កូរ៉េខាងត្បូង៖ ចំនួននៃការប្រើប្រាស់ប្រេងឥន្ធនៈក្នុងប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះកាលពីឆ្នាំ២០២០កន្លងទៅ ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ជាតួលេខធ្លាក់ចុះដំបូងបង្អស់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បើតាមទិន្នន័យផ្លូវការដែលបានប្រកាសចេញនៅថ្ងៃនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
បើតាមទិន្នន័យផ្តល់ដោយសហគ្រាសជាតិគ្រប់គ្រងប្រេងប្រចាំប្រទេសកូរ៉េខាងត្បូង (Korea National Oil Corp.) បានឱ្យដឹងថាក្នុងឆ្នាំ២០២០នេះ កូរ៉េខាងត្បូងបានប្រើប្រាស់ប្រេងឥន្ធនៈអស់ត្រឹមតែ៨៧៨លានបារ៉ែល គឺធ្លាក់ចុះដល់ទៅ៥.៨% ធៀបទៅនឹងឆ្នាំកន្លងទៅ។ តួលេខនេះក៏ជាតួលេខទាបជាងគេបង្អស់តាំងពីឆ្នាំ២០១៥មកផងដែរ ដែលកាលពីឆ្នាំ២០១៥ ចំនួនប្រេងឥន្ធនៈប្រើប្រាស់ក្នុងប្រទេសមានត្រឹម ៨៥៦លានបារ៉ែល ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយដូចគ្នា ចំនួននៃការប្រើប្រាស់ប្រេងឥន្ធនៈនេះក៏បានធ្លាក់ចុះលើកដំបូងមកនៅក្រោម ៩០០លានបារ៉ែលផងដែរ។
បើបំបែកតាមវិស័យគេសង្កេតឃើញថា ឥន្ធនៈសម្រាប់វិស័យអាកាសចរធ្លាក់ចុះដល់ទៅ ៤៤% ដែលមានត្រឹមតែ ២១.៨លានបារ៉ែល ក៏ដោយសារតែស្ថានការណ៍កូវីដពេញមួយឆ្នាំ២០២០ ដែលបាននាំឱ្យវិស័យអាកាសចរកូរ៉េខាងត្បូង ដូចទៅនឹងវិស័យអាកាសចរនៅគ្រប់ប្រទេសដទៃទៀតទាំងអស់ ត្រូវបានជាប់គាំងនោះ។
យ៉ាងណាមិញ គេក៏បានសង្កេតឃើញថាសម្រាប់ដើមឆ្នាំ២០២១នេះ តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈហាក់មានការកើនឡើងវិញផងដែរ ខណៈដែលដំណើរការនៃការចាក់វ៉ាក់សាំងបានចាប់ផ្តើមដែរនោះ។ បើតាមតួលេខ ក្នុងរយៈពេលមួយខែនៃខែកុម្ភៈនេះ ទំហំប្រេងឥន្ធនៈដែលបានប្រើប្រាស់មានដល់ ៧២លានបារ៉ែលហើយ។ ទំនោរនៃការកើនឡើងការប្រើប្រាស់ប្រេងឥន្ធនៈវិញនេះ កំពុងកើតមានទូទាំងពិភពលោកផងដែរ ដែលក្រុមហ៊ុនផលិតថាមពលធំៗក្នុងពិភពលោក រំពឹងថានឹងអាចរកបានចំណេញមកវិញកើនឡើងក្នុងឆ្នាំ២០២១នេះផងដែរ។