ពីទីក្រុងប៊ូសាន ករណីវិជ្ជមានកូវីដ ពាក់ព័ន្ធចេញពីទីតាំងកម្សាន្តខារ៉ាអូខេ កើនដល់ជាង៣០០ករណីហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ

កូរ៉េខាងត្បូង៖ ក្រុងប៊ូសានកំពុងតែបន្តរកឃើញករណីឆ្លងជាសហគមន៍កើនឡើងច្រើន ចេញពីហាងកំសាន្តនានានៅក្នុងក្រុង ដែលមកដល់ពេលនេះរកឃើញករណីវិជ្ជមានពាក់ព័ន្ធដល់ជាង ៣០០នាក់ហើយជាបុគ្គលិក អតិថិជន និងអ្នកពាក់ព័ន្ធដទៃទៀត ចាប់តាំងពីចុងខែមីនាកន្លងមកដល់ថ្ងៃនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមមន្ត្រីនៃក្រុងប៊ូសាន ចំនួនករណីឆ្លងវិជ្ជមានកូវីដប្រភពចេញពីហាងខារ៉ាអូខេ និងប្រភេទហាងកម្សាន្តប្រហាក់ប្រហែលគ្នាបែបនេះនៅក្នុងក្រុងប៊ូសានទាំងមូលបានកើនដល់ចំនួន ២៨៧ករណីហើយ គិតត្រឹមថ្ងៃចន្ទនេះ ជាសប្តាហ៍ទី៤ ក្រោយពីរកឃើញករណីឆ្លងវិជ្ជមានចេញពីទីតាំងទាំងនេះ។

ក្នុងចំណោមអ្នកវិជ្ជមានទាំងអស់មាន ៥២នាក់ ជាបុគ្គលិកនៅតាមទីតាំងកម្សាន្តទាំងនោះ ៦៥នាក់ជាអតិថិជន និង១៧០នាក់ជាអ្នកដែលបានពាក់ព័ន្ធផ្ទាល់ជាមួយអ្នកឆ្លងវិជ្ជមានក្នុងករណីនេះ។ ករណីឆ្លងជាចង្កោមនេះផ្ទុះចេញដំបូងកាលពីថ្ងៃទី ២៤ ខែមីនា នៅពេលដែលមនុស្ស១៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងទីតាំងខារ៉ាអូខេមួយកន្លែង​ត្រូវបានរកឃើញឆ្លងវិជ្ជមានកូវីដ-១៩។ ករណីនេះបានរកឃើញអ្នកវិជ្ជមានឆ្លងជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដែលមានយ៉ាងហោចណាស់ដល់ទៅ៤០% នៃករណីឆ្លងប្រចាំថ្ងៃក្នុងទីក្រុងប៊ូសានទាំងមូល។

អ្នកជំនាញបានលើកឡើងថា ករណីឆ្លងនេះអាចជាលទ្ធផលនៃការផ្អាកនៃការអនុវត្តវិធានការគម្លាតសង្គមនៅប៊ូសានដែលហាមឃាត់លើម៉ោងប្រតិបត្តិការនៃហាង និងទីតាំងកម្សាន្តទាំងអស់នេះដែលកំណត់ត្រឹមម៉ោង១០យប់ កាលពីថ្ងៃទី១៥មីនាកន្លងមក។

ដោយសារតែហានិភ័យនៃករណីឆ្លងជាសហគមន៍នេះហើយ ប៊ូសានបានតម្លើងវិធានការគម្លាតសង្គមទៅដល់កម្រិត២វិញ ហើយបានចេញបញ្ជារដ្ឋបាលឱ្យបុគ្គលិក និងអតិថិជនទាំងអស់ត្រូវទៅធ្វើតេស្តកូរ៉ូណាឱ្យបានគ្រប់គ្នាផងដែរ ដែលចាប់តាំងពីថ្ងៃសុក្រមក មានអ្នកបានចេញទៅធ្វើតេស្តតាមបទបញ្ជានេះមាន ៦៨៣នាក់ជាបុគ្គលិក និង៨៧នាក់ជាអតិថិជន។ គេបានរកឃើញករណីវិជ្ជមានចេញពីការធ្វើតេស្តនេះ ចំនួន៤នាក់ថែមទៀតផងដែរ។ ចំពោះការអនុវត្តបទបញ្ជានេះ សាលាក្រុងប៊ូសានគ្រោងនឹងធ្វើការផាកពិន័យក្នុងករណីរកឃើញបុគ្គលិក ឬអតិថិជនដែលបានទៅកន្លែងកម្សាន្តទាំងអស់ចាប់តាំងពីថ្ងៃទី ១៥មីនាមក ហើយមិនទៅធ្វើតេស្ត ឬចម្លងទៅកាន់អ្នកដទៃទៀតដោយសារតែមិនបានធ្វើតេស្តតាមការកំណត់នេះ។

Leave a Reply

Your email address will not be published. Required fields are marked *