សល់តែមួយសប្តាហ៍ទៀត ដល់ពិធីបុណ្យចូលឆ្នាំខ្មែរហើយ! តោះមកស្គាល់ឱ្យជាក់អំពី អត្ថន័យនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង

អត្ថន័យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ទំនៀមពិធីចូលឆ្នាំប្រពៃណីខ្មែរយើង ប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ដែលមានដូចជា៖ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃវារៈវ័នបត និងថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក។

រីឯការកំណត់ខែថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ហើយ ទេព្ដាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្ដាឆ្នាំចាស់នោះ ដែលគេហៅថាវេលាចូលឆ្នាំនោះ គឺគេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសង្ក្រាន្ត។

តាំងពីសម័យបុរមបុរាណ ចាប់ពីសម័យក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួនចន្ទគតិ (lunar calendar) (វិធីដើរនៃព្រះចន្ទ) ទើបខ្មែរកំណត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ឯខែកក្តិកជាខែទី ១២។ សម័យក្រោយមក ប្រទេសខ្មែរប្ដូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួនសុរិយគតិ (solar calendar) (វិធីដើរនៃព្រះអាទិត្យ) វិញ។ ពេលនោះហើយដែលខ្មែរកំណត់ចូលឆ្នាំក្នុងខែចេត្រ (ខែទី ៥) ព្រោះក្នុងខែនេះព្រះអាទិត្យធ្វើដំណើរចេញពីមីនរាសី ចូលកាន់មេសរាសី ។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី ១៤ ក៏មានខ្លះដែរ ជាក់ស្តែងដូចជាឆ្នាំ២០២១នេះជាដើម។

មហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមសុរិយគតិ មានឈ្មោះថា “សាមញ្ញសង្ក្រាន្ត” (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត) ។ មហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមចន្ទគតិ ហៅថា “អាយន្តសង្ក្រាន្ត” (ពេលដែលព្រះអាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ) ។ នៅព្រះរាជាណាចក្រកម្ពុជា គេនៅប្រើចន្ទគតិដោយយោងទៅសុរិយគតិ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធបញ្ញត្តិច្រើន។

ក្នុងនោះដែរ គេសង្កេតឃើញថាយូរៗម្តង ពិធីចូលឆ្នាំខ្មែរអាចមានរយៈពេលដល់៤ថ្ងៃ ជាក់ស្តែងពិធីបុណ្យចូលឆ្នំាថ្មី ពុទ្ធសករាជ ២៥៦០ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ នេះបើគិតតាមដំណើរចន្ទគតិ គឺថ្ងៃមហាសង្រ្កាន ថ្ងៃវារៈវនប័ត ២ថ្ងៃ និងថ្ងៃឡើងស័ក ១ថ្ងៃ។ បើយោងតាមការស្រាវជ្រាវរបស់គណៈកម្មាការរៀបចំបុណ្យជាតិ និងអន្តរជាតិបានឲ្យដឹងថា ចំពោះពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលមានរយៈពេល៤ថ្ងៃនេះ កម្រមានណាស់ ព្រោះយូរឆ្នាំណាស់ទើបមានម្តង បើឲ្យរាប់ថាប៉ុន្មានឆ្នាំទើបមានម្តងនោះ គឺពិបាកកំណត់ណាស់ ព្រោះអាស្រ័យទៅលើដំណើរវិលជុំរបស់ព្រះចន្ទ អ្នកខ្លះមួយជីវិតបានជួបពីរដង អ្នកខ្លះបានជួបម្តង និងអ្នកខ្លះទៀតមិនដែលបានជួបប្រទះផង។

គួររំលឹកផងដែរថា ពិធីបុណ្យចូលឆ្នាំខ្មែរដែលមានរយៈពេល ៤ថ្ងៃនេះ ធ្លាប់កើតមានម្តងមកហើយ នៅក្នុងឆ្នាំ ១៩៧៩ ។

សូមបញ្ជាក់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងនឹងមកដល់នាពេលខាងមុខនេះ គឺមានរយៈពេល៣ថ្ងៃ ដែលនឹងចាប់ផ្តើមឆ្លងចូលឆ្នាំឆ្លូវនៅវេលាព្រហាម​ (យាមទី៧)​ នៃថ្ងៃពុធ​ ៣កេីត​ ខែពិសាខ​ ដែលត្រូវ​នឹងថ្ងៃទី១៤​ ខែមេសា​ គ្រិស្តសករាជ ២០២១ ដែលមានទេព្តាឆ្នាំថ្មី ព្រះនាមមណ្ឌាទេវី យាងលើពាហនៈសត្វគទ្រភ​ (សត្វលា)។

ខ្លឹមសារដកស្រង់ពី៖ ទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា

រូបភាពនៃទេព្តាឆ្នាំឆ្លូវ ព្រះនាមមណ្ឌាទេវី រចនាដោយ ផ្លង ឧត្តម (Udom Phlong Art)

 

រូបភាពនៃទេព្តាឆ្នាំឆ្លូវ ព្រះនាមមណ្ឌាទេវី រចនាដោយ ផ្លង ឧត្តម (Udom Phlong Art)

 

រូបភាពនៃទេព្តាឆ្នាំឆ្លូវ ព្រះនាមមណ្ឌាទេវី រចនាដោយ ផ្លង ឧត្តម (Udom Phlong Art)

Leave a Reply

Your email address will not be published. Required fields are marked *