ក្រុមហ៊ុនយក្ស LG Electronic ប្រកាសផ្លូវការដកខ្លួនចេញពីទីផ្សារទូរស័ព្ទដៃហើយ ក្រោយរងការខាតបង់ជាច្រើនឆ្នាំ អស់ដល់ជាងរាប់ពានលានដុល្លារកន្លងមក

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនអេឡិកត្រូនិកកូរ៉េខាងត្បូង LG Electronics ប្រកាសជាផ្លូវការនៅថ្ងៃចន្ទនេះហើយថា នឹងដកខ្លួនចេញពីឧស្សាហកម្មទូរស័ព្ទដៃ ក្រោយពីបានបាត់បង់ប្រាក់ចំណូល និងខាតបង់ប្រាក់អស់យ៉ាងច្រើនសន្ធឹកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការប្រកួតប្រជែងពីដៃគូប្រកួតធំៗក្នុងទីផ្សារ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន​ Korea Times។

បើតាមការប្រកាសផ្លូវការ ក្រុមហ៊ុនបានបញ្ជាក់ថានឹងផ្នែកផលិតទូរស័ព្ទទំនាក់ទំនង (MC) របស់ខ្លួន ដែលសំដៅដល់ទីផ្សារទូរស័ព្ទដៃរបស់ក្រុមហ៊ុន នឹងបញ្ឈប់ការផលិត និងតាំងលក់ផលិតផលទូរស័ព្ទក្នុងទីផ្សារចាប់ពីថ្ងៃទី ៣១ ខែកក្កដានេះទៅហើយ ដោយបានលើកហេតុផលនៃបរាជ័យការប្រកួតប្រជែងនៅក្នុងទីផ្សារដ៏ធំមួយនេះ។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយពីក្រុមហ៊ុន LG Electronics បានបញ្ជាក់ថានឹងពិនិត្យមើលទៅលើ “គ្រប់លទ្ធភាព” សម្រាប់ប្រតិបត្តិការទៅពេលអនាគតនៃទីផ្សារទូរស័ព្ទដៃរបស់ខ្លួន។

តាមរយៈទិន្នន័យទីផ្សារកន្លងមក ក្រុមហ៊ុន LG បានខាតបង់ក្នុងទីផ្សារផលិតទូរស័ព្ទដៃរបស់ខ្លួនជាច្រើនឆ្នាំតាំងពីឆមាសទី២ នៃឆ្នាំ២០១៥មកម្លេះ។ បើគិតការខាតបង់សរុបរហូតមកដល់ចុងឆ្នាំ២០២០នេះ គឺក្រុមហ៊ុនបានខាតបង់ដល់ទៅ ៥ទ្រីលានវ៉ុន (ប្រមាណជាង ៤.៤ប៊ីលានដុល្លារ) សម្រាប់តែទីផ្សារទូរស័ព្ទដៃនេះមួយ ឯណោះ។

ចំពោះការសម្រចចិត្តចាកចេញនេះ ក្រុមហ៊ុនបានបញ្ជាក់ថាសម្រាប់រយៈពេលខ្លីខាងមុខ ការចាកចេញពីទីផ្សារទូរស័ព្ទដៃដ៏ធំនេះនឹងនាំឱ្យក្រុមហ៊ុនមានប្រាក់ចំណូលធ្លាក់ចុះ ប៉ុន្តែការធ្លាក់ចុះចំណូលនេះនឹងត្រូវកែសម្រួលល្អឡើងវិញ ដោយសារការគ្រប់គ្រងហិរញ្ញវត្ថុ និងបែបផែននៃការគ្រប់គ្រងទាំងមូលក្នុងក្រុមហ៊ុនមានភាពប្រសើរជាងមុនវិញ សម្រាប់ដំណើរការរយៈពេលវែងទៅមុខ។ បើតាមអ្នកវិភាគ ប្រសិនបើក្រុមហ៊ុនចាកចេញពីទីផ្សារទូរស័ព្ទដៃដែលខ្លួនបន្តឃើញប៊ិចក្រហមរហូតនោះ ប្រាក់ចំណេញពីប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុននឹងកើនបន្ថែមដល់ ១ទ្រីលានវ៉ុនឯណោះ។

បើតាមការលើកឡើងពីប្រភពផ្ទៃក្នុងបានឱ្យដឹងថា កន្លងមកក្រុមហ៊ុនបានព្យាយាមចរចាជាមួយក្រុមហ៊ុន Vingroup នៃប្រទេសវៀតណាម និងក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ផងដែរដើម្បីអាចលក់ចេញនូវអាជីវកម្មផ្នែកទូរស័ព្ទដៃរបស់ខ្លួននេះ ប៉ុន្តែការពិភាក្សានិងចរចាជាមួយក្រុមហ៊ុនទាំងនោះត្រូវបានបរាជ័យ។

សូមបញ្ជាក់ថា កន្លងមកក្រុមហ៊ុន​ LG Electronics បានព្យាយាមបង្វែរប្រតិបត្តិការរបស់ខ្លួនដោយបានតម្លើងរោងចក្រផលិតនៅក្នុងប្រទេសវៀតណាម និងពង្រីកការធ្វើលទ្ធកម្មទៅភាគីខាងក្រៅ ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ខ្លួនដែរ ហើយបានព្យាយាមចេញនូវម៉ូដែល និងគំនិតថ្មីៗជាច្រើនដើម្បីទាក់ទាញអតិថិជនទៅតាមចំណាប់អារម្មណ៍ទីផ្សារផ្សេងៗ ដែលគេចចេញពីទីផ្សារទូទៅដែលមានការប្រកួតប្រជែងខ្លាំងដែរ តែលទ្ធផលនៅតែមិនសមប្រកបរហូតនាំឱ្យមានការបិទបញ្ចប់អាជីវកម្មនេះតែម្តង។

យ៉ាងណាមិញ កន្លងមកដែរនោះ អ្នកវិភាគបានមើលឃើញថាក្រុមហ៊ុនមិនអាចបង្កើនទំហំទីផ្សាររបស់ខ្លួនបានដោយសារតែក្រុមហ៊ុននេះ ស្ថិតនៅពីក្រោយក្រុមហ៊ុនធំៗដូចជា Samsung និង Apple ជាដើម ខណៈដែលក្រុមហ៊ុនធំៗរបស់ប្រទេសចិន​ឯណោះវិញ ផ្តោតទីផ្សារចម្បងរបស់ខ្លួនដោយជោគជ័យផងដែរលើប្រភេទទីផ្សារកម្រិតទាប និងកម្រិតមធ្យមទៅហើយនោះ។ បើតាមទិន្នន័យក្នុងទីផ្សារឧស្សាហកម្មទូរស័ព្ទដៃ ក្រុមហ៊ុន LG ជាក្រុមហ៊ុនផលិតទូរស័ព្ទដៃធំជាងគេទី៩ លើពិភពលោក ដែលមានចំណែកទីផ្សារត្រឹមតែ ២% ប៉ុណ្ណោះកាលពីឆ្នាំទៅ ដោយបានលក់ចេញត្រឹមតែ ២៤.៧ លានគ្រឿងប៉ុណ្ណោះ គឺធ្លាក់ចុះរហូតដល់ទៅ១៣ % ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *