ប៉ូលីសកូរ៉េខាងត្បូង សម្រេចបង្ហាញអត្តសញ្ញាណជនសង្ស័យ ពាក់ព័ន្ធករណីឃាតកម្មលើស្រ្តីជាម្តាយ និងកូនស្រី២នាក់ នៅសេអ៊ូលកាលពីចុងខែមីនាកន្លងមក

កូរ៉េខាងត្បូង៖ ប៉ូលីសក្រុងសេអ៊ូលបានធ្វើការបង្ហាញនូវអត្តសញ្ញាណនៃជនសង្ស័យមួយរូប ដែលជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មយ៉ាងឃោរឃៅទៅលើម្តាយ និងកូនស្រី២នាក់នៅក្នុងផ្ទះមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល កើតឡើងកាលពីចុងខែមីនាកន្លងមក នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ជនសង្ស័យនេះឈ្មោះពេញថា គីម តេយ៉ុន​ (Kim Tae-hyun) អាយុ២៤ឆ្នំា ហើយត្រូវបានចោទប្រកាន់ក្នុងករណីឃាតកម្មដ៏ឃោរឃៅមួយ ដែលជនសង្ស័យបានតាមឃ្លាំមើល និងចាក់ សម្លា ប់ស្រ្តីរងគ្រោះម្នាក់ រួមនឹងម្តាយរបស់ស្រ្តីរងគ្រោះ និងប្អូនស្រីម្នាក់ទៀត រហូតដល់បាត់បង់ជីវិតទាំងអស់គ្នា នៅក្នុងផ្ទះរបស់ជនរងគ្រោះនៅតំបន់ភាគខាងជើងឈៀងខាងកើតក្រុងសេអ៊ូល កាលពីថ្ងៃទី២៣ មីនា ២០២១កន្លងទៅ។

ក្រោយពីរកឃើញមុខសញ្ញាជនសង្ស័យ ក្រុមអជ្ញាធរប៉ូលីសបានបើកការប្រជុំជំនាញផ្ទៃក្នុងនៅរសៀលថ្ងៃចន្ទនេះ ដើម្បីសម្រេចថាគួរបង្ហាញអត្តសញ្ញាណបុគ្គលរបស់ជនល្មើសនេះ រួមមានរូបថត និងឈ្មោះពិតឬទេ ដើម្បីជាប្រយោជន៍ដល់សាធារណជនទូទៅ ដោយសារតែទម្ងន់ទោសដ៏ធ្ងន់ធ្ងររបស់ជនសង្ស័យរូបនេះ។ គណៈកម្មការជំនាញនេះបានបញ្ជាក់ថា អជ្ញាធរប៉ូលីសបានរកឃើញ និងប្រមូលភស្តុតាងជាច្រើនពាក់ព័ន្ធនឹងករណីនេះ ហើយជនសង្ស័យក៏បានសារភាពថាបានគ្រោងទុករៀបចំនូវអំពើឃាតកម្មជាមុនដោយចេតនា ហើយបានសារភាពទៅនឹងការសម្លា ប់នេះពិតមែនផងដែរ។

រូបភាពជនសង្ស័យ

ជាមួយនឹងសេចក្តីសម្រេចនៃកិច្ចប្រជុំពាក់ព័ន្ធនឹងការបើកបង្ហាញអត្តសញ្ញាណនេះ ជនសង្ស័យនឹងមិនអាចធ្វើការបិទមុខរបស់ខ្លួន នៅពេលដែលបង្ហាញមុខជាសាធារណៈ ឬនៅពេលដែលសារព័ត៌មានថតរូបនោះទេ។

បើតាមការបញ្ជាក់ពីប៉ូលីស ជនសង្ស័យត្រូវបានតាមចាប់ខ្លួនបាន ខណៈដែលកំពុងមានរបួសនៅលើករបស់ខ្លួន ដែលបង្កដោយខ្លួនឯង ២ថ្ងៃក្រោយពីករណីឃាតកម្មនេះកើតឡើង។ នៅក្នុងករណីកើតហេតុ ជនសង្ស័យបានបន្លំខ្លួនជាអ្នកដឹកជញ្ជូនទំនិញ ដើម្បីចូលទៅផ្ទះជនរងគ្រោះនៅថ្ងៃទី២៣ ខែមីនា ដែលនៅពេលនោះមានតែជនរងគ្រោះជាប្អូនស្រីប៉ុណ្ណោះដែលនៅផ្ទះ។ ក្រោយពីសម្លា ប់ប្អូនស្រីដែលនៅផ្ទះនោះមុនគេហើយ ជនសង្ស័យបាននៅសម្ងំចាំដល់ជនរងគ្រោះជាបងស្រី និងម្តាយមកដល់ផ្ទះ ហើយក៏បានចាក់សម្លា ប់ពួកគេថែមទៀត។

តាមការសារភាព ជនសង្ស័យឆ្លើយថាបានស្គាល់ស្រ្តីរងគ្រោះជាបង តាមរយៈហ្គេមអនឡាញមួយ ហើយខ្លួនប្រព្រឹត្តិអំពើឃាតកម្មនេះដោយសារតែខឹងនឹងស្រ្តីរងគ្រោះមិនព្រមទៅជួបខ្លួននៅខាងក្រៅ។ បើតាមការលើកឡើងរបស់ប៉ូលីស គេសង្ស័យថាជនរូបនេះបានលួចតាមឃ្លាំមើលស្រ្តីរងគ្រោះអស់ជាច្រើនខែមកហើយមុនកើតហេតុ។

ជនសង្ស័យនៅពេលត្រូវបាននាំខ្លួនចូលតុលាការ កាលពីថ្ងៃទី៤ មេសា ម្សិលមិញនេះ

Leave a Reply

Your email address will not be published. Required fields are marked *