ស្ថានទូត និងស្ថានបេសកកម្មបរទេសនៅកូរ៉េខាងជើង បិទទ្វារអស់ជាងពាក់កណ្តាល ក្នុងស្ថានការណ៍កូវីដ-១៩ បើតាមការបញ្ជាក់របស់ស្ថានទូតរុស្ស៊ីនៅទីនោះ

កូរ៉េខាងជើង៖ វិធានការរឹតត្បិតដ៏តឹងតែងខ្លាំង ប្រឆាំងនឹងការឆ្លងមេរោគកូរ៉ូណា រួមនឹងកង្វះខាតទំនិញចាំបាច់មួយចំនួនផងនោះ បាននាំឱ្យបណ្តាអង្គទូតបរទេស និងមន្ត្រីអង្គការមនុស្សធម៌អន្តរជាតិជាច្រើននៅក្នុងប្រទេសកូរ៉េខាងជើង បានបិទទ្វារ និងចាកចេញពីប្រទេសកុំម្មុយនីស្តនេះបណ្តោះអាសន្ន នេះបើតាមការប្រកាសក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បត្តិ៍ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

នៅក្នុងការបង្ហាះពីទំព័រហ្វេសប៊ុកនោះ ស្ថានទូតរុស្ស៊ីបានបញ្ជាក់ថាគិតមកដល់បច្ចុប្បន្នមានស្ថានទូតបរទេសដល់ទៅ១២ហើយ រួមមានទាំងចក្រភពអង់គ្លេស​ អាល្លឺម៉ង់ និងបារាំង បានបិទទ្វារស្ថានតំណាងរបស់ខ្លួនដោយសារតែបញ្ហាប្រឈមពាក់ព័ន្ធនឹងវិធានការរឹតត្បិតជំងឺកូវីដ ដែលអនុវត្តក្នុងប្រទេសកូរ៉េខាងជើងនេះ។ បច្ចុប្បន្ន នៅសល់តែអគ្គរាជទូត /អគ្គរដ្ឋទូតបរទេស ៩រូប និងតំណាងការទូត ៤រូប ដើរតួតំណាងឱ្យអគ្គរាជទូត /អគ្គរដ្ឋទូត ដែលបន្តបំពេញបេសកកម្មការទូតក្នុងប្រទេសនេះ។

តាមការបញ្ជាក់ កូរ៉េខាងជើងកន្លងមកមានតំណាងស្ថានទូត និងស្ថានបេសកកម្មបរទេសតាំងទីចំនួន២៥នៅក្នុងទីក្រុងព្យ៉ុងយ៉ាង។

ក្នុងនោះដែរ មន្ត្រីអង្គការមនុស្សធម៌អន្តរជាតិទាំងអស់បានចាកចេញពីប្រទេសនេះអស់ទៅហើយ ដែលឥឡូវនេះក្នុងទីក្រុងព្យ៉ុងយ៉ាងមានជនបរទេសនៅមិនដល់ ២៩០នាក់ផង។ ស្ថានទូតរុស្ស៊ីបានរៀបរាប់អំពីបញ្ហាប្រឈម ដែលបេសកកម្មការទូតបរទេសនៅរដ្ឋធានីកូរ៉េខាងជើងជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ ដូចជាកង្វះទំនិញប្រើប្រាស់ និងថ្នាំសង្កូវ ជាពិសេសក្នុងស្ថានការណ៍នៃជំងឺកូវីដនេះ ដែលនាំឱ្យប្រទេសនេះកាន់តែផ្តាច់ខ្លួនចេញពីពិភពលោកខាងក្រៅកាន់តែខ្លាំងទៀតនោះ។ យ៉ាងណាក៏ដោយ ស្ថានទូតរុស្ស៊ីបានបញ្ជាក់ថា បើទោះបីប្រឈមនឹងស្ថានការណ៍លំបាកខ្លាំងក៏ដោយ ស្ថានទូតរុស្ស៊ីនៅបន្តដំណើរការបេសកកម្មរបស់ខ្លួនជាប្រក្រតី។

ចាប់តាំងពីខែកុម្ភៈ ២០២០មក កូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួនយ៉ាងតឹងរ៉ឹង បារម្ភខ្លាចមេរោគកូរ៉ូណានេះនឹងក្លាយជាបន្ទុកដ៏ធ្ងន់សម្រាប់វិស័យសុខាភិបាលដ៏ខ្សត់ខ្សោយរបស់ខ្លួននោះ។

អាគារស្ថានទូតរុស្ស៊ីប្រចាំទីក្រុងព្យ៉ុងយ៉ាង

Leave a Reply

Your email address will not be published. Required fields are marked *