ចែករំលែក! គណនីហ្វេសប៊ុកជាង ៥៣៣លាន ត្រូវបានចែកចាយដោយពួកអនាមិក! នាយកដ្ឋានជំនាញណែនាំគួរធ្វើរឿងមួយនេះ ដើម្បីការពារគណនីយើង

ព័ត៌មានរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ កំពុងត្រូវបានចែកចាយដោយពួកជនអនាមិក នេះបើតាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃនៅថ្ងៃអាទិត្យនេះ។

តាមការចែករំលែកនោះ បានឱ្យដឹងថា ក្រុមជនអនាមិកកំពុងតែចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ មកពី ១០៦ប្រទេស រាប់បញ្ចូលទាំងប្រទេសធំៗមានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា។

ព័ត៌មានដែលពួកគេកំពុងតែចែកចាយនោះមានដូចជា លេខទូរសព្ទ ឈ្មោះសម្គាល់របស់គណនី ឈ្មោះពេញរបស់អ្នកប្រើប្រាស់ ទីតាំង ថ្ងៃខែឆ្នាំកំណើត អុីមែល និងប្រវត្តិរបស់អ្នកប្រើប្រាស់។ ទិន្នន័យទាំងនោះត្រូវបានក្រុមជនខិលខូចទាញយកកាលពីឆ្នាំ២០១៩ ដោយសារតែដែលពេលនោះកម្មវិធីរបស់ហ្វេសប៊ុក មានភាពចន្លោះប្រហោងមួយចំនួនដែលអាចឱ្យពួកគេទាញយកទិន្នន័យបានយ៉ាងងាយស្រួល។

ទោះបីជាទិន្នន័យដែលបានទាញយកនោះ គឺជាទិន្នន័យចាស់តាំងពីឆ្នាំ២០១៩ ក្ដី ប៉ុន្តែទិន្នន័យទាំងនោះកំពុងតែត្រូវបានដាក់លក់ និងចែកចាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយជនខិលខូចអាចប្រើទិន្នន័យទាំងនោះដើម្បីព្យាយាមចូលទៅក្នុងគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ ឬក្លែងបន្លំធ្វើជាអ្នកប្រើប្រាស់ ដើម្បីចូលទៅគណនីផ្សេងៗទៀត។

ដូច្នេះនាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់គួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ ប្រសិនបើលោកអ្នកពុំដែលបានប្ដូរលេខសម្ងាត់តាំងពីដើមឆ្នាំ ២០២០ នោះមក។

ខ្លឹមសារពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Leave a Reply

Your email address will not be published. Required fields are marked *