះ អជ្ញាធរបានចេញបកស្រាយថាកន្លងមកក្នុងខែមីនា កូរ៉េខាងត្បូងបានទទួលវ៉ាក់សាំងចំនួន២.៦៩លានដូសដឹកមកដល់ហើយ។ ក្នុងនោះដែរ អជ្ញាធរក៏បានបញ្ចប់ការចរចារួចរាល់ជាមួយភាគីក្រុមហ៊ុនផ្គត់ផ្គង់ហើយ ថាត្រឹមចុងខែមិថុនាខាងមុខនេះ វ៉ាក់សាំងកូវីដសរុបដល់ទៅ ១៨.០៨លានដូស នឹងត្រូវដឹកមកដល់កូរ៉េខាងត្បូងផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃនេះ កូរ៉េខាងត្បូងនៅតែបន្តរកឃើញករណីឆ្លងកូវីដថ្មីចន្លោះពី ៤០០ ទៅ៥០០ជាងករណី ដែលហាក់មិនទាន់មានសញ្ញានៃការថមថយទាល់តែសោះ ហើយថ្មីៗនេះអជ្ញាធរក៏បានបង្ហាញពីក្តីបារម្ភចំពោះលទ្ធភាពនៃការករកើតឡើងនូវរលកថ្មីមួយផ្សេងទៀតនៃជំងឺកូវីដផងដែរ ក្រោយពីគេរកឃើញករណីឆ្លងជាចង្កោមសហគមន៍ថ្មីៗជាបន្តបន្ទាប់ផងនោះ។

Leave a Reply

Your email address will not be published. Required fields are marked *