អត្រាបំណុលលក្ខណៈគ្រួសារធៀប GDP សឹងដល់១០០% ហើយនៅកូរ៉េខាងត្បូង ខ្ពស់ជាងប្រទេសអភិវឌ្ឍន៍ដទៃ បង្កការបារម្ភលើលទ្ធភាពសងបំណុល ក្នុងអំឡុងកូវីដ

កូរ៉េខាងត្បូង៖ បំណុលលក្ខណៈគ្រួសារ (household debt) នៃប្រជាជនកូរ៉េខាងត្បូងបានបន្តកើនឡើងយ៉ាងឆាប់រហ័សជាងបណ្តាប្រទេសសេដ្ឋកិច្ចរីកចម្រើនដទៃទៀត ដែលបើបំណុលគ្រួសារប្រៀបធៀបទៅនឹងទំហំផលិតផលសរុបក្នុងស្រុក (GDP) គឺមានទំហំដល់សឹងតែ១០០% ទៅហើយ នេះបើតាមទិន្នន័យដែលបានបង្ហាញនៅថ្ងៃចន្ទនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បំណុលលក្ខណៈគ្រួសារធៀបទៅនឹងទំហំផលិតផលសរុបក្នុងស្រុក គិតត្រឹមចុងខែមិថុនា កាលពីឆ្នាំ២០២០មានដល់ទៅ ៩៨.៦% ទៅហើយ នេះបើតាមស្ថិតិផ្សាយដោយវិទ្យាស្ថានហិរញ្ញវត្ថុសាធារណៈកូរ៉េ។ តួលេខនេះគឺខ្ពស់ជាងតួលេខជាមធ្យមរបស់សាកលដែលបំណុលគ្រួសារធៀបទៅនឹងផលិតផលក្នុងស្រុកសរុបមានត្រឹមតែ ៦៣.៧% និងនៅតែខ្ពស់ជាងធៀបទៅនឹងបណ្តាប្រទេសអភិវឌ្ឍខ្លាំង ដែលមានត្រឹមតែ ៧៥.៣%ប៉ុណ្ណោះ។

បើពិនិត្យតាមស្ថិតិដែលបានចេញដដែលនេះ គេសង្កេតឃើញផងដែរថាអត្រាកំណើននៃបំណុលគ្រួសាររបស់ប្រទេសកូរ៉េខាងជើងនេះ ក៏កើនឡើងរហ័សខ្លាំងជាងបណ្តាប្រទេសដទៃទៀតផងដែរ។ គិតត្រឹមពីឆ្នាំ២០០៨ ដល់ចុងខែមិថុនា កាលពីឆ្នាំ២០២០នេះ អត្រាកំណើននៃបំណុលគ្រួសាររបស់កូរ៉េខាងត្បូង កើនដល់ទៅ២៧.៦% ធៀបទៅនឹងកំណើនជាមធ្យមរបស់សាកលត្រឹមតែ ៣.៧% ខណៈដែលបណ្តាប្រទេសអភិវឌ្ឍខ្លាំងមានកំណើនថយចុះវិញដល់ទៅ ០.៩%។

បំណុលរយៈពេលខ្លីនៃបំណុលគ្រួសារសរុបរបស់កូរ៉េខាងត្បូងមានដល់ទៅ ២២.៨% គឺខ្ពស់ជាងខ្លាំងធៀបទៅនឹងបណ្តាប្រទេសអភិវឌ្ឍធំៗដូចជាបារាំងដែលមានអត្រាបំណុលរយៈពេលខ្លីនេះ ត្រឹមតែ២.៣% រី​ឯអាល្លឺម៉ង់មានត្រឹមតែ ៣.២% ចក្រភពអង់គ្លេសមានត្រឹមតែ ១១.៩% និងអេស្ប៉ាញមានត្រឹមតែ ៤.៥% តែនៅទាបជាងសហរដ្ឋអាម៉េរិកដែលមានអត្រាបំណុលរយៈពេលខ្លីនេះដល់ទៅ ៣១.៦%។

តាមរយៈការរកឃើញនេះ វិទ្យាស្ថានបានបង្ហាញក្តីបារម្ភថាការកើនឡើងលឿននៃអត្រាការប្រាក់កម្ចី អាចនឹងធ្វើឱ្យបន្ទុកសងបំណុលសម្រាប់ប្រជាជនកូរ៉េខាងត្បូងមានអម្រែកកាន់តែធ្ងន់ ជាពិសេសក្នុងស្ថានការណ៍កូវីដនេះ ដែលបញ្ហានេះបើដោះស្រាយមិនបាន អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងមូលផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្មអំពីកម្ចីធនាគារនៅក្នុងប្រទេសកូរ៉េ

Leave a Reply

Your email address will not be published. Required fields are marked *